28 C
Phnom Penh

គ.ជ.ប ប្រាប់​មន្ត្រី UN ថា​សមាសភាព​របស់​ខ្លួន​គឺ​រៀបចំ​ឡើង​ស្រប​តាម​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ​ថា សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប កន្លងមក និង​បច្ចុប្បន្ន ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​សីហា ថា សមាសភាព​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​យ៉ាង​ត្រឹមត្រូវ។

លោក​បន្ត​ថា ក្រៅពី​សមាសភាព គ.ជ.ប ទាំង ៩​រូប ក៏​មាន​ការ​ជ្រើសរើស​គណៈកម្មាធិការ​ការិយាល័យ​បោះឆ្នោត​ដែល​បាន​ធ្វើឡើង​ទៅ​តាម​ច្បាប់ និង​គោលការណ៍​យ៉ាង​ហ្មត់ចត់​ដែល​មាន​សមាសភាព​ជា​ពលរដ្ឋ មន្ត្រី​រាជការ​តាម​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​បញ្ជាក់​ថា បរិយាកាស​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ គឺ​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ ហើយ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំងអស់។

លោក ប្រាជ្ញ ចន្ទ បញ្ជាក់​ថា ចំណែក​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់ ១១០២ គឺ​បាន​កត់ត្រា​ទិន្នន័យ​ដូច​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​យ៉ាង​ត្រឹមត្រូវ។ ដោយឡែក​ភ្នាក់ងារ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចុះហត្ថលេខា ឬ​មិន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នេះ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ផ្ទុយ​ស្រឡះ​ពី​ការ​មើល​ឃើញ​ជាក់ស្តែង​របស់​មតិ​ជាតិ និង​អន្តរជាតិ ដែល​តែង​រិះគន់​កន្លងមក​ចំពោះ​សមាសភាព​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូចជា​សមាសភាព គ.ជ.ប ទាំង ៩​រូប​ដែល​មិន​កើត​ចេញពី​គណបក្ស​នយោបាយ ឬ​សមាសភាព​ដែល​គួរ​ឲ្យ​ជឿជាក់​ពី​គ្រប់​ភាគី គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ដែល​មាន​សមាសភាព​ចម្រុះ និង​បរិយាកាស​មុន​ពេល​បោះឆ្នោត ក្នុង​ពេល​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត ជាដើម។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា ជា​នីតិវិធី ពួកគេ​បាន​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត និង​រដ្ឋធម្មនុញ្ញ​ប្រាកដ​មែន មុន​នឹង​អ្នក​ទាំងនោះ​ចូល​ទៅ​ដឹកនាំ​ស្ថាប័ន គ.ជ.ប ព្រោះ​ថា​ពួកគេ​បាន​លាលែង​ពី​សមាជិក​បក្ស​កាន់​អំណាច​រួច​អស់​ហើយ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ពួកគេ​នៅតែ​ជួយ​ឃោសនា និង​ផ្តល់​ហិរញ្ញវត្ថុ​ឲ្យ​បក្ស​កាន់​អំណាច​ដូច​មុន​ដដែល។

លោក​បន្ត​ថា ទង្វើ​បែប​នេះ គឺជា​ទង្វើ​ក្បត់​នឹង​តួនាទី​របស់​ខ្លួន​ដែល​ត្រូវ​ឯករាជ្យ ហើយ​ក៏​ជា​ការ​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា ជំនួប​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​នេះ ពួកគេ​គ្រាន់តែ​ចង់​ដឹង​ថា តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ប្រើ​លេស​បែប​ណា​ទៀត​ក្នុង​ការ​ដោះសា​ចំពោះ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​ប្រជាធិបតេយ្យ​កន្លងមក។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​ចង់​ដឹង​ដែរ​ថា តើ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​មាន​បំណង​កែ​ខ្លួន​ដែរ​ឬ​ក៏​អត់​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​របាយការណ៍​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ពួកគេ​បាន​ប្រមូល​ទុក​ជា​ភស្តុតាង​រួច​អស់​ទៅ​ហើយ។

មាត្រា​១៥១​ថ្មី​ពីរ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

យ៉ាងណាក៏ដោយ សមាសភាព គ.ជ.ប ទាំង ៩​រូប​ជាក់ស្តែង​នៅ​ពេលនេះ គឺជា​សមាជិក​មកពី​បក្ស​កាន់​អំណាច​ទាំងអស់ បើ​ទោះបីជា​ពួកគេ​បាន​លាលែង​ពី​សមាជិក​គណបក្ស​កាន់​អំណាច​ហើយ​ក៏ដោយ ក៏​គេ​មើល​ឃើញ​ថា សមាសភាព​ទាំង ៩​រូប​ដែល​ត្រូវ​បាន​តែងតាំង​នេះ​មិនមែន​មក​ដឹកនាំ​ស្ថាប័ន គ.ជ.ប ឲ្យ​មាន​ឯករាជ្យ អព្យាក្រឹត និង​យុត្តិធម៌​នោះ​ទេ គឺ​ពួកគេ​មក​ការពារ និង​រក​ផល​ប្រយោជន៍​ឲ្យ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស