38.8 C
Phnom Penh

បទ​អធិប្បាយ៖ តំណែង​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ មិន​ចាត់ទុក​ជា​ការ​ប្រទាន​របស់​ទេវតា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​បណ្ដា​ប្រទេស​ដែល​ប្រកាន់ខ្ជាប់​នូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​អហិង្សា គឺ​មេដឹកនាំ​ប្រទេស​នោះ រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី រហូត​ដល់​ប្រធានាធិបតី គេ​ចាត់ទុក​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​ធំ​ជាង​ផលប្រយោជន៍​របស់​បក្សពួក​ខ្លួនឯង និង​ធំ​ជាង​គ្រួសារ​ទៀត​ផង។

មេដឹកនាំ​ទាំងនោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឱ្យ​តែ​មាន​រឿង​អាស្រូវ​បន្តិចបន្តួច​កំប៉ិកកំប៉ុក គឺ​មិន​ចាំបាច់​ចោទ​ដល់​ក្បត់​ជាតិ​នោះ​ទេ ក៏​ពួកគេ​ទម្លាក់​អំណាច​មិន​ក្រាញ​ននៀល​ដូច​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ដែល​ចាញ់​ឆ្នោត​ហើយ​ទៅ​បំបែក​ទឹកដី ធ្វើ​អបគមន៍ និង​ធ្វើ​រដ្ឋប្រហារ​ដោយ​បង្ហូរ​ឈាម​ជាតិ​សាសន៍​ខ្លួនឯង ដើម្បី​តែ​អំណាច បំផ្លាញ​សម្បត្តិ​ជាតិ​របស់​ខ្លួន និង​កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​គ្រួសារ និង​បក្សពួក​របស់​ខ្លួន។

មេដឹកនាំ​ប្រកាន់​អត្តចរិត​បែប​នេះ តែង​ចាត់ទុក​គូប្រជែង​នយោបាយ​ជា​សត្រូវ​ស្លាប់​រស់​របស់​ខ្លួន ដោយ​ព្យាយាម​កម្ចាត់​គូប្រកួត​នោះ​មិន​ឱ្យ​ឈរ​ក្បែរ​សង្វៀន​ប្រកួត​នោះ​ទេ ទោះបី​គូប្រកួត​នោះ​មាន​ភាព​សុចរិត​ក្នុង​ជីវិត​នយោបាយ​ស្មោះត្រង់​នឹង​ជាតិ​យ៉ាងណាក៏ដោយ​នោះ។

គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មាន​ចរិត​ផ្ដាច់ការ​កោង​កាង​ដូចនេះ ភាគច្រើន​នៅ​ប្រទេស​អាហ្វ្រិក នៅ​អាស៊ី ហើយ​ក៏​មាន​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅថា ASEAN ផង​ដែរ។

ក្នុង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ គេ​កត់សម្គាល់​ថា យ៉ាងតិច​មាន​ប្រទេស​ពីរ ឬ​បី​ដែល​បាន​ប្លន់​អំណាច​ពី​អ្នក​ឈ្នះ​ឆ្នោត ហើយ​រក​មធ្យោបាយ​កម្ទេច​គូប្រកួត​ថែម​ទៀត។

មេដឹកនាំ​រូប​នោះ​បាន​រំលាយ​សង្វៀន​ប្រកួត ហើយ​ឡើង​ប្រកួត​តែ​ម្នាក់​ឯង​ដោយ​បង្ហាញ​សាច់ដុំ​អួត​ប្រាប់​គេ​ថា «យើង​ជា​អ្នក​ខ្លាំង​តែ​ម្នាក់​គត់​នៅ​លើ​សង្វៀន​នេះ»។

ការពិត បុរស​រូប​នេះ​ឡើង​ប្រកួត​ដែល​គ្មាន​គូប្រកួត​នោះ គឺ​ដោយសារតែ​ប្រើ​អំណាច​របស់​ខ្លួន​គាប​សង្កត់​ទៅ​លើ​យន្តការ ឬ​ឧបករណ៍​របស់​ខ្លួន​ដូចជា​ស្ថាប័ន​តុលាការ ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​បោះឆ្នោត និង​ទៅ​លើ​កងទ័ព​ជាតិ។

មេដឹកនាំ​បែប​នេះ បើ​ទោះបី​មិន​បញ្ចេញ​ឈ្មោះ​ក៏​គេ​ដឹង​ថា​មាន​នៅ​ក្នុង​ប្រទេស​មួយ ឬ​ពីរ​ក្នុង​តំបន់​អាគ្នេយ៍​នេះ​ដែរ។ មេដឹកនាំ​ប្រទេស​នោះ​ក៏​តែងតែ​ប្រាប់​ពិភពលោក​ថា ខ្លួន​កំពុងតែ​ដើរ​លើ​បន្ទាត់​ប្រជាធិបតេយ្យ​ដែល​គេ​ថា​ជា​ប្រជាធិបតេយ្យ​បែប​ក្លែងក្លាយ។ ប៉ុន្តែ​ប្រជាធិបតេយ្យ​របស់​បុរស​ខ្លាំង​ទាំងនេះ គឺ​មាន​តែ​នៅ​ក្នុង​បក្ស​របស់​ខ្លួន និង​គ្រួសារ​របស់​ខ្លួន​តែប៉ុណ្ណោះ គឺ​មាន​ន័យ​ថា គាត់​ផ្ដល់​សិទ្ធិ​ផ្ដល់​ផលប្រយោជន៍​ទៅ​ឱ្យ​តែ​បក្សពួក​របស់​ខ្លួន​តែប៉ុណ្ណោះ ហើយ​មធ្យោបាយ​ដែល​គាត់​កម្ទេច​គេ គឺ​គ្មាន​អ្វី​ក្រៅពី​ចោទ​គេ​ថា​មាន​បទឧក្រិដ្ឋ​នេះ ឬ​បទឧក្រិដ្ឋ​នោះ​តែប៉ុណ្ណោះ។

ត្រឡប់​ទៅ​រក​ប្រទេស​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​វិញ គឺ​អំពើ​ទុច្ចរិត​ទាំងអស់​នេះ គេ​មិន​យក​គំនិត​ទៅ​ពិចារណា​នោះ​ទេ ព្រោះ​គេ​ថា​អំណាច​បុណ្យ​ស័ក្តិ តួនាទី ឬ​តំណែង​របស់​ខ្លួន គឺ​បាន​មក​ដោយ​ឆន្ទៈ​របស់​ពលរដ្ឋ មិនមែន​ទេវតា ឬ​ព្រះឥន្ទ្រ​ប្រទាន​ឲ្យ​នោះ​ទេ។ ដូចនេះ មេដឹកនាំ​ពួក​បស្ចិម​ប្រទេស ត្រូវ​គេ​មើល​ឃើញ​ថា ងាយ​ណាស់​ក្នុង​ការ​ចុះ​ចេញពី​តំណែង គឺ​មិន​ទុក​ឱ្យ​វិបត្តិ​ប្រទេស​រ៉ាំរ៉ៃ ឬ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នោះ​ទេ។

ជាក់ស្ដែង ដំណាក់កាល​ចុងក្រោយ​នេះ មេដឹកនាំ​ប្រទេស​ជប៉ុន នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជាច្រើន​ទៀត​របស់​ប្រទេស​នេះ​មិន​ដែល​ក្រាញ​ននៀល​នឹង​អំណាច​នោះ​ទេ។

លោក អាបេ គ្រាន់តែ​មាន​ជំងឺ​នៅ​ក្នុង​ខ្លួន​ដែល​លោក​ពិបាក​ទ្រាំទ្រ​នូវ​ជំងឺ​នោះ លោក​ក៏​សម្រេច​លាលែង​ពី​តំណែង​ភ្លាម​ដោយ​មិន​ទុក​ឱ្យ​អំណាច និង​តួនាទី​ស្លាប់​ទៅ​ជាមួយ​នឹង​ជីវិត​របស់​គាត់​នោះ​ទេ។

មេដឹកនាំ​ចុងក្រោយ​មួយ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ គឺ​នាយករដ្ឋមន្ត្រី​របស់​រាជាណាចក្រ​នោះ​បាន​សម្រេច​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លាលែង​ពី​តំណែង ហើយ​រំលាយ​រដ្ឋសភា ព្រោះ​តែ​លោក​មិន​ចង់​ប្រឈមមុខ​ចំពោះ​បញ្ហា​បែកបាក់​ក្នុង​សភា និង​រាជាណាចក្រ​នោះ​ទេ។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី លោក Ismail bin Yaakob បាន​សម្រេច​លាលែង​ពី​តំណែង ហើយ​ក៏​សម្រេច​រំលាយ​រដ្ឋសភា​ដើម្បី​ធ្វើការ​បោះឆ្នោត​សភា​មុន​អាណត្តិ នៅ​ខែ​វិច្ឆិកា នៅ​ឆ្នាំ​២០២២ នេះ។

នាយករដ្ឋមន្ត្រី​វ័យ​ត្រឹមតែ ៦២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​នៅ​ក្នុង​តំបន់​ហៅថា​ជា​មេដឹកនាំ​ចិត្ត​សឿង មិន​យក​អំណាច​ជា​នាយករដ្ឋមន្ត្រី​ទុក​ជា​កេរដំណែល​របស់​ខ្លួន​អស់​មួយ​ជីវិត​នោះ​ទេ។

ឥឡូវ​នេះ ម៉ាឡេស៊ី​នឹង​ធ្វើការ​បោះឆ្នោត​សភា​មុន​អាណត្តិ​នៅ​ខែ​វិច្ឆិកា។ ឥស្សរជន​នយោបាយ​ជាច្រើន​ដែល​មាន​ទាំង​មេ​បក្ស​ប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផង ក៏​ត្រូវ​បាន​ប្រជាជន​ម៉ាឡេស៊ី​សម្លឹង​មើល​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែរ។ មេ​បក្ស​ប្រឆាំង​រូប​នេះ គឺជា​អ្នក​នយោបាយ​ស្អាតស្អំ ហើយ​លោក​ធ្លាប់​សច្ចា​ថា​មិន​យក​តំណែង​របស់​ជាតិ​ទៅ​ប្រើប្រាស់​ក្នុង​មធ្យោបាយ​ទុច្ចរិត​នោះ​ទេ។

នៅ​ទ្វីប​អឺរ៉ុប មេដឹកនាំ​ប្រទេស​ជាច្រើន​ក៏​បាន​លាលែង​ពី​តំណែង​ផង​ដែរ។ មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ដកហូត​ពី​តំណែង​ដោយ​សមាជិក​សភា ហើយ​គេ​សង្កេត​ឃើញ​មេដឹកនាំ​នោះ​មិន​បាន​បង្កហេតុ​បង្កើត​ព្រឹត្តិការណ៍​អូស​កាំភ្លើង​អូស​រថពាសដែក គំរាម​បង្កើត​រដ្ឋប្រហារ​នោះ​ទេ។ មេដឹកនាំ​ដូចនេះ គឺ​ចិត្ត​សឿង​សម្បើម​ណាស់​ដែល​ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ពិតប្រាកដ​ពី​ប្រជាជន​ដែល​ស្រឡាញ់​មេដឹកនាំ​បែប​នេះ។

ឥឡូវ​នេះ រឿងរ៉ាវ​ក្ដៅ​គគុក​កំពុង​កើតមាន​នៅ​លើ​ទឹកដី​នៃ​ចក្រភព​អង់គ្លេស។ រាជាណាចក្រ​នេះ​កំពុងតែ​ឈាន​ទៅ​រក​ការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់​ទៀត ព្រោះ​តែ​នាយករដ្ឋមន្ត្រី អ្នកស្រី លីស ត្រាស់ បាន​លាលែង​ពី​តំណែង​ទៅ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​តុលា បន្ទាប់ពី​អ្នកស្រី​កាន់​តំណែង​បានតែ ៦​សប្ដាហ៍​ប៉ុណ្ណោះ។

អ្នកស្រី លីស ត្រាស់ លាលែង​ពី​តំណែង​នេះ​ក្រោយពី​ប្រឈមមុខ​យ៉ាង​ខ្លាំង​ពី​គណៈរដ្ឋមន្ដ្រី ពី​សមាជិក​សភា​ដែល​ថា​អ្នកស្រី​ខកខាន​ក្នុង​ការ​គ្រប់គ្រង​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​បណ្ដោយ​ឱ្យ​សាច់ប្រាក់​អង់គ្លេស​ធ្លាក់​ក្នុង​ស្ថានភាព​អតិផរណា។ អ្នកស្រី​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ដោយ​ឈ្នះ​គូប្រកួត​ម្នាក់​របស់​ខ្លួន​យ៉ាង​ស្អាតស្អំ​បំផុត ក្នុង​ការ​បោះឆ្នោត​ផ្ទៃក្នុង​នៃ​គណបក្ស​អភិរក្ស​និយម​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

អ្នកស្រី លីស ត្រាស់ បាន​សម្រេច​ដើរ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ ព្រោះ​តែ​អ្នកស្រី​ចាត់ទុក​ថា ខ្លួន​អ្នកស្រី​ខ្វះ​ការ​គាំទ្រ​ពី​ផ្ទៃក្នុង​បក្ស និង​ខ្វះ​គោលការណ៍​ដឹកនាំ ទើប​អ្នកស្រី​បោះបង់​អំណាច​ចោល​ដោយ​គ្មាន​ស្ដាយ​ស្រណោះ​អ្វី​នោះ​ទេ។ នេះ​សម្រាប់​មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា តម្លៃ និង​កិត្តិយស​របស់​អ្នក​នយោបាយ​ដូច​អ្នកស្រី លីស ត្រាស់ មិន​ចេះ​សាបសូន្យ និង​មិន​អាក្រក់​នោះ​ទេ ដែល​មិន​ធ្វើ​ឱ្យ​ប្រជាជន​ឈឺចាប់​នោះ។

ផ្ទុយទៅវិញ ភាព​ក្លាហាន​របស់​អ្នកស្រី​ពិត​នឹង​នាំ​ឱ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ទទួលស្គាល់​ថា អ្នកស្រី​ហ៊ាន​លះបង់​អំណាច​ដូចនេះ គឺ​តែងតែ​កើតមាន​សម្រាប់​មេដឹកនាំ​ប្រជាធិបតេយ្យ ព្រោះ​វា​ផ្ទុយ​ពី​មេដឹកនាំ​ផ្ដាច់ការ​ទៅវិញ​ដែល​ចាត់ទុក​តំណែង​បុណ្យ​ស័ក្ដិ​ជា​នាយករដ្ឋមន្ត្រី ដូចជា​រង្វាន់​ទិព្វ​កើត​ចេញពី​ព្រះឥន្ទ្រ​ជប់​ឱ្យ ឬ​បាន​មកពី​ជីទួត​ជីលា​ផ្ដល់​ឱ្យ។

មេដឹកនាំ​បែប​នេះ បន្ត​ក្រាញ​អំណាច​ទៅ​មុខ​ទៀត គឺជា​ការ​បញ្ឈឺ​ចិត្ត​ប្រជាជន​ខ្លួនឯង​ផង ហើយ​ក៏​ជា​ការ​ប្រមាថ​ដល់​គោលការណ៍​នៃ​តម្លៃ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស