ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា កម្ពុជាគឺជាប្រទេសដែលគ្មានសន្តិភាព ដោយសារតែប្រទេសក្រីក្រមួយនេះញាំញីទៅដោយអំពើអយុត្តិធម៌ និងអំពើជួញដូរមនុស្ស និងអំពើឃាតកម្មជាច្រើន។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣ ខែតុលា ថា ជារឿងគួរឱ្យអាម៉ាស់បំផុតដែលកម្ពុជាបានធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងជាប់ចំណាត់ថ្នាក់លេខ៣ ដ៏អាក្រក់ក្នុងចំណោមប្រទេសដែលលាងលុយកខ្វក់ និងប្រព្រឹត្តអំពើជួញដូរមនុស្សធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការតាមដានកាន់តែខ្លាំងក្នុងឆ្នាំ២០២២ នេះ ប៉ុន្តែបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បែរអួតអាងថា កម្ពុជាមានសន្តិភាពក្រោមការដឹកនាំរបស់លោកទៅវិញ។
លោក គឹម សុខ លើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជាតាមរយៈនៃការរកឃើញថាជាទីតាំងសម្រាប់លាងលុយកខ្វក់ ជាកន្លែងជួញដូរមនុស្ស កន្លែងប្រព្រឹត្តល្បែងខុសច្បាប់ និងជាកន្លែងប្រព្រឹត្តអំពើឃាតកម្មយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ ត្រូវគេចាត់ចូលក្នុងប្រទេសដែលមានហានិភ័យខ្ពស់បំផុត ជាពិសេសផ្នែកខាងអំពើអយុត្តិធម៌ និងអសន្តិសុខសង្គមនៅលើឆាកអន្តរជាតិ។
លោកបន្តថា សព្វថ្ងៃនេះ កម្ពុជាមិនមែនជាប្រទេសដែលពោរពេញទៅដោយសន្តិភាព និងសុភមង្គលដូចការអះអាងរបស់បុរសខ្លាំង លោក ហ៊ុន សែន នោះឡើយ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កម្ពុជាមិនត្រឹមតែគ្មានសន្តិភាពក្នុងជំនាន់ដឹកនាំរបស់គាត់នោះទេ គឺកម្ពុជានឹងបន្តនៅក្រោមការដឹកនាំដែលកាន់តែអាក្រក់ជាងនេះទៀតនៅក្នុងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទៅថ្ងៃមុខបន្ថែមទៀត ប្រសិនបើគ្មានការងើបឡើងតវ៉ាទៅនឹងការដឹកនាំផ្ដាច់មុខរបស់គ្រួសារត្រកូល «ហ៊ុន» ទេនោះ។
ចំណែកប្រធានកម្មវិធីសុចរិតភាពធុរកិច្ច និងធនធានរ៉ែនៃអង្គការតម្លាភាពកម្ពុជា លោក តុង សុប្រាជ្ញ បានលើកឡើងក្នុងកម្មវិធីនេះដែរថា សន្តិភាពពិតប្រាកដគឺសំដៅដល់សេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តរបស់ពលរដ្ឋ។
លោកបន្តថា ការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះត្រូវគេមើលថា ពោរពេញទៅដោយការគំរាមកំហែង ហើយការរស់នៅរបស់ពលរដ្ឋពោរពេញដោយការភ័យខ្លាច ហើយការដឹកនាំបែបនេះមិនត្រូវបានចាត់ទុកថាមានសន្តិភាពពេញលេញនោះទេ។
លោក តុង សុប្រាជ្ញ បញ្ជាក់ថា នៅពេលដែលកម្ពុជាត្រូវបានគេចាត់ចូលទៅក្នុងចំណោមប្រទេសលាងលុយកខ្វក់ និងជួញដូរមនុស្សដូចសព្វថ្ងៃនេះ គេមិនត្រឹមតែចាត់ទុកកម្ពុជាជាប្រទេសដែលគ្មានសន្តិភាពនោះទេ ប៉ុន្តែកម្ពុជានឹងរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរទៅថ្ងៃមុខថែមទៀត ដោយសារតែរដ្ឋាភិបាលបណ្តែតបណ្តោយឱ្យមានការធ្វើចរាចរណ៍លុយខ្មៅនៅក្នុងប្រទេសរបស់ខ្លួនសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បុរសខ្លាំងកម្ពុជាឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានលើកឡើងក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ថា ការជួញដូរមនុស្សដែលកំពុងកើតមាននៅកម្ពុជាសព្វថ្ងៃនេះ គឺដោយសារតែកម្ពុជាមានសន្តិភាព ទើបអ្នកទាំងនោះនាំគ្នាសម្រុកចូលទៅកម្ពុជាបែបនេះ។
បន្ថែមពីនេះ កាលពីចុងឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានព្រមានថា ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ក៏លោកត្រូវតែការពារឯករាជ្យ សន្តិភាពឱ្យបានលុះដល់ជីវិតចុងក្រោយ ក្នុងនោះ លោក ហ៊ុន សែន បញ្ជាក់ថា ទោះត្រូវកម្ទេចក្រុមប្រឆាំងឲ្យអស់ចាប់ពី ១០០ ទៅ ២០០នាក់ក៏ដោយ ប្រសិនបើពួកគេបំផ្លាញសន្តិភាពដែលលោកខំកសាងឡើងដោយលំបាកនេះ៕