26 C
Phnom Penh

ក្រសួង៖ ទឹក​ទន្លេ​មេគង្គ​នឹង​ហក់​ឡើង​កាន់តែ​ខ្លាំង​ចាប់ពី​កម្ពស់​១០​ម៉ែត្រ​ទៅ​ដល់​ជាង​២០​ម៉ែត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក ព្រមាន​ថា ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ពី ៣​ថ្ងៃ​ទៅ ៥​ថ្ងៃ​ខាងមុខ​នេះ ដែល​នឹង​មាន​កម្ពស់​ចាប់ពី ១០​ម៉ែត្រ​រហូត​ទៅ​ដល់​ជាង ២០​ម៉ែត្រ​នៅ​ផ្នែក​ខាងលើ​នៃ​កម្ពុជា ខណៈ​កម្ពស់​ទឹក​ក្នុង​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​អាច​នឹង​ហក់​ឡើង​រហូត​ដល់​កម្ពស់​ជិត ១០​ម៉ែត្រ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ភាគ​ខាងលើ​នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​ស្ទឹងត្រែង ជាដើម អាច​នឹង​មាន​កម្ពស់​ទឹក​រហូត​ដល់​ជាង ១០​ម៉ែត្រ ខណៈ​ខេត្ត​ក្រចេះ ទឹក​នឹង​អាច​ហក់​ឡើង​រហូត​ទៅ​ដល់​កម្ពស់ ២១​ម៉ែត្រ និង​ខេត្ត​កំពង់ចាម អាច​នឹង​កើន​ឡើង​ដល់​កម្ពស់​ជាង ១៤​ម៉ែត្រ​ផង​ដែរ។ ដោយឡែក​នៅ​ឯ​ស្ថានីយ​ជលសាស្ត្រ​ភ្នំពេញ-ចតុមុខ ទឹក​អាច​នឹង​ហក់​ឡើង​ដល់​កម្ពស់​ជាង ៩​ម៉ែត្រ ប៉ុន្តែ​មិន​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ​ដែល​បាន​និង​កំពុង​មាន​ការ​ប្រែប្រួល ដែល​កើតឡើង​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ ណូរុ (NORU) ដែល​កំពុង​ឆ្លងកាត់​តាម​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ ឡាវ វៀតណាម និង​កម្ពុជា នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ក្នុង​អាង​ទន្លេមេគង្គ នោះ​កម្ពស់​ទឹក​នឹង​ហក់​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា ទឹកទន្លេ​ដែល​ហក់​ឡើង​នៅ​ពេលនេះ​នៅ​មិន​ទាន់​ដល់​កម្រិត​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ ប៉ុន្តែ​ដោយសារ​ភ្លៀង​ធ្លាក់​ញឹកញាប់ ទឹក​អាច​នឹង​ហូរ​ចូល​លិច​តាម​តំបន់​ទំនាប​មួយ​ចំនួន​អម​តាម​ដង​ទន្លេ និង​បន្ត​ហូរ​ចូល​តាម​បណ្តា​ព្រែក​ថែមទៀត ខណៈ​នៅ​តំបន់​ភាគ​ឦសាន ដូចជា​ទន្លេសេកុង ជាដើម នៅ​ពេលនេះ​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​ទឹក​នៅ​កម្ពុជា​ដែល​រង​ឥទ្ធិពល​ពី​ព្យុះ​ទី​១៦ ឈ្មោះ ណូរុ ដែល​កំពុងតែ​បោកបក់​ប្រទេស​ថៃ ឡាវ វៀតណាម និង​កម្ពុជា​នៅ​ពេលនេះ។

អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចាប់ពី​ខែ​ឧសភា រហូត​មក​ដល់​ខែ​កញ្ញា នេះ ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ១៩​ខេត្ត ហើយ​ខេត្ត​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​មាន​ខេត្ត​សៀមរាប កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ ខណៈ​ឯ​ខេត្ត​បាត់ដំបង អាច​នឹង​រង​ប៉ះពាល់​ខ្លាំង ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​កើតមាន។

ដោយឡែក​ដំណាំ​ស្រូវ​ប្រមាណ ១០​ម៉ឺន​ហិកតារ​រង​ផល​ប៉ះពាល់ និង​ជាង ២​ម៉ឺន​ហិកតារ​បាន​ខូចខាត​ទាំងស្រុង។ ចំពោះ​មនុស្ស​ដែល​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ១៣​នាក់។ សម្រាប់​សត្វ​ពាហណៈ​ដែល​ងាប់​មាន​តិចតួច​ប៉ុណ្ណោះ។

លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង​អាច​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត ដោយសារ​រង​ឥទ្ធិពល​នៃ​ព្យុះ ហើយ​បរិមាណ​ភ្លៀង​ក៏​នៅតែ​បន្ត​កើតមាន។ ដូច្នេះ ពលរដ្ឋ​ត្រូវ​គិតគូរ​ពី​អាយុជីវិត​របស់​ខ្លួន​កុំ​ឱ្យ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង។ ម្យ៉ាង​ទៀត ការ​បរិភោគ និង​ការ​រស់នៅ ត្រូវ​មាន​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា គ្រោះ​ធម្មជាតិ​ដោយសារ​ទឹកជំនន់​តែង​កើតមាន​ជា​រៀង​រាល់​ឆ្នាំ ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ដាក់​ចេញ​នូវ​វិធានការ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ​ឡើយ​នា​ពេល​កន្លងមក ប៉ុន្តែ​ផ្ទុយទៅវិញ គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​បែរ​ជា​ប្រើ​ឱកាស​នេះ ដើម្បី​កេង​ចំណេញ​នយោបាយ​តាមរយៈ​នៃ​ការ​ចែក​អំណោយ​ទៅ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​សម្រាប់​គណបក្ស​កាន់​អំណាច​ទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស