34 C
Phnom Penh

អាមេរិក​បន្ថែម​ជំនួយ​យោធា​ជាង​២៨០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​និង​ប្រទេស​១៨​នៅ​អឺរ៉ុប​ខាងកើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន ដោយ​បាន​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ប្រកាស​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​កញ្ចប់​ថ្មី​ដែល​មាន​សាច់ប្រាក់ ២៨០០​លាន​ដុល្លារ​ទៅ​អ៊ុយក្រែន និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដែល​ជួប​ផលវិបាក​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កញ្ញា។

លោក Blinken បាន​ប្រាប់​ថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ផ្តល់​ជំនួយ​យោធា​រយៈពេល​វែង​ទំហំ ២៨០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ព្រមទាំង​ប្រទេស ១៨​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​អង្គការ​ណាតូ (NATO) និង​ដៃគូ​សន្តិសុខ​ក្នុង​តំបន់​ដែល​ជួប​ផលវិបាក​ពី​ការ​រំលោភ​បំពាន​ដោយ​ប្រទេស​រុស្ស៊ី។

ប្រទេស​ចំនួន ១៨​ដែល​ត្រូវ​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក មាន​សាច់ប្រាក់ ១៦០០​លាន​ដុល្លារ​រួម​មាន​ប្រទេស៖

  • Albania
  • Bosnia
  • Bulgaria
  • Croatia
  • the Czech Republic
  • Estonia
  • Georgia
  • Greece
  • Kosovo
  • Latvia
  • Lithuania
  • Moldova
  • Montenegro
  • North Macedonia
  • Poland
  • Romania
  • Slovakia និង Slovenia។

លោក​ប្រមុខ​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ពី​ដំណឹង​នេះ​អំឡុង​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អ៊ុយក្រែន និង​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី នៅ​ទីក្រុង​គៀវ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ពុំ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ក៏​បាន​ប្រកាស​ផង​ដែរ​អំពី​ការ​ផ្តល់​សព្វាវុធ​បន្ថែម​គិត​ជា​ទឹកប្រាក់​ស្មើ​នឹង ៦៧៥​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្នុង​សន្និសីទ​មួយ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ជំនួប​ជាមួយ​មេបញ្ជាការ​នៃ​កងទ័ព​ណាតូ កញ្ចប់​ជំនួយ​សព្វាវុធ​នោះ​រួម​មាន​កាំភ្លើង​ធំ M777 គ្រាប់កាំភ្លើង​ធំ រថយន្ត​យោធា រថពាសដែក និង​ប្រព័ន្ធ​ប្រឆាំង​រថក្រោះ ព្រមទាំង​បរិក្ខារ​ផ្សេងៗ​ទៀត។ តែ​បើ​យោង​តាម​ប្រភព​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម​ទំហំ ៦៧៥​លាន​ដុល្លារ​ដែល​ប្រកាស​ដោយ​លោក Lloyd Austin គឺ​ដាច់ដោយឡែក​ពី​កញ្ចប់​ជំនួយ​ទំហំ ២៨០០​លាន​ដុល្លារ​ដែល​ប្រកាស​ដោយ​លោក Blinken។

សម្រាប់​ទីក្រុង​គៀវ ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​កើន​ដល់ ១៥២០០​លាន​ដុល្លារ។ ទំហំ​ជំនួយ​នេះ​គិត​តាំងពី​លោក បៃដិន ឡើង​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ការ​បូក​បញ្ចូល​ជំនួយ​ជាបន្ទាន់​សម្រាប់​អ៊ុយក្រែន ដែល​ធ្លាក់​នៅ​ក្រោម​ការ​ឈ្លានពាន​ពី​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស