33 C
Phnom Penh

កូដករ​ណាហ្គា​៤​នាក់​ស្នើសុំ​តុលាការ​ពន្យារ​ពេល​ចូល​បំភ្លឺ​ដោយសារ​ពុំ​ទាន់​មាន​មេធាវី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ណាហ្គា​វើលដ៍​ចំនួន ៤​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា នេះ បាន​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ ដោយសារ​ពួកគេ​ទើប​ទទួល​បាន​ដីកា​កោះហៅ និង​មិនទាន់​មាន​មេធាវី​ការពារ​សិទ្ធិ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ចេញ​ដីកា​កោះហៅ​កូដករ​ចំនួន ៤​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែ​តុលា នេះ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ការ​កោះហៅ​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​ប្ដឹង​កូដករ​ជា​ស្ត្រី​ចំនួន ៤​នាក់ ពី​បទ «រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» និង «ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់»។

កញ្ញា សៀក បញ្ញា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា មូលហេតុ​ដែល​កញ្ញា និង​អ្នក​ផ្សេង​ទៀត​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ ដោយសារ​ពួកគាត់​មិនទាន់​រក​មេធាវី​ដើម្បី​ឲ្យ​ជួយ​ការពារ​សិទ្ធិ​បាន​នៅឡើយ។ បន្ថែម​ពី​នេះ កញ្ញា​ក៏​មិនទាន់​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​បំភ្លឺ​ដែរ ខណៈ​កញ្ញា និង​អ្នក​ផ្សេង​ទៀត​ទើប​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​នៅ​ថ្ងៃទី​១៥ ខែ​តុលា។

កូដករ​ចាត់ទុក​ការ​កោះហៅ​របស់​តុលាការ​ជា​ការ​គំរាមកំហែង ដើម្បី​បំបាក់​ស្មារតី​ពួកគាត់​មិន​ឲ្យ​ធ្វើ​កូដកម្ម​ទៀត​តែប៉ុណ្ណោះ។

កញ្ញា​បញ្ជាក់​ថា ទោះបីជា​ពួកគាត់​ជាប់​បណ្ដឹង​នៅ​តុលាការ​ដោយសារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប្ដឹង ប៉ុន្តែ​កញ្ញា និង​កូដករ​ផ្សេង​ទៀត​នៅតែ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ដដែល បើ​ក្រុមហ៊ុន​ល្បែង​នេះ​នៅ​តែ​មិន​ព្រម​ដោះស្រាយ​ជូន​ពួកគាត់​នោះ។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឯកអគ្គរាជទូត​អូស្ត្រាលី លោក Pablo Kang បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ខិតខំ​បន្ត​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ភាគី​ទាំង​សងខាង​ផង​ដែរ។

ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​កើតឡើង​ជាង ១​ឆ្នាំ​ហើយ​រហូត​មក​ដល់​ពេលនេះ មិនទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ ខណៈ​អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទទួលស្គាល់​ថា ការ​អូស​បន្លាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ការ​មិន​អាច​ដោះស្រាយ​បាន ដោយ​លោក​ថា​រឿង​នេះ​មិនមែន​ជា​រឿង​តូចតាច។

មួយ​វិញ​ទៀត លោក​ថា​ភាគី​ជម្លោះ​ប្រកាន់​យក​ជំហរ​ដាច់ខាត​រៀង​ខ្លួន ខណៈ​ដែល​ក្រសួង​បាន​ត្រឹម​តែ​ដើរ​តួនាទី​ជា​អ្នក​ផ្សះផ្សា​វិវាទ ប៉ុន្តែ​គ្មាន​សិទ្ធិ​ដាក់​សម្ពាធ​បង្ខំ​ភាគី​ណា​មួយ​ឡើយ។

បុគ្គលិក​ដែល​បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជាង ៩​ខែ​មក​នេះ អះអាង​ថា ការ​បញ្ឈប់​បុគ្គលិក ១៣២៩​នាក់ មិនមែន​ដោយសារ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩ ទេ ប៉ុន្តែ​កន្លងមក ថៅកែ​មាន​ចេតនា​រំលាយ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ឱ្យ​អស់​ពី​ក្រុមហ៊ុន​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស