41.3 C
Phnom Penh

កម្ពុជា-វៀតណាម​ប្ដេជ្ញា​គោរព​ឯករាជ្យ​អធិបតេយ្យ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្ដេជ្ញា​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​គោរព​ឯករាជ្យ អធិបតេយ្យ​ជាតិ​ប្រទេស​នីមួយៗ និង​បំផុសបំផុល​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ចលនា​បង្ការ​ប្រឆាំង​បទល្មើស​ឆ្លងដែន​នៅ​តំបន់​ព្រំដែន។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក លឿង តាមក្វាង ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​រវាង​កងកម្លាំង​នគរបាល​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​សកម្មភាព​ឃោសនា​បំផុស​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​ចូលរួម​ក្នុង​ចលនា​បង្ការ​ប្រឆាំង​បទល្មើស​ឆ្លងដែន សំដៅ​ធានា​សុវត្ថិភាព សន្តិសុខ​តាម​បណ្តា​ភូមិ ឃុំ ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព។

ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​កម្ពុជា និង​វៀតណាម នឹង​បង្កើន​ការ​ល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយ លើក​កម្ពស់​ការ​យល់ដឹង​របស់​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ឲ្យ​គោរព​ឯករាជ្យ អធិបតេយ្យ​ជាតិ ច្បាប់ ទំនៀមទម្លាប់​ប្រពៃណី​នៃ​ប្រទេស​នីមួយៗ ដោយ​គោរព​ប្រតិបត្តិ​លក្ខន្តិកៈ​គ្រប់គ្រង​ព្រំដែន ដើម្បី​ផ្លាស់ប្ដូរ ឬ​ទទួល​ព័ត៌មាន​ដោះស្រាយ​ហេតុការណ៍​ជាយថាហេតុ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា។

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ជំរុញ និង​បង្កើន​កិច្ចសហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ទប់ស្កាត់​មុខសញ្ញា​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ដូចជា​បទល្មើស​គ្រឿងញៀន ការ​ឆ្លងដែន​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស ជាដើម។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន មិន​បាន​បដិសេធ​ទៅ​នឹង​សំណើ​នេះ​ទេ។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោល​នយោបាយ​ចំពោះ​អាណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​បាន​បណ្ដេញ​ជនបរទេស​ខុស​ច្បាប់​ចំនួន ១៥៧​នាក់​ចេញពី​កម្ពុជា ក្នុង​នោះ​ជនជាតិ​វៀតណាម​ចំនួន ១៥៣​នាក់ ខណៈ ៤​នាក់​ទៀត​ជា​ជនជាតិ​ចិន ដោយ​ផ្អែក​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​របស់​កម្ពុជា។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បញ្ជាក់​ថា ជនបរទេស​ចំនួន ១៥៧​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​កម្ពុជា ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​ត្រូវ​ធ្វើ​ការ​បណ្ដេញ​ចេញ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ និង​ហាមឃាត់​ការ​ចូល​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ​ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនបរទេស​អន្តោប្រវេសន្ត​នៅ​កម្ពុជា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស