33 C
Phnom Penh

លោក ហ៊ុន សែន ថា​នៅតែ​មាន​សិទ្ធិ​គ្រប់គ្រង​គណៈរដ្ឋមន្ត្រី​បន្ទាប់ពី​លោក​លែង​ជា​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​ដែល​ក្រាញ​អំណាច​ជាង ៤​ទសវត្សរ៍ លោក ហ៊ុន សែន ប្ដេជ្ញា​ថា​បើ​ទោះបីជា​លោក​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​លោក​អាច​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​បាន​ដូច​ធម្មតា​ដដែល ដោយ​លោក​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​បាន​គ្រប់​ពេលវេលា។

មេដឹកនាំ​បែប​ជើងកាង​ចិត្ត​ឆៅ​រូប​នេះ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ទាំងនោះ​អនុវត្ត​ខុស​ពី​គោល​ជំហរ​គណបក្ស នោះ​លោក​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ព្រោះ​ថា​នៅ​កម្ពុជា គឺ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ។

លោក ហ៊ុន សែន អះអាង​ថា ក្នុង​អំឡុង​ពេល​លោក​កំពុង​នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ លោក​ក៏​មិន​ធ្វេសប្រហែស​ឱ្យ​នរណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​លោក​បាន​ឡើយ ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​មាន​តួនាទី​ការពារ​នាយករដ្ឋមន្ត្រី​ដាច់ខាត។ ក្នុង​ន័យ​នេះ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ​មិន​ត្រូវ​បាន​បញ្ជា​ដោយ​អ្នក​ណា​ផ្សេង​ក្រៅពី​រូបលោក​ឡើយ។

លោក ហ៊ុន សែន អួត​ថា ចំណុច​ខ្លាំង​របស់​លោក​គ្មាន​នរណា​ម្នាក់​អាច​ស្មាន​ត្រូវ​ឡើយ ក្នុង​នោះ​ដៃគូ​នយោបាយ​ដែល​ប្រជែង​នឹង​លោក​ក៏​ស្មាន​មិន​ត្រូវ ហើយ​សូម្បី​អ្នក​ដែល​ធ្វើការ​ជាមួយ​នឹង​លោក ក៏​មិន​ដែល​ដឹង​ពី​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​លោក​នោះ​ដែរ ដូច្នេះ​ហើយ​ទើប​លោក​ទទួល​ជ័យជម្នះ​រហូត​មក។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​បន្ត​ទៅ​វង្ស​ត្រកូល​របស់​ខ្លួន​នៅ​ពេលនេះ ដែល​ធ្វើ​ឱ្យ​ផ្ទៃក្នុង​បក្ស​មិន​ពេញចិត្ត​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​នោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​គណបក្ស​ក្រោយ​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ បង្ហាញ​ថា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​នរណា​ម្នាក់​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ​ទេ។

លោក គឹម សុខ អះអាង​ថា ប្រសិនបើ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នា​ពេល​កន្លងមក​មែន នោះ​វា​គ្មាន​មូលហេតុ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យខ្លាច​រហូត​លើក​កូន​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ហើយ​ខ្លួន​លោក​នៅតែ​បន្ត​ធ្វើជា​ប្រធាន​បក្ស​ចាំ​ឃ្លាំមើល និង​ចាំ​ជួយ​ពីក្រោយ​បែប​នេះ​នោះ​ទេ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា មាន​លក្ខខណ្ឌ​ពីរ​ដែល​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​កំពុង​បែកបាក់ គឺ​ទី​១ អង្គភាព​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​ក្រុម​ផ្សេង​នៃ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​ទាមទារ​ឲ្យ​កាត់បន្ថយ​យ៉ាង​ច្រើន​នៅ​ត្រឹម ២០០​នាក់ ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា​ជា​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​អំណាច និង​ធ្វើ​ឃាត​គាត់​ទៅវិញ។

លោក គឹម សុខ អះអាង​ថា ការ​និយាយ​បែប​នេះ គឺជា​ការ​ទម្លាយ​អំពី​ការពិត​ចេញ​មក​ក្រៅ​ថា អំណាច​របស់​លោក ហ៊ុន សែន ដែល​នឹង​បន្ត​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត គ្មាន​ការ​គាំទ្រ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ គឺ​មាន​ត្រឹមតែ​កងកម្លាំង​អង្គរក្ស​របស់​គាត់​តែប៉ុណ្ណោះ។

ចំណែក​ទី​២ ក្រុម​ផ្សេង​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ដែល​កំពុងតែ​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​កាត់បន្ថយ​អំណាច​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​លើ​កង​ប្រដាប់​អាវុធ​ដែរ​នោះ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន បង្ហាញ​ការ​ខឹងសម្បា​ជា​ចំហ​ទៅ​ក្រុម​នោះ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​ប្លន់​អំណាច​ពី​អ្នកដទៃ​សម្រាប់​ខ្លួនឯង​ទេ ប៉ុន្តែ​នៅ​បន្ត​ប្លន់​អំណាច​ដើម្បី​ឱ្យ​កូន​ខ្លួនឯង​ថែម​ទៀត ដែល​បង្ហាញ​ថា ផ្ទៃក្នុង​បក្ស​កាន់​អំណាច គឺ​កំពុងតែ​រង​នូវ​ភាព​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ ដូច្នេះ​សង្គ្រាម​ដណ្ដើម​សិទ្ធិ​បញ្ជា​កងទ័ព​ក្នុង​ផ្ទៃក្នុង​បក្ស​កាន់​អំណាច រួម​ទាំង​ការ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី​ផង បាន​ក្លាយ​ទៅ​ជា​បញ្ហា​ដ៏​ក្ដៅ​គគុក​មួយ​ក្នុង​ករណី​លោក ហ៊ុន សែន មិន​ព្រម​ប្ដូរ​ជំហរ​ដក​បេក្ខភាព​លោក ហ៊ុន ម៉ាណែត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស