សង្គមស៊ីវិលស្វាគមន៍រដ្ឋាភិបាលកម្ពុជាដែលបន្តឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋដែលរងគ្រោះដោយកូវីដ-១៩ និងពលរដ្ឋក្រីក្រ ប្រសិនបើការជួយនោះធ្វើឡើងដោយមិនឆ្លៀតឱកាសកេងចំណេញនយោបាយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ តុលា នេះថា វិបត្តិសេដ្ឋកិច្ចរបស់ពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ គឺជារឿងចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ ដោយឡែកការផ្តល់នូវការឧបត្ថម្ភរបស់រដ្ឋាភិបាលលើការដោះស្រាយបញ្ហានេះ សង្គមស៊ីវិលក៏មានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃតាមរយៈភស្តុតាងដែលខ្លួនទទួលបានច្បាស់លាស់ដែរ មិនមែនអង្គការក្រៅរដ្ឋាភិបាលចេះតែរិះគន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា លោកអំពាវនាវឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អចំពោះពលរដ្ឋដូចអ្វីដែលខ្លួនបានអះអាងបន្តទៀត ព្រោះថាអង្គការសង្គមស៊ីវិលនឹងអបអរសាទរជានិច្ចចំពោះសកម្មភាពរបស់រដ្ឋាភិបាល ដែលមានបំណងជួយទៅដល់ពលរដ្ឋដែលកំពុងជួបការលំបាកដោយពិតប្រាកដ។ ប៉ុន្តែអង្គការសង្គមស៊ីវិលឯករាជ្យទាំងអស់ ក៏នឹងមិនស្វាគមន៍ដែរនូវសកម្មភាពណាមួយដែលបង្កប់នូវការកេងចំណេញនយោបាយចំពោះពលរដ្ឋ ជាពិសេសការទាក់ទាញយកសន្លឹកឆ្នោតនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ ជាដើម។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ថា សូមបណ្តាបក្សនយោបាយ សង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល កុំចាត់ទុកថាការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាល គឺជាល្បែងដើម្បីទាញយកសន្លឹកឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះឲ្យសោះ។
ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានលើកឡើងអំពីការឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋដែលរងគ្រោះដោយកូវីដ-១៩ និងពលរដ្ឋក្រីក្រកាលពីពេលថ្មីៗនេះ ក្នុងនោះលោកបានបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះមិនមែនជាបញ្ហាលេងសើចសម្រាប់អ្នកនយោបាយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវធំណាស់របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ តុលា នេះដែរថា រាល់សកម្មភាពរបស់រដ្ឋាភិបាលកន្លងមក តែងតែត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងរូបភាពកេងចំណេញនយោបាយឲ្យបក្សកាន់អំណាចជានិច្ច ជាពិសេសរាល់ពេលមុនការបោះឆ្នោតឈានចូលមកដល់។
លោកលើកឡើងថា រឿងដែលរដ្ឋាភិបាលភ័យខ្លាចការរិះគន់ថាខ្លួនធ្វើសកម្មភាពជួយពលរដ្ឋដើម្បីទាក់ទាញសន្លឹកឆ្នោតមែនឬអត់នោះ មិនមែនជារឿងសំខាន់នោះទេ សំខាន់គឺនៅត្រង់ថា តើសកម្មភាពដែលរដ្ឋាភិបាលបានធ្វើនោះមានបំណងទាក់ទាញសន្លឹកឆ្នោតមែនឬក៏អត់ប៉ុណ្ណោះ ព្រោះថាពលរដ្ឋ បក្សនយោបាយ និងអង្គការសង្គមស៊ីវិល ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់សេចក្តីចំពោះសកម្មភាពរបស់រដ្ឋាភិបាលដោយត្រឹមត្រូវជាទីបំផុត។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា រដ្ឋាភិបាលមិនគួរព្រួយបារម្ភពីសកម្មភាពរបស់ខ្លួនខ្លាចបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលរិះគន់នោះទេ ប៉ុន្តែរដ្ឋាភិបាលគួរតែពិនិត្យមើលឲ្យបានហ្មត់ចត់ថា តើសកម្មភាពរបស់ខ្លួនសព្វថ្ងៃនេះបានបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានពេញលេញហើយឬនៅប៉ុណ្ណោះ។ នេះទើបជាកិច្ចការដែលរដ្ឋាភិបាលត្រូវខ្វល់ខ្វាយចំពោះការដឹកនាំរបស់ខ្លួនសព្វថ្ងៃនេះ៕