29 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រម​ទាំង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ដោយ​ចោទប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​លោក​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា។

លោក យុង ផានិត មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​កូនក្ដី​របស់​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ និង​បង្គាប់​ទៅ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក សម រង្ស៊ី ផង​ដែរ។

ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​កំបាំង​មុខ​ជន​ជាប់ចោទ។

ការ​ចោទប្រកាន់ និង​កាត់ទោស​លោក សម រង្ស៊ី ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ដោយ​តុលាការ​ផ្អែក​លើ​ភស្តុតាង​ដែល​នគរបាល​យុត្តិធម៌ និង​ឯកសារ​ដែល​លោក សម រង្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា លោក កុក ស នៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣។

បើ​តាម​កិច្ចព្រមព្រៀង​នោះ លោក សម រង្ស៊ី បាន​សន្យា​កាត់​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​នៅ​ភូមិភាគ​ឦសាន ប្រគល់​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ បន្ទាប់ពី​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ខេត្ត​ទាំងនោះ​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។

ក្រៅពី​សំណុំរឿង​ខាងលើ​នេះ លោក សម រង្ស៊ី កំពុង​ជាប់​ចោទ​សំណុំរឿង «រួម​គំនិត​ក្បត់» មួយ​ទៀត ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​លើក​ទី​ពីរ​របស់​អ្នកស្រី មូរ សុខហួរ កាលពី​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២១។ សំណុំរឿង «រួម​គំនិត​ក្បត់» នេះ បច្ចុប្បន្ន​តុលាការ​កំពុង​ដំណើរការ​សវនាការ​ដោយ​មាន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣៩​នាក់។

ចំណែក​សំណុំរឿង​ដែល​តុលាការ​បាន​ប្រកាស​ផ្ដន្ទាទោស​លោក សម រង្ស៊ី នា​ពេល​កន្លងមក ក្នុង​នោះ​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ឆ្នាំ​២០១៩៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស