32.5 C
Phnom Penh

សកម្មជន៖ ចម្លើយ​លោក គង់ គាំ ថា​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ចម្លើយ​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក គង់ គាំ ដែល​ថា​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ គឺជា​ចម្លើយ​មិន​ត្រឹមត្រូវ និង​មិន​អាច​យក​ជា​ការ​បាន។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា ពេញ​មួយ​ព្រឹក​លើ​អង្គហេតុ​បដិវត្តន៍​ពណ៌ នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​ផ្តល់​ចម្លើយ​ទៅ​កាន់​ចៅក្រម និង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក គង់ គាំ ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជា​ចម្លើយ​ដែល​មិន​អាច​យក​ជា​ការ​បាន​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​កោះហៅ​សាក្សី​ជាច្រើន​រូប​ឱ្យ​ចូល​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​សវនាការ​លើក​ទី​៥៩ នៅ​ថ្ងៃ​ពុធ​នេះ។

នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៥៩ ប៉ុន្តែ​សវនាការ​នៅ​ថ្ងៃ​នេះ តុលាការ​បាន​កោះហៅ​សាក្សី​ឱ្យ​ចូល​ទៅ​បំភ្លឺ​ចំនួន ៦​រូប រួម​មាន​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក គង់ គាំ និង​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ជាដើម ប៉ុន្តែ​ដោយសារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់ តុលាការ​ធ្វើការ​សាកសួរ​ទៅ​កាន់​លោក គង់ គាំ បាន​តែ​ម្នាក់​ប៉ុណ្ណោះ។

ក្នុង​សវនាការ​លើក​ទី​៥៩ នេះ លោក គង់ គាំ ដែល​មាន​វ័យ ៨១​ឆ្នាំ បាន​ផ្តល់​ចម្លើយ​ទៅ​កាន់​តំណាង​អយ្យការ​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​បាតុកម្ម​ផ្សេង​ទៀត គឺជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទ្រង់ទ្រាយ​ធំ​លើស​ពី​ការ​ទាមទារ​លទ្ធផល​នៃ​ការ​បោះឆ្នោត ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ផ្តល់​ចម្លើយ​ដល់​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា លោក​បែរ​ជា​អះអាង​ថា ការ​រួបរួម​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ការ​បង្កើត​ឡើង​ដោយ​គ្មាន​ការ​គាំទ្រ​ពី​អង្គការ​បរទេស ឬ​រដ្ឋ​ប្រទេស​ណា​មួយ​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​លោក​បាន​តាមដាន​សវនាការ​របស់​លោក កឹម សុខា នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ចម្លើយ​របស់​លោក គង់ គាំ មាន​ភាព​ច្របូកច្របល់​ដែល​មិន​អាច​កាត់​សេចក្តី​បាន។

លោក យី សុខសាន្ត ចាត់ទុក​សវនាការ​នៅ​ថ្ងៃ​នេះ​ជា​សវនាការ​ដែល​គ្មាន​ការ​ព្រាងទុក និង​គ្មាន​ផែនការ​ច្បាស់លាស់ ក្រោយពី​តុលាការ​កោះហៅ​សាក្សី​ដល់​ទៅ ៦​រូប ប៉ុន្តែ​សាកសួរ​បាន​តែ​ម្នាក់ ហើយ​ភាគច្រើន​សួរ​តែ​សំណួរ​ដដែល ដែល​នាំ​ឱ្យ​មាន​ការ​អូស​បន្លាយ​ពេលវេលា និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេលវេលា​របស់​សាក្សី​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​សវនាការ​នេះ តែ​មិន​ត្រូវ​បាន​សាកសួរ និង​ទុក​ឱ្យ​រង់ចាំ​រហូត​ដល់​បិទ​សវនាការ​ផង​ដែរ។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​អះអាង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ​ដោយ​យុត្តិធម៌ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​យ៉ាង​យូរ​បាន​ត្រឹម​តែ ១៨​ខែ​ប៉ុណ្ណោះ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ប៉ុន្តែ​សំណុំរឿង​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជាង ៥​ឆ្នាំ​មក​ហើយ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា​ជា​រឿង​នយោបាយ ជាជាង​ការ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស