40.9 C
Phnom Penh

យោធា​ណាតូ​ព្រមាន​រុស្ស៊ី​ថា​បើ​ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ​គឺ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​ណាតូ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ណាតូ (NATO) រយៈពេល ២​ថ្ងៃ​នៅ​ក្នុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​ព្រមាន​រុស្ស៊ី​ថា បើ​ក្រុង​មូស្គូ ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ គឺជា​ការ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​ណាតូ​ហើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Business Standard នៅ​ថ្ងៃ​សុក្រ ទី​១៤ តុលា នេះ។

ការ​ព្រមាន​របស់​មេដឹកនាំ​អង្គការ​យោធា​ណាតូ បាន​ធ្វើឡើង​នៅ​មុន​កងទ័ព​ណាតូ​ធ្វើ​សមយុទ្ធ​ទ័ព​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​នេះ។

សមយុទ្ធ​របស់​ទ័ព​នុយក្លេអ៊ែរ​ណាតូ​ដែល​ដាក់​រហស្សនាម​ថា Steadfast Noon មាន​យន្តហោះ​ចម្បាំង​មកពី ១៤​ប្រទេស។ សមយុទ្ធ​នេះ​សំដៅ​ពង្រឹង​កង​អង្គភាព​ទ័ព​នុយក្លេអ៊ែរ។

តាម​ប្រភព​ដដែល​នេះ យន្តហោះ​ចម្បាំង​ជាច្រើន​របស់​ណាតូ នឹង​ត្រូវ​បាន​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ តែ​មិន​ទម្លាក់​អាវុធ​នេះ​នៅ​ពេល​សមយុទ្ធ​នោះ​ទេ។

សមយុទ្ធ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​នៅ​លើ​ផ្ទៃសមុទ្រ​ខ្មៅ​មាន​ចម្ងាយ ១​ពាន់​គីឡូម៉ែត្រ​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រុស្ស៊ី នៅ​តំបន់​គ្រីមៀ។

ការ​ព្រមាន​របស់​អគ្គលេខាធិការ​ណាតូ​ដូចនេះ ធ្វើឡើង​ចំ​ពេល​ក្រុង​មូស្គូ​ព្រមាន​វាយប្រហារ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​លើ​កងទ័ព​អ៊ុយក្រែន ហើយ​ក៏​ចំ​ពេល​ដែល​រុស្ស៊ី​ថា​ខ្លួន​គេ​នឹង​បាញ់​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ Poseidon ដែល​មាន​អានុភាព​បំផុត ដោយ​បាញ់​ចេញពី​នាវាមុជទឹក​របស់​រុស្ស៊ី Belgorod។

លោក Stoltenberg បាន​ថ្លែង​ថា ណាតូ​បាន​តាមដាន​ជាប់​ជានិច្ច​ចំពោះ​សកម្មភាព​ទ័ព​រុស្ស៊ី ដែល​មាន​ផែនការ​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​ដ៏​គ្រោះថ្នាក់​បំផុត​នេះ។

នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី ដោយ​រួម​ទាំង​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ផង បាន​ព្រមាន​ថា​បើ​សន្តិសុខ​រុស្ស៊ី​ត្រូវ​បាន​គំរាម​ធ្ងន់ធ្ងរ គឺជា​ជម្រើស​មួយ​ដែល​ចាំបាច់​ត្រូវ​រុស្ស៊ី​ឆ្លើយ​ដោយ​អាវុធ​នុយក្លេអ៊ែរ។ រុស្ស៊ី​ព្រមាន​ថា បើ​ទឹកដី​បំបែក​ខ្លួន​ពី​អ៊ុយក្រែន ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយ​យក​បាន​មក​វិញ គឺ​ស្មើ​នឹង​ទឹកដី​រុស្ស៊ី​ត្រូវ​គេ​ឈ្លានពាន ដែល​បង្ខំ​ឱ្យ​រុស្ស៊ី​ឆ្លើយតប​ទោះ​ជា​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប្រ៊ុចសែល លោក Stoltenberg មិន​បាន​បញ្ជាក់​ថា​យោធា​ណាតូ​នឹង​បាញ់​អាវុធ​នុយក្លេអ៊ែរ​ឆ្លើយតប​នឹង​ទ័ព​រុស្ស៊ី ឬ​យ៉ាង​ណា​នោះ​ទេ តែ​លោក​ព្រមាន​ថា ពិត​ណាស់​នឹង​មាន​ប្រតិកម្ម​ពី​ណាតូ ដែល​ណាតូ​ចាត់ទុក​ថា​រុស្ស៊ី​បាន​ដើរ​ជាន់​បន្ទាន់​ក្រហម​របស់​ណាតូ​ហើយ។

លោក​អគ្គលេខាធិការ​ណាតូ អះអាង​ថា ទោះ​ជា​រុស្ស៊ី​បាញ់​ប្រហារ​ត្រឹមតែ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​មួយ គឺ​ពិត​ណាស់​ជា​ការ​បង្ក​សង្គ្រាម​ដ៏​វិនាសកម្ម​បំផុត ដែល​ណាតូ​ត្រូវ​ប្រតិកម្ម​ភ្លាម។ លោក​ព្រមាន​ថា ក្រុង​មូស្គូ​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ក៏​បាន​បញ្ជូន​សារ​ព្រមាន​រុស្ស៊ី​ផង​ដែរ។ លោក​ថា រុស្ស៊ី​ត្រូវ​ដកថយ​ទៅវិញ​នូវ​ចលនា​ឆ្ពោះ​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ។ លោក​ថា សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​ដែរ គឺ​អាមេរិក​មិន​ចង់​ឱ្យ​រុស្ស៊ី​រុញ​អាមេរិក​ក្នុង​សង្គ្រាម​ប្រល័យ​លោក​នេះ​ទេ។

លោក​ប្រាប់​ទៅ​រុស្ស៊ី​ឱ្យ​ចេះ​ការពារ​អាយុជីវិត​មនុស្ស​ជាតិ​ផង ដែល​លោក​ថា​សម័យ​នេះ ពិភពលោក​មាន​ច្បាប់​មាន​ទម្លាប់។ លោក​ថា អាមេរិក​ពិត​ជា​មិន​ចង់​ឲ្យ​ពិភពលោក​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​នេះ​ទេ។

ចំណែក​ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប Josep Borrell ដែល​ត្រូវ​បាន​ស្នើ​ឱ្យ​មក​ចូល​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ណាតូ​ផង​ដែរ លោក​បាន​ព្រមាន​រុស្ស៊ី​ថា​ប្រយ័ត្ន​ស្ដាយ​ក្រោយ។ លោក​បាន​ប្រាប់​ទៅ​ក្រុង​មូស្គូ ឲ្យ​បោះបង់​ចោល​ផែនការ​បង្ក​សង្គ្រាម​ប្រល័យ​លោក​ដូចនេះ។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស Ben Wallace បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អង់គ្លេស​ពិត​ជា​មិន​ចង់​ឃើញ​សង្គ្រាម​ដូចនេះ​ផ្ទុះឡើង​នោះ​ទេ តែ​បើ​ជៀស​មិន​រួច ក៏​អង់គ្លេស​មិន​រត់​ចោល​សមរភូមិ​ដែរ។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ណាតូ រហូត ១៥​ប្រទេស បាន​ប្រកាស​ជួយ​អ៊ុយក្រែន​វាយ​ការពារ​ទឹកដី​របស់​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ប្រទេស​ទាំង ១៥ នេះ ក៏​មាន​សហរដ្ឋ​អាមេរិក​មួយ​ដែរ សម្រេច​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​ឱ្យ​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់ អ្នកស្រី Christine Lambrecht បញ្ជាក់​ថា តាមរយៈ​កិច្ច​ផ្ដួចផ្ដើម​នេះ គឺ​ណាតូ​កំពុង​បំពេញ​ការ​ទទួល​ខុសត្រូវ​រួម​សម្រាប់​សន្តិសុខ​នៅ​អឺរ៉ុប​ទាំងមូល គឺ​ចាំបាច់​ត្រូវ​ជួយ​អ៊ុយក្រែន។

អ្នកស្រី Lambrecht បង្ហើប​ថា ជម្រើស​ដំបូង​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន រួម​មាន​ប្រព័ន្ធ​មីស៊ីល Arrow 3, Patriot និង​ប្រព័ន្ធ​មីស៊ីល IRIS-T ដែល​អាល្លឺម៉ង់​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន​ហើយ​នោះ។

មក​ដល់​ពេលនេះ ក្រុង​មូស្គូ​មិន​ទាន់​ឃើញ​ប្រតិកម្ម​នឹង​ការ​ព្រមាន​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ណាតូ​នៅឡើយ​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​សហព័ន្ធ​រុស្ស៊ី លោក Alexander Venediktov និយាយ​ថា ការ​យល់ព្រម​ឲ្យ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ណាតូ អាច​បណ្តាល​ឱ្យ​មាន​សង្គ្រាម​លោក​លើក​ទី​៣។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន TASS របស់​រុស្ស៊ី លោក Venediktov បាន​បញ្ជាក់​ថា ទីក្រុង​គៀវ ដឹង​យ៉ាង​ច្បាស់​ថា ជំហរ​បែប​នេះ​នឹង​រុញ​ឱ្យ​មាន​ការ​កើន​ឡើង​កម្តៅ​ឈាន​ទៅ​ដល់​សង្គ្រាម​លោក​លើក​ទី​៣។ លោក Venediktov ព្រមាន​លោក​ខាងលិច​ថា តាមរយៈ​ការ​ជួយ​អ៊ុយក្រែន គឺ​រុស្ស៊ី​ចាត់ទុក​ណាតូ​ជា​ភាគី​ផ្ទាល់​នៃ​ជម្លោះ​ជាមួយ​នឹង​រុស្ស៊ី។

ការ​ព្រមាន​របស់​មន្ត្រី​សន្តិសុខ​របស់​រុស្ស៊ី ធ្វើឡើង​គឺជា​ការ​ឆ្លើយតប​ការ​ដែល​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេ​ឡេនស្គី បាន​ចេញ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពី​សប្ដាហ៍​មុន អំពី​ការ​ដាក់​ពាក្យ​ជា​ផ្លូវការ​សុំ​ចូល​ជា​សមាជិក​ណាតូ​ជា​ថ្មី​ម្ដង​ទៀត ហើយ​មក​ដល់​ពេលនេះ​មាន ១០​ប្រទេស​ក្នុង​ចំណោម ៣០​ប្រទេស​នៃ​សមាជិក​ណាតូ បាន​ប្រកាស​គាំទ្រ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស