មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បដិសេធការចោទប្រកាន់ថាព្រៃឈើនៅកម្ពុជាកំពុងបន្តរងនូវការកាប់បំផ្លាញ គឺជាចេតនាបង្កប់សារនយោបាយដែលលាបពណ៌ ដើម្បីបំផ្លាញមុខមាត់កម្ពុជារបស់ក្រុមអ្នកស្រឡាញ់ព្រៃឈើតែសម្បកក្រៅតែប៉ុណ្ណោះ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងដាំដើមឈើស្តារឡើងវិញនៅតាមតំបន់ដែលមានការរិចរិល។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ធនធានធម្មជាតិកម្ពុជាកន្លងមកថា អ្វីដែលពួកគេកំពុងតែនិយាយ គឺជាការលាបពណ៌មកលើកម្ពុជា ជាយុទ្ធនាការដើម្បីបំផ្លាញមុខមាត់កម្ពុជាប៉ុណ្ណោះ។
លោកថា កម្ពុជាបានដឹងហើយថា កម្ពុជាមានពីរ គឺកម្ពុជាពិតដែលពលរដ្ឋមើលឃើញជាក់ស្តែងសព្វថ្ងៃនេះ និងកម្ពុជានៅលើបបូរមាត់របស់ក្រុមជនបរទេសខ្លះ និងក្រុមខ្លះទៀតដែលមិនបានតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោក នេត្រ ភត្ត្រា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដាំដើមឈើស្ដារឡើងវិញនៅតាមតំបន់ដែលមានការរិចរិល ដែលនេះជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់កម្ពុជា ដើម្បីរក្សាព្រៃឈើ និងអភិរក្សជីវចម្រុះនានាសព្វថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ បានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិយ៉ាងខ្លាំង ដែលខុសស្រឡះពីក្រុមនិយមបរទេសមួយចំនួនដែលតែងតែដើរលាបពណ៌បង្កប់នូវសារនយោបាយក្នុងចេតនាបំផ្លាញកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ដោយមិនបានតម្កល់ផលប្រយោជន៍រួមសម្រាប់មាតុភូមិរបស់ខ្លួន។
នៅដើមខែកញ្ញា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានបញ្ចេញរបាយការណ៍របស់ខ្លួនថា ចាប់តាំងពីឆ្នាំ១៩៩៣ មក ផ្ទៃដីអភិរក្សរបស់កម្ពុជាមានត្រឹមតែ ៣សែន ២ម៉ឺនហិកតារប៉ុណ្ណោះ ប៉ុន្តែមកដល់ខែកញ្ញា ឆ្នាំ២០២២ នេះ ផ្ទៃអភិរក្សដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បានកើនឡើងដល់ ៧សែន ៣ម៉ឺនហិកតារឯណោះ។
របាយការណ៍ដដែលបញ្ជាក់ថា តំបន់ការពារ និងអភិរក្សធនធានធម្មជាតិក៏មានការកើនឡើងពី ២៣តំបន់រហូតដល់ ៧៦តំបន់ផងដែរ ដែលនេះគឺជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រដ្ឋាភិបាលកម្ពុជាលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិសព្វថ្ងៃនេះ។
ក្រសួងបរិស្ថាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានព្រៃឈើ ៤៦,៨៦ភាគរយដែលមានប្រមាណ ៨,៥លានហិកតារ ក្នុងនោះ ៤១ភាគរយដែលមានប្រមាណ ៣,៧លានហិកតារ គឺជាតំបន់ដែលត្រូវបានកំណត់ជាតំបន់អភិរក្ស រួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ និងតំបន់ឧទ្យានជាតិសមុទ្រ ជាដើម។
យ៉ាងណាក៏ដោយ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ព្រៃឈើកម្ពុជាកំពុងតែត្រូវរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងនោះគេរកឃើញថា ព្រៃឈើចំនួន ៦២៧១ហិកតារត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ គឺដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ៕