26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ វិធានការ​លោក ហ៊ុន សែន បង្ក្រាប​ល្បែងស៊ីសង​គឺ​ទប់ស្កាត់​កម្លាំង​ចុះ​បង្ក្រាប​របស់​លោក ស ខេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ការ​ចេញ​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន គឺ​ដើម្បី​ទប់ស្កាត់​កម្លាំង​ចុះ​បង្ក្រាប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​នឹង​អនុវត្ត​ច្បាប់​លើ​ម្ចាស់​ល្បែងស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា ដែល​ជា​បក្ខពួក​គ្រួសារ​ត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៩ កញ្ញា នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ល្បែងស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា សុទ្ធសឹងតែ​ជា​បក្ខពួក និង​ជា​សាច់ញាតិ​របស់​គ្រួសារ «ហ៊ុន» ទាំងអស់ ក្នុង​នោះ​ដូចជា ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ សមាជិក​ព្រឹទ្ធសភា​កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ និង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​មួយ​រូប​ទៀត គឺ​ឧកញ៉ា កុក អាន ជាដើម។

លោក គឹម សុខ លើកឡើង​ថា ឧកញ៉ា កុក អាន ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ពី​លោក ហ៊ុន សែន កាន់កាប់​បនល្បែង​កាស៊ីណូ ដូចជា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង តំបន់​ច្រកព្រំដែន​ជ្រៃធំ ខេត្ត​កណ្តាល និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ចំណែក​ឧកញ៉ា លី យ៉ុងផាត់ គ្រប់គ្រង​បនល្បែង​កាស៊ីណូ​នៅ​ខេត្ត​កោះកុង ខណៈ​ឧកញ៉ា ហ៊ុន តូ គ្រប់គ្រង​បនល្បែង​នៅ​ខេត្ត​ព្រះសីហនុ និង​គ្រប់គ្រង​ល្បែងស៊ីសង​ខុស​ច្បាប់​ជាច្រើន​ផ្សេង​ទៀត ដូចជា​ល្បែង​ចាក់​កន្ទុយលេខ ល្បែង​ប្រជល់​មាន់​តាម​អនឡាញ និង​ប្រតិបត្តិការ​ធនាគារ​ងងឹត ជាដើម។

លោក​បន្ថែម​ថា ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ គឺ​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល «ហ៊ុន» ដោយ​ផ្ទាល់ ដូច្នេះ​ការ​ចេញ​បទបញ្ជា​បង្ក្រាប​វង់ល្បែង​ស៊ីសង​ខុស​ច្បាប់​នេះ គ្រាន់តែ​ជា​ការ​បំភ័ន្ត​ភ្នែក​មហាជន​ប៉ុណ្ណោះ ព្រោះ​ថា​បទបញ្ជា​នេះ គឺ​អាច​ការពារ​បក្ខពួក​របស់​ខ្លួន​ដែល​នៅ​ពីក្រោយ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ​ផង និង​ដើម្បី​ទប់ស្កាត់​កម្លាំង​របស់​លោក ស ខេង កុំ​ឱ្យ​ចេញ​មុខ​ចេញ​មាត់​ក្នុង​ការ​ទទួល​ស្នាដៃ​ចំពោះ​ការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​ផង។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​រៀបចំ​មនុស្ស​ឱ្យ​ការពារ​អំពើ​ឧក្រិដ្ឋកម្ម ដូចជា​ល្បែងស៊ីសង​ខុស​ច្បាប់ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស​រួច​អស់​ហើយ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​ផែនការ​ប្រឆាំង​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​លោក ស ខេង មិន​អាច​អនុវត្ត​ផែនការ​បោស​សម្អាត​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនោះ​បាន​ឡើយ។

កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងអស់ ខណៈ​សកម្មភាព​បើក​ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ នឹង​ត្រូវ​បិទ​ចោល​ដោយ​គ្មាន​ករណី​លើកលែង។

ការ​ចេញ​បទបញ្ជា​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ស្នើ​ទៅ​កាន់​បុរស​ខ្លាំង លោក ហ៊ុន សែន ឱ្យ​តែងតាំង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ លោក ហ៊ុន សែន បាន​យល់ព្រម​ចេញ​សេចក្តី​សម្រេច​តាម​សំណើ​របស់​លោក ស ខេង នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា កន្លងទៅ ប៉ុន្តែ​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ប្រកាស​បដិសេធ​ការ​ស្នើសុំ​របស់​លោក ស ខេង វិញ ក្រោម​ហេតុផល​ថា ការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នេះ គឺជា​កិច្ចការ​របស់​មន្ត្រី​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល ២​ថ្ងៃ​ក្រោយ​ទទួល​បាន​បទបញ្ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​ទីតាំង​បនល្បែង​ខុស​ច្បាប់ ៣៦​កន្លែង រួម​មាន​កន្លែង​ចាក់​ឆ្នោត​វៀតណាម និង​កន្លែង​ចាក់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម ក្នុង​នោះ​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ប្រមាណ ៧០​នាក់​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា របាយការណ៍​នៃ​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​របស់​អាជ្ញាធរ មិន​គ្រាន់តែ​ធ្វើការ​បង្ក្រាប​ទៅ​លើ​បនល្បែង​តូចតាច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មេខ្លោង​ធំ​ដែល​នៅ​ពីក្រោយ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ឡើយ ខណៈ​ការ​ស៊ើបអង្កេត​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏​នៅ​មិនទាន់​បាន​អនុវត្ត​នៅឡើយ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស