28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​ការ​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​គឺ​ដើម្បី​សងគុណ​បក្ស​ដែល​បាន​ជួយ​ជីវិត​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​បុរស​ខាំ្លង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត អះអាង​ថា​បុព្វហេតុ​នៃ​ការ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ធ្វើ​ការងារ​បម្រើ និង​តបស្នង​សងគុណ​ដល់​គណបក្ស​ដែល​បាន​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​កន្លងមក។

ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រចាំការ​នៅ​តាម​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​កូរ៉េ ជប៉ុន ម៉ាឡេស៊ី និង​ថៃ ជាដើម កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​នៅតែ​បន្ត​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខៗ គណបក្ស​នឹង​បន្ត​ផ្តល់​នូវ​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ​នេះ​ប្រកប​ដោយ​និរន្តរភាព​ទៅ​មុខ​ទៀត ហើយ​ប្រទេស​ជាតិ​ក៏​នឹង​កាន់តែ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ផង​ដែរ។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា លោក​ពិត​ជា​មាន​មោទកភាព​ចំពោះ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​បណ្តា​ក្រៅ​ប្រទេស​ដែល​បាន​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​គោលការណ៍​ណែនាំ និង​ផែនការ​របស់​យុវជន​គណបក្ស​ថ្នាក់​កណ្តាល ដោយ​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​លើ​ការងារ​សហការ​ជំរុញ​ការ​កសាង​ពង្រីក​រចនាសម្ព័ន្ធ​គណបក្ស និង​ការ​ថែទាំ​សមាជិក​គណបក្ស​កន្លង​មក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដោយសារ​ការ​ខិតខំ​កន្លងមក បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​មូលដ្ឋាន​រឹងមាំ និង​ទទួល​បាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​បណ្តា​ប្រទេស​ទាំងនោះ ដែល​បង្ហាញ​អំពី​កម្លាំង​មហា​សាមគ្គី​របស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ក្រោម​ស្មារតី​ខ្មែរ​តែ​មួយ​ជួយ​គ្នា​ទៅវិញ​ទៅមក។

ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​នៃ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីប​អាស៊ី​ខាងកើត និង​អាគ្នេយ៍ នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា វា​ជា​កំហុស​ដែល​បាន​កើតឡើង​ដដែលៗ​អស់​រយៈពេល​ជិត ៤០​ឆ្នាំ​កន្លង​ទៅ​នេះ​ចំពោះ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​ឫសគល់​ចេញ​ពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​របស់ ហូ ជីមិញ ដែល​គេ​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ ព្រោះ​ថា​ទ្រឹស្ដី​កុម្មុយនីស្ត​គឺ​តែងតែ​បណ្ដុះ​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ដឹងគុណ​បក្ស ជាជាង​គិត​ពី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។

លោក ហ៊ុន កុសល លើកឡើង​ថា សូម្បីតែ​ស្តូប​ដឹងគុណ​វៀតណាម​នៅ​ទូទាំង​ប្រទេស​ក៏​បក្ស​កាន់​អំណាច​ហ៊ាន​សាងសង់​ដែរ ប៉ុន្តែ​នយោបាយ​ចាស់​កំរិល​នេះ​មិន​អាច​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប្រសិនបើ​បក្ស​នេះ​បន្ត​ដឹកនាំ​បែប​គាប​សង្កត់​ពលរដ្ឋ​ឲ្យ​ដឹងគុណ​ខ្លួន​ដោយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ចាក់ស្រេះ​ប្រកប​ដោយ​យុត្តិធម៌​ជូន​ជាតិ និង​ពលរដ្ឋ​ទេ​នោះ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា តាម​ការ​សង្កេត​របស់​លោក​កន្លងមក លោក​មិនទាន់​ឃើញ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ទស្សនៈ​នយោបាយ​ណា​មួយ​ដែល​មាន​ភាព​ស៊ីវិល័យ និង​ជឿនលឿន​ដូច​ការ​សិក្សា​របស់​គាត់​នៅឡើយ​ទេ ក្រៅតែ​ពី​ដើរ​តាម​បន្ទាត់​នយោបាយ​បែប​ចាស់​កំរិល។ លោក​បន្ត​ថា ក្រៅពី​ធ្វើ​សកម្មភាព​ពង្រីក​សាខា​បក្ស​របស់​ខ្លួន​តាមរយៈ​នៃ​ការ​រៀបចំ​ជ្រើសរើស​សមាជិក​ដែល​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី ជាដើម បក្ស​កាន់​អំណាច​ក៏​បាន​រៀបចំ​បណ្ដាញ​រចនាសម្ព័ន្ធ​បក្ស​របស់​ពួកគេ​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​សហគមន៍​អឺរ៉ុប​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រៀបចំ​បណ្ដាញ​សាខា​បក្ស​តាម​បណ្តា​ប្រទេស​នានា​បែប​នេះ គឺ​ដើម្បី​ទប់ទល់​នឹង​ក្រុម​ជំទាស់​ផង ដើម្បី​ទទួល​ស្វាគមន៍​ខ្លួន​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង និង​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត​ផង ដែល​សុទ្ធសឹងតែ​ជា​សេណារីយ៉ូ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បក្ស​កាន់​អំណាច​ទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស