26 C
Phnom Penh

លោក កឹម សុខា៖ ការ​តាមដាន​សំណុំរឿង​របស់​លោក​ជា​ការ​រួម​ចំណែក​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា លោក កឹម សុខា លើកឡើង​ថា ការ​តាមដាន​លើ​សំណុំរឿង​របស់​លោក​ពី​សំណាក់​មជ្ឈដ្ឋាន​នានា គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ថា បន្ទាប់ពី​សវនាការ​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល និង​ដើម្បី​ឈាន​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​ខាងមុខ ដែល​មាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​បាន​តាមដាន និង​ចាប់អារម្មណ៍​អំពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក ពួកគេ​នៅតែ​មាន​ចម្ងល់​ពី​ការ​អូស​បន្លាយ​រឿង​ក្តី​នេះ​ដដែល។

លោក កឹម សុខា សម្ដែង​នូវ​អំណរគុណ​ដល់​អ្នក​ឃ្លាំមើល អ្នកវិភាគ ពលរដ្ឋ អ្នក​ការទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​ឈឺឆ្អាល និង​បាន​តាមដាន​អំពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​រូបលោក​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា លោក Jacques PELLET បាន​ជួប​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ទាប់ពី​សវនាការ​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​នានា​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២។ ក្នុង​ជំនួប​នេះ លោក កឹម សុខា ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ឯកអគ្គរដ្ឋទូត និង​សហការី ក៏ដូចជា​រដ្ឋាភិបាល​បារាំង​ផង​ដែរ។ ជាង​នេះ​ទៀត លោក​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​សហភាព​អឺរ៉ុប ដែល​បាន​តាមដាន​ដំណើរការ​របស់​តុលាការ និង​លើកឡើង​ជា​ញឹកញាប់​អំពី​ករណី​សិទ្ធិ និង​សេរីភាព​របស់​លោក​រហូត​មក។

កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​ទៅ​លើ​បទ​ចោទ សន្ទិដ្ឋភាព ឬ​អំពើ​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ ដើម្បី​ការពារ​សំណុំរឿង​នេះ​ពី​សំណាក់​មេធាវី​ការពារ​ក្តី​ទាំង​សងខាង​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ។

សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់ក្តី​នៅ​កម្ពុជា ហើយ​បញ្ហា​នេះ​ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ត្បិត​តុលាការ​កម្ពុជា​ត្រូវ​គេ​រិះគន់​ថា​ជា​ស្ថាប័ន​ដែល​លម្អៀង និង​បម្រើ​ផលប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink អះអាង​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ទី​គាប់ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពី​ដំណោះស្រាយ​នយោបាយ​របស់​ខ្លួន តាមរយៈ​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស