សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្អូញត្អែរថា សិទ្ធិសេរីភាពក្នុងការដើរហើររបស់មេដឹកនាំបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រឹតត្បិតឱ្យរួមតូចចង្អៀតប្រៀបបាននឹងគូថម្ជុល ដោយសារមានមនុស្សបន្លំខ្លួនលួចថតពីសកម្មភាពរបស់លោកគ្រប់ទីកន្លែង។
សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង លោក ចាន់ ចេន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នេះថា ប្រសិនបើកម្ពុជាពិតជាមានសុខសន្តិភាពប្រាកដមែន ហេតុអ្វីបានជារាល់ការចូលរួមក្នុងពិធីបុណ្យ ជាពិសេសការចូលរួមកាន់ពិធីបុណ្យកាន់បិណ្ឌរបស់លោក កឹម សុខា នៅពេលនេះមានមនុស្សបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានស៊ីវិល លួចថតសកម្មភាពរបស់លោកគ្រប់ទីកន្លែងបែបនេះ។
លោក ចាន់ ចេន លើកជាសំណួរថា តើឯណាទៅសិទ្ធិឯកជនដែលបានធានាដោយច្បាប់? ហើយឯណាទៅសិទ្ធិដើរហើរដោយគ្មានការព្រួយបារម្ភ?
លោកបន្តថា សូម្បីការធ្វើដំណើរដែលតុលាការបានអនុញ្ញាតឱ្យដើរហើរក្នុងប្រទេស ការស្នាក់នៅ និងការសម្រាកទទួលទានអាហារនៅតាមទីសាធារណៈ ក៏ស្ថិតក្រោមការតាមដានរបស់មនុស្សមួយក្រុមដែលបន្លំខ្លួនស្លៀកពាក់ជាជនស៊ីវិល តាមថតសកម្មភាពរបស់លោក កឹម សុខា នៅគ្រប់ទីកន្លែងទាំងអស់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោកនៅតែមានភាពស្អាតស្អំ ព្រោះតុលាការកម្ពុជាមិនទាន់កាត់ទោសលោកពីបទល្មើសណាមួយនៅឡើយទេ។
ទោះជាបែបនេះក្តី លោក កឹម សុខា នៅតែត្រូវរងការធ្វើទុក្ខបុកម្នេញតាមរយៈការដាក់កម្លាំងឱ្យតាមដានពីសកម្មភាពរបស់លោកគ្រប់ទិសទី។
កាលពីថ្ងៃទី២៩ ខែមិថុនា តុលាការធ្លាប់បានស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឱ្យឃុំខ្លួនលោក កឹម សុខា ឡើងវិញម្តងរួចមកហើយ ក្រោមហេតុផលថា លោកបានបំពានបម្រាមរបស់តុលាការ ដោយការទៅចូលរួមកម្មវិធីសាសនា និងកម្មវិធីប្រពៃណីផ្សេងៗដែលត្រូវបានចាត់ទុកថាជាសកម្មភាពនយោបាយ។
បែបនេះក្តី ក្រុមអ្នកច្បាប់នៅកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ក្នុងបម្រាមរបស់តុលាការហាមឃាត់លោក កឹម សុខា មានតែ ៣ចំណុចប៉ុណ្ណោះ គឺហាមចាកចេញពីប្រទេសកម្ពុជា ត្រូវរង់ចាំការកោះហៅរបស់តុលាការ និងហាមមិនឱ្យនិយាយ ឬធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងនយោបាយ ប៉ុន្តែតុលាការមិនបានបញ្ជាក់ទេថា តើសកម្មភាពដូចម្តេចខ្លះដែលហៅថាសកម្មភាពនយោបាយ និងសកម្មភាពណាខ្លះដែលមិនពាក់ព័ន្ធនឹងនយោបាយនោះ។
ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យកាន់បិណ្ឌទី១ មក ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចូលរួមកម្មវិធីកាន់បិណ្ឌជាមួយពលរដ្ឋខ្មែរតាមវត្តអារាមនានា ប៉ុន្តែរាល់សកម្មភាពចូលរួមកម្មវិធីបុណ្យប្រពៃណីជាតិនេះ ត្រូវបានគេឃ្លាំមើល និងលួចថតសកម្មភាពរបស់លោកគ្រប់ទីកន្លែងទាំងអស់ ដែលបង្ហាញពីការរឹតត្បិតសេរីភាពរបស់លោកកាន់តែខ្លាំងលើសពីបម្រាមតុលាការដែលលោកកំពុងតែអនុវត្តសព្វថ្ងៃនេះ។
លោក កឹម សុខា ធ្លាប់សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីលោកបានចូលរួមកាន់បិណ្ឌជាបន្តបន្ទាប់ថា ការធ្វើបុណ្យ ធ្វើទាន ដែលកើតឡើងដោយសទ្ធាជ្រះថ្លា ចេតនាពិត គឺជាសីលធម៌របស់មនុស្ស ទោះបីមិនមានទ្រព្យធនច្រើន មិនមានអំណាច មិនមានសិទ្ធិពេញលេញ ឬទោះបីមានអ្នកដទៃបំភ្លៃបំផ្លើសចំពោះចេតនាសុចរិតរបស់លោកក៏ដោយ ឲ្យតែមានឱកាស មានលទ្ធភាពដែលអាចធ្វើបុណ្យ ធ្វើទាន សន្សំកុសលបាន គឺលោកត្រូវតែធ្វើ៕