31 C
Phnom Penh

ណាតូ​ទំនង​មិន​អាច​ចាញ់​ការ​គំរាម​របស់​រុស្ស៊ី​ដែល​គ្រោង​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ដើរ​ដល់​របត់​ថ្មី​ទៀត​ហើយ គឺ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ដោយ​របប​ក្រុង​មូស្គូ ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រុស្ស៊ី​បាន​បង្កើន​វោហារ​សង្គ្រាម​ដោយ​ព្រមាន​បាញ់​ប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​វិនាសកម្ម​បំផុត។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New York Post ឲ្យ​ដឹង​ថា រុស្ស៊ី​កំពុងតែ​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ ដោយ​បំពាក់​ទៅ​នឹង​នាវាមុជទឹក​នៅ​សមុទ្រ​បាលទិច។ នេះ​បើ​តាម​សម្ដី​របស់​មន្ត្រី​យោធា​ណាតូ។

តាម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​រូបវិទ្យា ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​នៅ​ក្នុង​នាវាមុជទឹក Belgorod គឺ​ប្រភេទ Poseidon។ វា​ជា​អាវុធ​ប្រល័យ​លោក​ដ៏​វិនាសកម្ម​បំផុត ហើយ​បើ​បាញ់​វា​ទៅ​សមុទ្រ គឺ​វា​នឹង​បង្ក​ឲ្យ​មាន​មហា​រលក​យក្ស​សូណាមិ​ផង​ដែរ។ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​ណា​មួយ​ដែល​នៅ​ជាប់​នឹង​សមុទ្រ​ក្រឡាប់ ឬ​លិច​ចូល​សមុទ្រ​ទៀត​ផង។

ក្រុម​អ្នកជំនាញ​យោធា​របស់​ក្រុម​បស្ចិម​ប្រទេស មិន​ជឿ​ថា រុស្ស៊ី​នឹង​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​នេះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​របប​របស់​លោក ពូទីន និង​ក្រុង​មូស្គូ ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង។

ប៉ុន្តែ​អ្នកជំនាញ​ផ្សេង​ទៀត​អះអាង​ថា រុស្ស៊ី​អាច​នឹង​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​នុយក្លេអ៊ែរ​តាក់ទិច ដែល​មាន​កម្លាំង​ផ្ទុះ​ខ្សោយ​ជាង​ពាក់កណ្ដាល​នៃ​នុយក្លេអ៊ែរ Poseidon។ ក្រុម​អ្នកជំនាញ​ទាំងនេះ​ក៏​ជា​ក្រុម​យោធា​របស់​ពួក​បស្ចិម​ប្រទេស​ដែរ​ដែល​សន្និដ្ឋាន​ដូចនេះ។

ក្រុម​នេះ​ឲ្យ​ដឹង​ថា រុស្ស៊ី​អាច​នឹង​បាញ់​នុយក្លេអ៊ែរ​នេះ​យ៉ាងតិច​មួយ​គ្រាប់​ទៅ​លើ​ទីតាំង​នៃ​កងទ័ព​អ៊ុយក្រែន ហើយ​អាច​បាញ់​ទៅ​លើ​ទ័ព​អ៊ុយក្រែន​ដែល​វាយ​កាន់កាប់​បាន​មក​វិញ​នូវ​តំបន់​ណា​មួយ​នៃ​តំបន់​ទាំង​៤ គឺ​តំបន់ Luhansk តំបន់ Donetsk នៅ​ភាគ​ខាងកើត តំបន់ Kherson និង​តំបន់ Zaporizhzhia នៅ​ភាគ​ខាងត្បូង​នៃ​ទឹកដី​អ៊ុយក្រែន ដែល​រុស្ស៊ី​ប្រកាស​ថា​ជា​ដែនដី​របស់​ខ្លួន។

គេ​មើល​ឃើញ​ថា លោក ពូទីន អាច​ប្រើ​អាវុធ​ប្រភេទ​នេះ ព្រោះ​លោក​អស់​យុទ្ធសាស្ត្រ​នៃ​សង្គ្រាម​ទៅ​ហើយ ខណៈ​កងទ័ព​របស់​លោក​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​វាយ​ឱ្យ​បាក់​ទ័ព​យ៉ាង​ធ្ងន់ធ្ងរ​ចំនួន ៣​លើក​មក​ហើយ។

មក​ដល់​ពេលនេះ រុស្ស៊ី​បាន​របូត​ដី​ទៅ​ខាង​អ៊ុយក្រែន​វិញ គឺ​ប្រហែល ១០% នៅ​ពេល​ដែល​កងទ័ព​នៃ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នេះ​វាយ​កាន់កាប់​បាន​ពី​ទ័ព​អ៊ុយក្រែន ២០% នៃ​ផ្ទៃដី​នៅ​ភាគ​ខាងត្បូង និង​ខាងកើត​ប្រទេស។

រដ្ឋាភិបាល​ក្រុង​មូស្គូ ព្រមាន​ថា បើ​ទ័ព​អ៊ុយក្រែន​វាយ​ចូល​ទឹកដី​ទាំង​បួន​នេះ ហើយ​ឈាន​រហូត​ដល់​វាយ​កាន់កាប់​បាន​មក​វិញ​នោះ គឺ​ស្មើ​នឹង​អ៊ុយក្រែន​ឈ្លានពាន​ទឹកដី​រុស្ស៊ី ព្រោះ​តំបន់​បួន​នេះ​បាន​ក្លាយ​ជា​ទឹកដី​របស់​រុស្ស៊ី​រួច​ទៅ​ហើយ​តាមរយៈ​ការ​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី ពូទីន ដែល​ទទួលស្គាល់​ជា​ដែនដី​ចំណុះ​រុស្ស៊ី ព្រោះ​ប្រជាជន​ក្នុង​តំបន់​នេះ​បាន​បោះឆ្នោត​ផ្ដាច់​ចេញពី​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២។ ទាំងអស់​នេះ គឺ​ពិត​ជា​ការ​គំរាម​របស់​ក្រុង​មូស្គូ ដែល​អាច​ឈាន​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ។

ប៉ុន្តែ​គេ​អាច​ចោទ​សួរ​ថា តើ​ណាតូ​អាច​ចាញ់​ការ​គំរាម​របស់​រុស្ស៊ី បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ឬ​ទេ?

សំណួរ​នេះ​ពិត​ជា​ពិបាក​ឆ្លើយ ហើយ​ក៏​ពិបាក​សន្និដ្ឋាន​ទុក​ជា​មុន​ដែរ ប៉ុន្តែ​ភាគច្រើន គឺ​ណាតូ​អាច​មិន​ចាញ់​ការ​គំរាម​របស់​រុស្ស៊ី​នោះ​ទេ។

នៅ​ពេល​ទទួល​ដំណឹង​ថា​រុស្ស៊ី​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​តាម​ព្រំដែន​របស់​ខ្លួន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន ដែល​មើល​ទៅ​ជា​គ្រាប់​នុយក្លេអ៊ែរ​តាក់ទិច ហើយ​នាវាមុជទឹក Belgorod ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ Poseidon គេ​សង្កេត​ឃើញ​ណាតូ និង​សហរដ្ឋ​អាមេរិក​ព្រមាន​តប​វិញ​ថា បើ​រុស្ស៊ី​ហ៊ាន​វាយប្រហារ​លើ​ទ័ព​អ៊ុយក្រែន​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តាក់ទិច​ក៏ដោយ ក៏​ណាតូ និង​អាមេរិក​អាច​ចាត់​វិធានការ​ឆ្លើយតប​បាន​ដែរ ព្រោះ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ណាស់​លើ​ច្បាប់​អន្តរជាតិ​ដែល​ហាម​សាយភាយ និង​ហាម​ប្រើ​អាវុធ​ប្រភេទ​នេះ​នៅ​ក្នុង​សង្គ្រាម។

សហរដ្ឋ​អាមេរិក​តាមរយៈ​ឧត្តមសេនីយ៍​ចូល​និវត្តន៍ លោក McMaster បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា សហរដ្ឋ​អាមេរិក​កំណត់​គោលដៅ​រួច​ហើយ គឺ​វាយ​កម្ទេច​មូលដ្ឋាន​ទ័ព​រុស្ស៊ី​ទាំងអស់​មាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន រួម​ទាំង​តំបន់​គ្រីមៀ ហើយ​និង​នាវាចម្បាំង​របស់​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​ក៏​ត្រូវ​បាញ់​កម្ទេច​ផង​ដែរ។

លោក​បន្ត​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ អាច​កើតមាន​គឺ​អាស្រ័យ​ទៅ​លើ​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់​ចំពោះ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន។

សហរដ្ឋ​អាមេរិក គឺជា​មេដឹកនាំ​ដ៏​ធំ​មួយ​នៃ​សមាជិក​យោធា​ណាតូ ៣០​ប្រទេស។ ក្រុង​វ៉ាស៊ីនតោន បាន​ព្រមាន​ថ្មីៗ​នេះ​ថា សមាជិក​ណាតូ​ទាំងអស់​នៅ​ជាមួយ​អាមេរិក ហើយ​អាមេរិក​ត្រូវតែ​ជួយ​ការពារ​ប្រទេស​សមាជិក​ណាតូ។

ទាំង​មេដឹកនាំ​ណាតូ លោក ជេនស្តូ ថែនប៊ើក (Jens Stoltenberg) និង​សហរដ្ឋ​អាមេរិក បាន​ព្រមាន​រុស្ស៊ី​ថា ការ​វាយប្រហារ​គ្រាប់​នុយក្លេអ៊ែរ​ចូល​ទឹកដី​អ៊ុយក្រែន គឺ​ប្រាកដ​ណាស់​វា​នឹង​សាយភាយ​វិទ្យុសកម្ម​ចូល​មក​ទឹកដី​របស់​សមាជិក​ណាតូ។ ដូចនេះ គឺ​ស្មើ​នឹង​រុស្ស៊ី​បង្ក​សង្គ្រាម​លើ​សមាជិក​ណាតូ ដែល​ណាតូ​ត្រូវ​យក​មាត្រា​៥ របស់​ខ្លួន​មក​អនុវត្ត និង​ធ្វើ​អន្តរាគមន៍​ជួយ​ប្រទេស​សមាជិក​របស់​ខ្លួន។

នៅ​ជុំវិញ​ទឹកដី​រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែ​ជា​សមាជិក​ណាតូ​ដែល​គេ​អាច​រាប់​ប្រទេស​លីទុយអានី ឡាតវៀល អេស្តូនី ប៉ូឡូញ មុលហ្គារី រូម៉ានី ហុងគ្រី សាធារណរដ្ឋ​ឆេក និង​អាល្លឺម៉ង់ ជាដើម។ តាមរយៈ​ការ​បំភ្លឺ​ដូចនេះ គេ​អាច​គិត​ថា ណាតូ​ទំនង​មិន​អាច​ចាញ់​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​របប​ក្រុង​មូស្គូ​នោះ​ទេ។

តែ​យ៉ាងណា គេ​ត្រូវ​ពិនិត្យ និង​វិភាគ​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា ថា រុស្ស៊ី​នឹង​ត្រូវ​វាយ​យក​ត្រឡប់​វិញ​នូវ​ទីតាំង​ណា​ដែល​កងទ័ព​អ៊ុយក្រែន​វាយ​យក​បាន។ លោក​ថា រុស្ស៊ី​កំពុង​ប្រមូល​កម្លាំង​វាយបក​យក​ទឹកដី​នោះ​មក​វិញ ដែល​លោក​ថា​ជា​ទឹកដី​របស់​រុស្ស៊ី។ ចំណែក​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ថ្លែង​ដោយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា ស្ថានការណ៍​យោធា​នឹង​មាន​ស្ថិរភាព។

ចំពោះ​ការ​ប្រឈម​នឹង​ការ​បាក់​ទ័ព​របស់​ទ័ព​រុស្ស៊ី​នៅ​ចំពោះ​មុខ​ទ័ព​អ៊ុយក្រែន​ពេលនេះ មេដឹកនាំ​ឆេកឆេនី លោក កាឌីរ៉ូស ដែល​ជា​សម្ពន្ធមិត្ត​នឹង​លោក ពូទីន បាន​ជំរុញ​ឲ្យ​លោក ពូទីន ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិច​លើ​ប្រទេស​អ៊ុយក្រែន។ តែ​អ្នកវិភាគ​យល់​ឃើញ​ថា រុស្ស៊ី​មិន​អាច​ទាញ​បាន​ផល​ចំណេញ​អ្វី​ពី​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស