27.5 C
Phnom Penh

កូដករ​ណាហ្គា​ធ្វើ​ពិធី​កាន់ទុក្ខ​ឱ្យ​ក្រសួង​ស្ថាប័ន​៦​ដែល​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ធ្វើ​ពិធី​កាន់ទុក្ខ​ក្រសួង-ស្ថាប័ន​ចំនួន​៦ ដែល​ពួកគេ​អះអាង​ថា អសមត្ថភាព និង​គ្មាន​ឆន្ទៈ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​ដល់​ពួកគេ។

ក្រសួង-ស្ថាប័ន​ទាំង​៦ ដែល​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ធ្វើ​ពិធី​កាន់ទុក្ខ​នា​ថ្ងៃ​សុក្រ​នេះ មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ ក្រសួង​កិច្ចការ​នារី ក្រសួង​យុត្តិធម៌ សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋសភា។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​កូដករ​ណាហ្គា​ជិត ១០០​នាក់​បាន​នាំគ្នា​ធ្វើ​ពិធី​បែប​សាសនា ដោយ​ដង្ហែ​ស៊ុម​ឈ្មោះ​ក្រសួង​ស្ថាប័ន​ទាំង​៦ ដោយ​ភ្ជាប់​ជាមួយ​ភ្លេង​ហែ​សព​អម​ជាមួយ​នឹង​បដា​ទាមទារ​ដំណោះស្រាយ។

ការ​ធ្វើ​ពិធី​កាន់ទុក្ខ​ដោយ​ដង្ហែ​ស៊ុម​ឈ្មោះ​ក្រសួង និង​ស្ថាប័ន​នេះ ចាប់ផ្ដើម​ចេញពី​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​២ ទៅ​កាន់​ណាហ្គា​វើលដ៍​ទី​១ នៅ​ជិត​កោះពេជ្រ។

អ្នកនាង ចាន់ ស្រីរ័ត្ន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ជា​កូដករ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ក្រសួង និង​ស្ថាប័ន​ទាំង ៦ នេះ គ្មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ទៅ​ថៅកែ​ក្រុមហ៊ុន​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​វើលដ៍ ហើយ​មក​គំរាមកំហែង​ពលរដ្ឋ​ខ្លួនឯង​ដើម្បី​ការពារ​ក្រុមហ៊ុន។

យ៉ាងណា ការ​ធ្វើ​កូដកម្ម​លើក​បដា និង​ធ្វើ​បែប​សាសនា​របស់​កូដករ​ណាហ្គា​វើលដ៍​ជិត ១០០​នាក់​នា​ថ្ងៃ​សុក្រ​នេះ ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​អូស​បន្លាយ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ​ក្រោយពី​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។ យ៉ាងណា បុគ្គលិក​ដែល​ចេញ​ធ្វើ​កូដកម្ម អះអាង​ថា ការ​បញ្ឈប់​នេះ​ដោយសារតែ​ថៅកែ​ក្រុមហ៊ុន​មាន​ចេតនា​រំលាយ​សហជីព​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ឲ្យ​កម្មករ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស