27 C
Phnom Penh

CNRP ភាគី​លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​លើ​បទឧក្រិដ្ឋ​នានា​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​ពី​ខាង​ភាគី​លោក សម រង្ស៊ី ព្រមាន​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​របស់​តុលាការ​ប្រទេស​បារាំង លើ​លោក សម រង្ស៊ី គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា បទឧក្រិដ្ឋ​នានា​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា គឺជា​ការ​ទទួល​ខុសត្រូវ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១១ ខែ​តុលា បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ថា សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ប៉ារីស ដែល​បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី រួច​ផុត​ពី​បទ​ចោទប្រកាន់ មិនមែន​គ្រាន់តែ​ជា​ជ័យជម្នះ​ផ្ទាល់ខ្លួន​របស់​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​ជា​ពន្លឺ​យុត្តិធម៌​ដ៏​ធំ​មួយ​សម្រាប់​ជន​ស្លូតត្រង់​ដែល​បាន​រងគ្រោះ​យ៉ាង​អយុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ប្រទេស​បារាំង បាន​ប្រកាស​សាលក្រម​ទម្លាក់​បទ​ចោទ​លើ​លោក សម រង្ស៊ី ចំពោះ​បណ្តឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ។

ទោះជា​បែប​នេះ​ក្តី លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​មេធាវី​បារាំង​របស់​លោក​កាលពី​ថ្ងៃ​អង្គារ ទី​១១ តុលា ថា សាលាដំបូង​ប្រទេស​បារាំង បាន​វិនិច្ឆ័យ​យ៉ាង​ច្បាស់​ថា ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី លើ​លោក ហ៊ុន សែន ដែល​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី គឺ​ពុំ​មាន​មូលដ្ឋាន និង​អំណះអំណាង​ច្បាស់លាស់។

ប្រភព​ដដែល​បញ្ជាក់​ថា តុលាការ​បារាំង​បាន​ចាត់ទុក​ថា លោក សម រង្ស៊ី មាន​មូលដ្ឋាន​អង្គហេតុ​តិចតួច​បំផុត​ក្នុង​ការ​គាំទ្រ​លើ​ការ​ចោទប្រកាន់​របស់​ខ្លួន ជាពិសេស​ករណី​ផ្តល់​រូបថត​ដែល​មាន​គុណភាព​មិន​ច្បាស់​អំពី​បំណែក​នៃ​ឧទ្ធម្ភាគចក្រ​ដែល​មិន​អាច​បញ្ជាក់​បាន​ថា បំណែក​នៃ​ឧទ្ធម្ភាគចក្រ​នោះ​កើត​ចេញពី​ការ​ផ្ទុះ​គ្រាប់បែក ឬ​ជា​ការ​ធ្លាក់​ធម្មតា​នោះ​ទេ ដោយសារ​មិន​មាន​របាយការណ៍​អ្នកជំនាញ​មក​សំអាង។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ដែរ​ថា លោក​អរគុណ​ចំពោះ​តុលាការ​បារាំង​ដែល​បាន​ផ្តល់​យុត្តិធម៌​សម្រាប់​រូបលោក។

លោក ហ៊ុន សែន បញ្ជាក់​ថា ពី​កម្ពុជា​ទៅ​ដល់​ប្រទេស​បារាំង លោក​ចង់​បាន​ត្រឹមតែ​ភាព​ស្អាតស្អំ ថា​លោក​មិនមែន​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី ដូច​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី តែប៉ុណ្ណោះ។

ចំណែក​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ តុលា នេះ​ដែរ​ថា លោក ហ៊ុន សែន អត់​ចេះ​អាន​អក្សរ​បារាំង​ទេ ហើយ​ក៏​មិន​អាច​ភូតភរ​ពលរដ្ឋ​បាន​ដែរ ព្រោះ​ថា​តុលាការ​បារាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​ចាញ់​ក្តី​ហើយ​ចំពោះ​មុខ​សាលាដំបូង​ទីក្រុង​ប៉ារីស។ ចំណែក​លោក សម រង្ស៊ី បាន​ឈ្នះ​ក្តី​ចំពោះ​មុខ​តុលាការ​លើ​សំណុំរឿង​នេះ។

ជុំវិញ​សាលក្រម​តុលាការ​ឯករាជ្យ​នៃ​ប្រទេស​បារាំង​នេះ ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី សុទ្ធតែ​អះអាង​ថា​ខ្លួន​ជា​អ្នក​ឈ្នះ​ក្តី​លើ​សំណុំរឿង​នេះ​ដូច​គ្នា ប៉ុន្តែ​អ្នក​សង្កេតការណ៍​លើកឡើង​ថា អ្នក​ដែល​ចាញ់ គឺ​មាន​តែ​ប្រជាជាតិ​ខ្មែរ​តែប៉ុណ្ណោះ ព្រោះ​អ្នក​នយោបាយ​ជាន់ខ្ពស់​ទាំងនោះ​បាន​យក​រឿង​កំប៉ិកកំប៉ុក​ទៅ​តតាំង​គ្នា​នៅ​តុលាការ​បរទេស ដែល​ជា​ការ​បន្តុះ​បង្អាប់​ពូជ​អម្បូរ​ខ្មែរ​ដែល​ធ្លាប់​តែ​មាន​ប្រវត្តិ​ថ្លៃថ្នូរ ដោយសារតែ​ការ​ចង់​ឈ្នះ​ចាញ់​របស់​អ្នក​នយោបាយ​ទាំងនោះ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ តុលា នេះ​ថា មេដឹកនាំ​នយោបាយ​ចាស់ៗ​គួរ​តែ​រៀន​អត់ឱន​ទុក​មុខ​ទុក​មាត់​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ លោក​បន្ថែម​ថា គួរ​តែ​ខ្មាស​តុលាការ​ប្រទេស​បារាំង​ទៅវិញ​ទេ​ដែល​គេ​បាន​កាត់​ក្តី​ដោយ​យក​គោលការណ៍​សមធម៌ អនុគ្រោះ និង​យោគយល់​រវាង​ភាគី​ដែល​ប្រើ​សិទ្ធិ និង​ភាគី​ដែល​មាន​អំណាច​របស់​កម្ពុជា​លើ​បណ្តឹង​នេះ។

កាលពី​ខែ​សីហា ឆ្នាំ​២០១៩ លោក ហ៊ុន សែន និង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​លោក ហុក ឡង់ឌី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ថ្នាក់​ទាប​នៃ​ប្រទេស​បារាំង ប្ដឹង​លោក សម រង្ស៊ី ពី​បទ «បរិហារ​កេរ្តិ៍» បន្ទាប់ពី​លោក សម រង្ស៊ី បាន​អះអាង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​ចោទ​ថា លោក ហ៊ុន សែន បាន​ដាក់​គ្រាប់បែក​សម្លាប់​លោក ហុក ឡង់ឌី កាលពី​ឆ្នាំ​២០០៨ បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​អះអាង​ថា ការ​ស្លាប់​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​រូប​នោះ​ជា​ការ​ស្លាប់​ដោយ​រន្ទះ​បាញ់​បង្ក​ឡើង​ដោយ​គ្រោះធម្មជាតិ​ក៏ដោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស