28 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទាមទារ​អំណាច​ក្រោយ​បោះឆ្នោត​គឺ​ជា​ទម្រង់​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត គឺជា​ទម្រង់​នៃ​ការ​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ផ្ទៃក្នុង​ជាតិ ពុំ​មែន​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ឡើយ។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា នេះ ទំនង​សំដៅ​ដល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ ថា ទិសដៅ និង​គោលបំណង​របស់​គណបក្ស​នយោបាយ​សំខាន់​បំផុត​នោះ គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដោយ​អហិង្សា ឬ​អាច​ចាត់ទុក​ថា​ជា​ការ​ដណ្តើម​អំណាច​តាមរយៈ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​ប្រើប្រាស់​ឆន្ទៈ និង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ជាតិ​ទាំងមូល។

លោក មុត ចន្ថា លើកឡើង​ថា ការ​ទាមទារ​នូវ​ការ​បែងចែក​អំណាច​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ឆ្នោត​ក្នុង​រដ្ឋសភា ទោះបី​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​ចម្រុះ​ក៏ដោយ គឺ​តែងតែ​កើតមាន​ឡើង​ជា​ធម្មតា​នៅ​ក្រោយ​ការ​បោះឆ្នោត ហើយ​ការ​បែងចែក​អំណាច​បែប​នេះ​មិនមែន​ជា​ការ​អនុវត្ត​ដោយ​ខុស​ច្បាប់ ឬ​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ណា​មួយ​នោះ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​បោះឆ្នោត​ក្នុង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ គឺ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​គ្នា​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា ហើយ​គណបក្ស​ដែល​ឈ្នះ​សំឡេង​បន្ទាប់​ដែល​បាន​ដើរ​តួនាទី​ជា​គណបក្ស​ជំទាស់ គឺ​ដើម្បី​ធានា​នូវ​យន្តការ​ត្រួតពិនិត្យ​តុល្យភាព​អំណាច តាមរយៈ​សកម្មភាព​ផ្សេងៗ ដូចជា​ការ​ធ្វើ​បាតុកម្ម​អហិង្សា ជាដើម គឺ​ក្នុង​វត្ថុបំណង​ដើម្បី​ធានា​នូវ​ការ​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​តម្លាភាព​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ទំនង​ជា​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​រំលាយ និង​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា ដែល​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឡើងវិញ ប៉ុន្តែ​ក្រោយ​មាន​ការ​ចរចា​នយោបាយ ការ​តវ៉ា​ទាមទារ​នោះ​ក៏​បាន​ស្ងប់ស្ងាត់​ទៅវិញ។ ​ក្រោយ​ការ​តវ៉ា​ទាមទារ​ប្រមាណ​ជា ៤​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពី​បទ ឧបឃាត ឬ​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​អំឡុង​ពេល​នៃ​ការ​តវ៉ា​ទាមទារ​កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក្នុង​សវនាការ​ទី​៥៨ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​លើក​យក​អង្គហេតុ​បដិវត្តន៍​ពណ៌​មក​សាកសួរ​លោក កឹម សុខា ជុំវិញ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​កន្លែង​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​គេ​ចោទ​ថា បាន​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​របស់​អង្គការ CANVAS ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​កន្លងទៅ ប៉ុន្តែ​លោក កឹម សុខា បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ​ទាំងស្រុង។

យ៉ាងណាក៏ដោយ ការ​ចោទប្រកាន់​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ចេតនា​នយោបាយ​របស់​បក្ស​កាន់​អំណាច ក្នុង​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ព្យាករ​ថា​នឹង​ឈ្នះ​ឆ្នោត​លើ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន នៅ​អាណត្តិ​បន្ទាប់​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ដែល​ត្រូវ​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជា​បន្តបន្ទាប់ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​គេ​ដឹង​យ៉ាង​ច្បាស់​ថា គឺជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា បើ​មាន​ធាតុ​ផ្សំ​ណា​មួយ​នៅ​មាន​ការ​សង្ស័យ តុលាការ​ត្រូវតែ​ឱ្យ​ជន​ជាប់ចោទ​រួច​ខ្លួន​ជាដាច់ខាត មិន​អាច​បន្ត​ឃុំ​ខ្លួន​ទៀត​បាន​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស