39.4 C
Phnom Penh

កូដករ​ណាហ្គា​ខកចិត្ត​ចំពោះ​ក្រសួង​កិច្ចការ​នារី​ដែល​មិន​អើពើ​រឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​និង​បៀតបៀន​លើ​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ណាហ្គា​វើលដ៍​ជា​ស្ត្រី​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ក្រសួង​កិច្ចការ​នារី ដែល​បណ្ដោយ​ឲ្យ​ក្រុម​សមត្ថកិច្ច​ប្រើប្រាស់​អំពើ​ហិង្សា និង​បៀតបៀន​លើ​ពួកគេ​ជា​បន្តបន្ទាប់​នៅ​ពេល​ពួកគេ​ចេញ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ។

កាលពី​ថ្ងៃទី​១១ កញ្ញា តំណាង​សហជីព និង​កូដករ​ណាហ្គា​វើលដ៍​ជាង ១៥០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ រួច​ហើយ​ក៏​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ពី​ក្រសួង​ការងារ​ឆ្ពោះ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​បំណង​ដាក់​ញត្តិ​បន្ត​ទៀត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

អំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ក្រសួង​ការងារ​ឆ្ពោះ​ទៅកាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន បាន​រារាំង រុញច្រាន បៀតបៀន និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​កូដករ។

ក្រុម​កូដករ​ដៃ​កាន់​បដា បាន​លើកឡើង​ក្នុង​អំឡុង​ពេល​កងកម្លាំង​ចម្រុះ​ចុះ​រារាំង​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ​ដែល​សមត្ថកិច្ច​បាន​បៀតបៀន និង​ប្រើ​អំពើ​ហិង្សា ព្រមទាំង​ប្រមាថ​ពួកគេ​ជា​ស្ត្រី។ ពួកគេ​លើកឡើង​ថា អាជ្ញាធរ​មិន​បាន​បំពេញ​តួនាទី និង​កាតព្វកិច្ច​ការពារ​ប្រជារាស្ត្រ​ហើយ ថែមទាំង​ចេញ​មុខ​ការពារ​ថៅកែ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​ច្បាប់​ការងារ​ទៀត។

ការ​លើកឡើង​របស់​ក្រុម​កូដករ​នា​ពេលនេះ បន្ទាប់ពី​ស្ត្រី​ជា​កូដករ​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ជិត​ភ្នែក និង​បាន​ទាញ​អាវ ខណៈ​អ្នក​ផ្សេង​បាន​រង​របួស​ស្រាល ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច និង​កង​សន្តិសុខ​ខណ្ឌ​ទួលគោក​រាប់​សិប​នាក់​នៅ​ចំណុច​ស្ពាន​អាកាស​ស្តុប​តិចណូ។

ពួកគេ​បង្ហាញ​ការ​ខកចិត្ត​ដែល​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី មិន​ព្រម​ចេញ​អន្តរាគមន៍​ចាត់​វិធានការ​ច្បាប់​លើ​កងកម្លាំង​សមត្ថកិច្ច និង​ក្រុម​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រើ​អំពើ​ហិង្សា និង​បៀតបៀន​លើ​ពួកគេ ទោះបីជា​មាន​វីដេអូ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់​ក្ដី។ ពួកគេ​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​ពួកគេ​បង្ហាញ​ជំនឿ​ថា វិវាទ​ការងារ​នឹង​មាន​ដំណោះស្រាយ​បាន បើ​លោក ហ៊ុន សែន ចេញ​អន្តរាគមន៍​នោះ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា ចាប់តាំងពី​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចេញ​ធ្វើ​កូដកម្ម​រយៈពេល​ជិត ៩​ខែ​កន្លងមក​នេះ សមត្ថកិច្ច​និង​សន្តិសុខ​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ពួកគេ​ជា​ហូរហែ ដោយ​អ្នក​ខ្លះ​រង​របួស​ធ្ងន់ ស្រាល សន្លប់ និង​ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ជាដើម ខណៈ​ជន​បង្ក​មិនទាន់​ឃើញ​មាន​វិធានការ​ច្បាប់​នៅឡើយ។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជន​បង្ក​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ដើម្បី​លុបបំបាត់​ការ​រំលោភ​សិទ្ធិមនុស្ស និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​កើតឡើង​ជាង ១​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។

ទោះបីជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ ក្ដី ប៉ុន្តែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ល្បែង​ស៊ីសង​ប្រចាំ​ទីក្រុង​ភ្នំពេញ​មួយ​នេះ​ទទួល​បាន​ប្រាក់ចំណេញ​កើនឡើង​ជិត​ដល់ ៣២១,២​លាន​ដុល្លារ​ក្នុង​រយៈពេល ៣​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៩ ដែល​បាន​កើនឡើង ៣២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨។ ចំណែក​នៅ​ដើម​ឆ្នាំ​២០២១ កន្លងទៅ ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​ជាង ១២០​លាន​ដុល្លារ។

ក្រោយពី​បញ្ឈប់​តំណាង និង​សមាជិក​សហជីព ក្រុម​បុគ្គលិក​បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជិត ៩​ខែ​មក​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ល្បែង​ទទួល​យក​សហជីព​ចូល​ធ្វើ​ការងារ និង​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​សហជីព​ទាំងអស់​ផង​ដែរ។

ក្រុម​កូដករ​អះអាង​ថា ការ​បញ្ឈប់​នោះ​ដោយ​ថៅកែ​មាន​ចេតនា​រំលាយ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ឱ្យ​អស់​ពី​ក្រុមហ៊ុន​មួយ​នេះ​តែម្តង បើ​ទោះបីជា​ច្បាប់​តម្រូវ​ឱ្យ​មាន​សហជីព​ក្នុង​ក្រុមហ៊ុន​យ៉ាង​ណា​ក្តី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស