បុរសខ្លាំងកម្ពុជាដឹកនាំដោយការលុបបឹង និងកាប់ព្រៃ លោក ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើជាង ១០ហិកតារនៅខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគឱ្យជាកម្មសិទ្ធិធនាគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ។
មេដឹកនាំបក្សកាន់អំណាចដែលចូលចិត្តលុបបឹង និងកាប់ព្រៃដើម្បីអភិវឌ្ឍ លោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ ១០ហិកតារ ៤០អា និង ៣៩សង់ទីអា ដែលត្រូវបានគេទម្លាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។
នាយករដ្ឋមន្ត្រីដែលចូលចិត្តប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ព្រមទាំងរដ្ឋមន្ត្រីគ្រប់ក្រសួងដែលពាក់ព័ន្ធ និងអភិបាលខេត្តនេះ គឺលោក គួច ចំរើន ទទួលខុសត្រូវអនុវត្តតាមអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព។
ការចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុ នេះ ត្រូវគេដឹងថា មិនមែនជាលើកទីមួយទេដើម្បីផ្តល់សិទ្ធិកាន់កាប់ដល់ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនជាហូរហែរហូតមក។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីទំហំជាង ១០ហិកតារចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្ដល់ជូនធនាគារកាណាឌីយ៉ាដែលគេស្គាល់ថាមានឧកញ៉ា ពុង ឃាវសែ ជាថៅកែដ៏មានឥទ្ធិពលក្នុងធនាគារនេះ ដែលធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីពេល កន្លងទៅ។
យ៉ាងណាក៏ដោយ ពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ តែងស្នើឱ្យលោក ហ៊ុន សែន ជួយពិនិត្យចំពោះការអនុវត្តការងាររបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថាតើពួកគេបានបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវដែរឬទេ ជាពិសេសជួយពិនិត្យទៅលើឯកសារស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុ នេះ។
ទាក់ទិននឹងការចេញអនុក្រឹត្យកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ នេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ដីទំហំ ៦០០ហិកតារស្ថិតក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះដែរ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋឲ្យទៅឧកញ៉ាពីររូប គឺឧកញ៉ា សេង ញ៉ក និងជំទាវ លី អាផណ ដែលត្រូវជាសាច់ញាតិរបស់ឧកញ៉ា លី យ៉ុងផាត់ ដើម្បីធ្វើការអភិវឌ្ឍ។
ជាងនេះទៀត កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏ធ្លាប់បានចេញអនុក្រឹត្យកាត់ដីជាង ៤៤ហិកតារចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីបង្កើតរបស់លោក និងបណ្ដាញបក្ខពួកមួយចំនួនថែមទៀត។
ទាក់ទិននឹងបញ្ហានេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់បានសំដែងការព្រួយបារម្ភកាលពីពេលកន្លងទៅថា អាជ្ញាធរត្រូវពន្យល់ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់ពីការកាត់ដីគម្របព្រៃឈើនេះ និងការធ្វើអនុបយោគតំបន់ផ្សេងៗទៀតកន្លងមក ក្នុងនោះក៏មានបឹងតាមោក និងបឹងមួយចំនួនទៀតឲ្យបានច្បាស់លាស់ផងដែរ ដើម្បីធានានូវតម្លាភាពក្នុងការដឹកនាំរបស់រដ្ឋាភិបាល។
មន្ត្រីអង្គការឃ្លាំមើលការអភិវឌ្ឍសង្គមចំនួន ២ស្ថាប័ន រួមមានអង្គការលីកាដូ (LICADHO) និងអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ ស៊ីអិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ ធ្លាប់បានបង្ហាញកង្វល់កាលពីពេលកន្លងទៅថា សព្វថ្ងៃនេះដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋាភិបាលបានរក្សាទុក កំពុងរងការបំផ្លាញ និងពុះច្រៀកធ្វើកម្មសិទ្ធិឯកជនឱ្យទៅអ្នកមានទ្រព្យធន និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជាព្រោងព្រាត។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក គួច ចំរើន និងលោក ជា សុផារ៉ា ដើម្បីបំភ្លឺជុំវិញការកាត់ឆ្វៀលដីគម្របព្រៃឈើនេះបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕