ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា អំពើជួញដូរមនុស្សមិនមែនកើតមានតែនៅកម្ពុជានោះទេ ហើយរដ្ឋាភិបាលកំពុងរួមគ្នាយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ខណៈកម្ពុជាត្រូវបានចាត់ចូលទៅក្នុងប្រទេសដែលមានអំពើជួញដូរមនុស្ស និងការសម្អាតប្រាក់ក្នុងកម្រិតធ្ងន់ធ្ងរ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះថា ទោះបីបច្ចុប្បន្នកម្ពុជាត្រូវបានចាត់ចូលក្នុងចំណោមប្រទេសដែលមានការជួញដូរមនុស្សក៏ពិតមែន ប៉ុន្តែកម្ពុជាក៏កំពុងរួមគ្នាយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សសព្វថ្ងៃនេះ។
បុរសខ្លាំងរូបនេះលើកឡើងថា ប្រសិនបើគ្មានការបកស្រាយឲ្យបានច្បាស់លាស់ជុំវិញការចាត់ថ្នាក់កម្ពុជាចូលក្នុងក្រុមប្រទេសនៃការប្រព្រឹត្តអំពើជួញដូរមនុស្សទេ នោះកម្ពុជាអាចនឹងត្រូវគេបកស្រាយទៅជារឿងអាក្រក់បំផុតនៅលើពិភពលោក ខណៈរដ្ឋាភិបាលកម្ពុជាបានបង្ហាញការជឿជាក់យ៉ាងមុតមាំក្នុងការកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅពេលនេះ។
លោក ហ៊ុន សែន បានចេញបទបញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពបង្ក្រាបទៅលើជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើសនៃការជួញដូរមនុស្សទាំងនោះមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវបានគេរកឃើញថា កំពុងតែក្លាយជាទីតាំងប្រព្រឹត្តអំពើជួញដូរមនុស្ស និងជាកន្លែងលាងលុយកខ្វក់យ៉ាងពេញនិយមក្នុងពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ក្នុងបញ្ជីតាមដានរបស់ក្រសួងលើអំពើជួញដូរមនុស្ស និងការសម្អាតប្រាក់ជាដើម គិតត្រឹមសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២២ នេះ បានកើនឡើងដល់ជិត ៤០០ករណីហើយ ខណៈការស្រាវជ្រាវទើបតែអនុវត្តបានជិត ២០០ករណីប៉ុណ្ណោះ។
លោក ខៀវ សុភ័គ អះអាងថា សំណើក្នុងបញ្ជីតាមដានរបស់ក្រសួងសរុបមានចំនួន ៣៦៨ករណីដែលមានជនរងគ្រោះចំនួន ៨៨៧នាក់ និងចំនួន ១១សញ្ជាតិ ខណៈការស្រាវជ្រាវបឋមអនុវត្តបាន ១៧៨សំណើ ដោយរកឃើញជនរងគ្រោះ ៣៦១នាក់ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៥៣នាក់ និងឈានទៅដល់ការបិទក្រុមហ៊ុន ១ទីតាំង ព្រមទាំងស៊ើបអង្កេតលើទីតាំងចំនួន៥ បន្ថែមទៀត។
ប្រភពដដែលអះអាងថា រយៈពេល ២៤ម៉ោង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលសំណើ ៣៤ករណីបន្ថែមទៀតដែលមានជនរងគ្រោះ ៩៤នាក់ ៦សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមចំនួន ៣៨នាក់ ជនជាតិម៉ាឡេស៊ី ៩នាក់ ជនជាតិឥណ្ឌា ៦នាក់ ជនជាតិបង់ក្លាដេស ១នាក់ ជនជាតិចិន ៣៧នាក់ និងចិនតៃវ៉ាន់ ២នាក់ផងដែរ។
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ ត្រូវបានគេដឹងថាជាមជ្ឈមណ្ឌលនៃប្រតិបត្តិការជួញដូរមនុស្សយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទៅលើទីតាំងបនល្បែងខុសច្បាប់មួយកន្លែងឈ្មោះ ជីងឆាយ តិចណូឡូជី បានចាប់ខ្លួនជនបរទេសជិត ៥០០នាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងសញ្ចរកម្មនៅកម្ពុជា ក្នុងនោះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន ៥នាក់ទៅតុលាការដើម្បីបន្តស៊ើបអង្កេតពីបទល្មើសសម្អាតប្រាក់ផងដែរ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ក៏បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្សរបស់ខ្លួនផងដែរ ដែលទម្លាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ និងប្រទេសផ្សេងទៀតពីបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិត៣ (Tier 3 Watch List) ដែលធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរសព្វថ្ងៃនេះ៕