28 C
Phnom Penh

លោក ហ៊ុន សែន ថា​គោលការណ៍​បែងចែក​អំណាច​កំពូល​ទាំង​បី​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​កំពូល​ទាំង​បី​ដាច់ដោយឡែក​ពី​គ្នា គឺ​អំណាច​នីតិប្រតិបត្តិ មាន​រដ្ឋាភិបាល អំណាច​នីតិប្បញ្ញត្តិ មាន​រដ្ឋសភា និង​អំណាច​តុលាការ​ផង​ដែរ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​ត្រូវ​បាន​ចាត់ទុក​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​យ៉ាង​រឹងមាំ​ថែម​ទៀត។

មេដឹកនាំ​ប្រើ​អំណាច​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​របស់​ខ្លួន​រូប​នេះ បាន​អះអាង​ក្នុង​ខួប​លើក​ទី​២៩​ឆ្នាំ​ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត ក្នុង​នោះ រដ្ឋធម្មនុញ្ញ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​ផង​ដែរ។

លោក​បន្ថែម​ថា កម្ពុជា​បាន​ប្ដេជ្ញា​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​ឥត​ងាករេ។

លោក ហ៊ុន សែន រំលឹក​ថា នៅ​ក្នុង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​ក្នុង​ព្រះបរមរាជវាំង ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ កន្លងទៅ ដូច្នេះ​គិត​មក​ទល់​នឹង​ឆ្នាំ​២០២២ នេះ រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​អាយុកាល ២៩​ឆ្នាំ​ហើយ។

ការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កំពុង​ថ្កោលទោស​មេដឹកនាំ​រូប​នេះ​យ៉ាង​ធ្ងន់ធ្ងរ​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នា​ពេល​កន្លងមក។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ស្មារតី​ដើម​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​ធានា​នូវ​ភាព​ជា​ម្ចាស់​របស់​ពលរដ្ឋ​ខ្មែរ​លើ​វាសនា​របស់​កម្ពុជា​ផង ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ផង និង​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​នានា​ដោយ​អព្យាក្រឹត​ផង ដែល​ជា​គោលការណ៍​គ្រឹះ​មួយ​សម្រាប់​ធានា​នូវ​សុខ​សន្តិភាព​របស់​កម្ពុជា​ឱ្យ​បាន​យូរ​អង្វែង។

លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា ពិត​មែន​តែ​ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ពី​គោលការណ៍​អំណាច​របស់​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា ដើម្បី​ឱ្យ​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​យុត្តិធម៌​ដែល​នឹង​នាំ​មក​នូវ​សុភមង្គល​សម្រាប់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា​បាន​រំលោភ​ទៅ​លើ​អំណាច​នីតិប្រតិបត្តិ អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​តុលាការ ក្រោយ​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជាច្រើនលើក​ច្រើនសា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក ក្នុង​នោះ​ក៏​បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ឱ្យ​មេដឹកនាំ​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ នាំគ្នា​ការពារ​ខ្លឹមសារ​ដើម​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឱ្យ​បាន​ដូច​ដើម​ឡើងវិញ ព្រោះ​ថា​វត្ថុបំណង​រួម​គ្រប់​ភាគី​ដែល​បាន​បង្កើត​ច្បាប់​កំពូល​នេះ​ឡើង មិនមែន​ដើម្បី​ឱ្យ​គណបក្ស​ណា​មួយ​ដឹកនាំ​កម្ពុជា​ដោយ​ផ្តាច់​មុខ​នោះ​ទេ គឺ​ត្រូវ​ចេះ​សហការ​គ្នា​ធ្វើការ​ក្នុង​រដ្ឋសភា​ជាតិ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន និង​ដើម្បី​កុំ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ដូច​សព្វថ្ងៃ​នេះ ជាដើម។

រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដែល​ឡាយព្រះហស្ដលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ព្រះបាទ នរោត្តម សីហនុ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។

គិត​តាំង​ពី​ឆ្នាំ​១៩៩៤ មក រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ១០​លើក​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​គេ​រិះគន់​ថា ការ​ធ្វើ​វិសោធនកម្ម​កន្លងមក​នោះ​សុទ្ធសឹងតែ​ដើម្បី​ការ​កេង​ចំណេញ​ផល​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស