31 C
Phnom Penh

សហគមន៍​ថា​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ឱ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គឺ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ធ្វើការ​រិះគន់​ចំពោះ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់ គឺ​ធ្វើ​ឡើង​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ និង​តែងតែ​រារាំង​មិន​ឲ្យ​ពួកគេ​ចុះ​ល្បាត​ព្រៃ។

ប្រធាន​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ការ​អំពាវនាវ​របស់​លោក​អភិបាលរង​ខេត្ត​ព្រះវិហារ នេះ វា​គ្រាន់តែ​ជា​ការ​ប្រកាស​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ។ លោក​បន្ត​ថា សហគមន៍​របស់​លោក​តែងតែ​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទាំងនោះ​ជា​ញឹកញាប់ ហើយ​ថែម​ទាំង​រារាំង​សហគមន៍​របស់​ពួក​លោក​មិន​ឲ្យ​ចុះ​ល្បាត​ថែម​ទៀត​ផង។

លោក​បន្ត​ទៀត​ថា បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ការពារ​ព្រៃឡង់​ពិត​មែន​នោះ គួរតែ​អនុញ្ញាត​សហគមន៍ យុវជន​ឲ្យ​បាន​ចុះ​ល្បាត និង​សហការ​គ្នា​ជាមួយ​សហគមន៍​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនោះ។ តែ​ផ្ទុយទៅវិញ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទាំងនោះ មិន​អនុញ្ញាត ថែម​ទាំង​បើក​ភ្លើង​ខៀវ​ឲ្យ​ជនល្មើស​ចូល​កាប់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​អនាធិបតេយ្យ។

មន្ត្រី​ជាន់ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា អះអាង​ថា យុវជន​តែង​រង​នូវ​ការ​រារាំង​មិន​ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ និង​ចុះ​ល្បាត​នៅ​ក្នុង​តំបន់​ការពារ។ លោក​អះអាង​ថា អ្នក​មិន​អនុញ្ញាត ឬ​អនុញ្ញាត​ក៏​ជា​អាជ្ញាធរ ហើយ​អ្នក​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ ក៏​ជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល ហើយ​ថា​អាជ្ញាធរ​ទាំងនោះ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ។

ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយពី​លោក វ៉ាត ប៉ារ៉ានីន អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​គម្រោង​ឥណទាន​កាបូន​រួម​គ្នា​រេដបូក នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ទៅ​ជា​តំបន់​ការពារ​ធម្មជាតិ​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដូច្នេះ​ដើម្បី​ធានា​នូវ​ការ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​នេះ​មិន​ឱ្យ​មាន​ការ​កាប់​បំផ្លាញ គឺ​មាន​តែ​ការ​សហការ​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ដើម្បី​បញ្ឈប់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ។

លោក​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​សហការ​គ្នា​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ដៃគូ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់។

ចំណែក​សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​លើកឡើង​ថា អ្នក​ដែល​បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ គឺជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា បើ​ចង់​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតមាន​ឡើង​នៅ​ក្នុង​តំបន់​ការពារ​នេះ លុះត្រាតែ​បោស​សម្អាត​អំពើពុករលួយ​តាំងពី​ថ្នាក់​លើ​រហូត​មក​ដល់​ថ្នាក់​ក្រោម ព្រមទាំង​បិទ​រោងចក្រ​អារ​ឈើ និង​អាជីវកម្ម​ឈើ​នៅ​ទូទាំង​ប្រទេស បើ​មិន​ដូច្នោះ​ទេ កុំ​ថា​ឡើយ​ការ​អំពាវនាវ សូម្បីតែ​ស្រែក​ដល់​ដាច់​ខ្យល់​ស្លាប់​ទៀត​ក៏​មិន​អាច​ទប់ស្កាត់​បទល្មើស​បាន​ឡើយ។

លោក​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​តួនាទី មាន​អំណាច និង​ងារ​ជា​ឧកញ៉ា ជាដើម មិនមែន​ពលរដ្ឋ​តូចតាច​ដែល​គ្មាន​បុណ្យស័ក្ដិ​ទៅ​បំផ្លាញ​ព្រៃឈើ​បាន​នោះ​ទេ ហើយ​រឿង​ទាំងអស់​នេះ​មិនមែន​ទើប​តែ​កើតឡើង​នោះ​ដែរ។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដែល​មាន​ផ្ទៃដី​សរុប​ជាង ៤៣​ម៉ឺន​ហិកតារ ស្ថិត​ក្នុង​ខេត្ត​ចំនួន​៤ មាន​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង។

កាលពី​អំឡុង​ឆ្នាំ​២០២១ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Amnesty International) បាន​ចេញ​របាយការណ៍​ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ មាន​ដូចជា​ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម។

ទិន្នន័យ​មួយ​ដែល​បាន​បង្ហាញ​ពី​ផ្កាយរណប​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​និន្នាការ​ព្រៃឈើ (Forest Trends) កាលពី​ឆ្នាំ​២០២១ បាន​លាតត្រដាង​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ការ​កាប់​ឈើ​ដ៏​អាក្រក់​បំផុត​ក្នុង​ចំណោម​តំបន់​ការពារ​ផ្សេង​ទៀត ដោយ​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជិត ១​ម៉ឺន​ហិកតារ (៩១១៩​ហិកតារ) ក្នុង​ឆ្នាំ​២០២០ ដែល​កើនឡើង​ប្រមាណ​ជា ២១% បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស