34 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ពិនិត្យ​កម្មវិធី Miss Grand ឡើង​វិញ​ក្រោយ​មាន​ការ​រិះគន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​ពិនិត្យ​មើល​កម្មវិធី​ប្រកួត Miss Grand Cambodia ឡើងវិញ​ក្រោយពី​មាន​ការ​រិះគន់​ខ្លាំង​ពី​មហាជន ករណី​បេក្ខនារី​ដែល​ចូលរួម​ប្រកួត​កម្មវិធី​នេះ​ស្លៀកពាក់​ស៊ិចស៊ី។

នៅ​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ ទី​៣១ សីហា នេះ បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​លិខិត​បដិសេធ​ភ្លាមៗ​ចំពោះ​សម្លៀកបំពាក់​ប្រពៃណី​បវរកញ្ញា​ប្រចាំ​ខេត្ត​នេះ ខណៈ​បវរកញ្ញា​ប្រចាំ​ក្រុង​បាវិត និង​ប៉ោយប៉ែត បែរ​ជា​តំណាង​ឲ្យ​ល្បែង​ស៊ីសង​ទៅវិញ។

លោក​បង្ហាញ​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​បាន​ធ្វើការ​លើ​បញ្ហា​នេះ​ភ្លាមៗ ហើយ​បណ្ដោយ​ឲ្យ​បវរកញ្ញា​ទាំងនោះ​ឡើង​ស្រែក​ខ្លាំង​លើ​វេទិកា​ក្នុង​សម្លៀកបំពាក់​បែប​ស៊ិចស៊ី​ជ្រុល​ហួសហេតុ​បែប​នេះ?

លោក ហ៊ុន សែន បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ឲ្យ​ពិនិត្យ​មើល​រឿង​នេះ​ឡើងវិញ មិនមែន​បណ្ដោយ​រហូត​ទាល់​មាន​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ពី​មហាជន ទើប​ធ្វើ​ការងារ​នោះ​ទេ។

ការ​បញ្ជា​របស់​លោក ហ៊ុន សែន នេះ ក្រោយពី​កម្មវិធី​ប្រកួត​បវរកញ្ញា​កម្ពុជា Miss Grand Cambodia បាន​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ខណៈ​បវរកញ្ញា​ប្រចាំ​ខេត្ត និង​ក្រុង​នីមួយៗ​ស្លៀកពាក់​ស៊ិចស៊ី​ស្ទើរតែ​អាក្រាត​កាយ ហើយ​ខ្លះ​ទៀត​យក​ល្បែង​បង្ហាញ​ជា​តំណាង​ក្រុង​នៃ​ខេត្ត​របស់​ខ្លួន​ទៅវិញ។

ក្រោយពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ភ្លាមៗ​អ្នកស្រី ភឿង សកុណា បាន​ប្រាប់​សារព័ត៌មាន​ស្និទ្ធ​រដ្ឋាភិបាល Fresh News ថា នៅ​ថ្ងៃ​ស្អែក (ថ្ងៃទី​១ ខែ​កញ្ញា) ក្រសួង​វប្បធម៌ និង​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ព័ត៌មាន នឹង​ជួប​ក្រុមហ៊ុន​មហាហង្ស ពាក់ព័ន្ធ​កម្មវិធី Miss Grand Cambodia ដែល​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន។

លោក ម៉ែន គង់ នាយករង​រដ្ឋបាល​សាលា​ខេត្ត និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋបាល​ខេត្ត​មិន​គាំទ្រ​កម្មវិធី Miss Grand Cambodia 2022 ចំពោះ​ការ​បង្ហាញ​ឈុត​តំណាង​ខេត្ត​ស្ទឹងត្រែង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខេត្ត​ខ្លួន។

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Miss Grand Cambodia បាន​ឆ្លើយតប​ទៅ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​វិញ ដោយ​ត្រឹមតែ​សរសេរ​សំណេរ​ខ្លី​មាន​ភ្ជាប់​រូប​សម្លៀកបំពាក់​ឈុត​តំណាង​ខេត្ត​ស្ទឹងត្រែង ជាមួយ​លិខិត​ឆ្លើយតប​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថា​តើ​ត្រូវ​សូម​ទោស​យ៉ាង​ម៉េច​ទៅ បើ​ឈុត​នេះ​មិន​មាន​អី​ខុស​ផង​នោះ?

លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​ការងារ​ជំនាញ​របស់​លោក​បាន​កោះហៅ​អ្នក​រៀបចំ​កម្មវិធី Miss Grand Cambodia ទៅ​ស្ដីបន្ទោស​រួច​រាល់​ហើយ​ចំពោះ​ការ​បង្ហាញ​ឈុត​ល្បែង​ស៊ីសង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស