38 C
Phnom Penh

ក្រសួង​ប្រកាស​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ចំនួន​២០០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​កម្ពុជា បាន​កំណត់​ជា​ផ្លូវការ​ស្ដីពី​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ចំនួន ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៣ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បន្ថែម ២​ដុល្លារ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ តទៅ កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​ដែល​ពេញ​សិទ្ធិ នឹង​មាន​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដោយឡែក​កម្មករ​និយោជិត​សាកល្បង នឹង​ទទួល​បាន​ត្រឹមតែ ១៩៨​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លងមក ត្រូវ​បាន​រក្សា​ទុក​នៅ​ដដែល មាន​ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់នៅ​ចំនួន ៧​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ជាដើម។

ក្រសួង​បញ្ជាក់​ថា ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥតគិតថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចាប់ពី ២​ដុល្លារ​ដល់ ១១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​និយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១ ជាដើម នឹង​បន្ត​ទទួល​បាន​ដដែល ដូច្នេះ​ជា​មធ្យម កម្មករ​និយោជិត​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី ២១៧​ដុល្លារ​រហូត​ដល់ ២២៨​ដុល្លារ​អាមេរិក​ឯណោះ​ក្នុង​មួយ​ខែៗ។

នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ក្នុង​នោះ ភាគី​កម្មករ​និយោជិត​បាន​កំណត់​យក​តួលេខ​ចំនួន ៣​ផ្សេង​គ្នា គឺ​តួលេខ ២០៦​ដុល្លារ ២១០​ដុល្លារ និង ២១៣​ដុល្លារ​អាមេរិក ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​រដ្ឋាភិបាល​បាន​កំណត់​យក​តួលេខ ១៩៨​ដុល្លារ​អាមេរិក​ដូច​គ្នា។

ប្រភព​ដដែល​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​បាន​សម្រេច​បោះឆ្នោត​ដោយ​សម្ងាត់ ក្នុង​នោះ​តួលេខ ១៩៨​ដុល្លារ​អាមេរិក​ទទួល​បាន ៤៦​សំឡេង​លើ ៥១​សំឡេង ខណៈ​តួលេខ ២១៣​ដុល្លារ​ទទួល​បាន​តែ ៥​សំឡេង​ប៉ុណ្ណោះ ដោយឡែក​តួលេខ​ផ្សេង​ទៀត​មិន​ទទួល​បាន​សំឡេង​គាំទ្រ​នោះ​ទេ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២១ កញ្ញា នេះ​ថា ការ​បង្កើត​សហជីព គឺ​ដើម្បី​ជួយ​ការពារ​សិទ្ធិ និង​ជួយ​រក​ផលប្រយោជន៍​ឱ្យ​កម្មករ​និយោជិត ប៉ុន្តែ​បើ​មើល​លទ្ធផល​សំឡេង​ឆ្នោត​បោះ​គាំទ្រ​នៅ​ពេលនេះ គឺ​មាន​តែ ៥​សំឡេង​ប៉ុណ្ណោះ​ដែល​គិត​ពី​ប្រយោជន៍​របស់​កម្មករ​និយោជិត​ស្ដីពី​ប្រាក់ឈ្នួល​អប្បបរមា​លើ​តួលេខ ២១៣​ដុល្លារ​អាមេរិក។

លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា ដោយឡែក​សំឡេង​ដែល​គាំទ្រ​ថៅកែ​រោងចក្រ​ដែល​កំណត់​ប្រាក់ឈ្នួល​អប្បបរមា ១៩៨​ដុល្លារ​អាមេរិក​វិញ​នោះ គឺ​មាន​រហូត​ដល់​ទៅ ៤៦​សំឡេង​ឯណោះ​ក្នុង​ចំណោម​សំឡេង​សរុប ៥១​នាក់​នៃ​អង្គ​បោះឆ្នោត។ ដូច្នេះ តាម​លទ្ធផល​នេះ អាច​បញ្ជាក់​ថា តំណាង​ភាគី​កម្មករ​និយោជិត​ដែល​ជា​សហជីព ភាគច្រើន​ការពារ​ផល​ប្រយោជន៍​របស់​ថៅកែ​ក្រុមហ៊ុន ជាជាង​ការពារ​ផលប្រយោជន៍​របស់​កម្មករ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ឱ្យ​កម្មករ​និយោជិត​ទទួល​បាន​ប្រាក់ឈ្នួល​សមរម្យ​អាច​ធានា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ល្អ ទាល់តែ​ពួកគេ​អាច​ទទួល​បាន​ប្រាក់ឈ្នួល​គោល​យ៉ាងហោចណាស់​ចំនួន ២៥០​ដុល្លារ​ក្នុង​មួយ​ខែ ក្នុង​នោះ​រដ្ឋាភិបាល​ក៏​ត្រូវ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ថែម​ទៀត ដូចជា​ការ​ឡើង​ថ្លៃ​សាំង​ដូច​ពេលនេះ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស