32.5 C
Phnom Penh

លោក ហ៊ុន សែន គ្រោង​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​តាម​ទូរស័ព្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិន​គ្មាន​ការ​ប្រែប្រួល​ទេ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន នឹង​ជួប​គ្នា​តាម​ទូរស័ព្ទ​នា​ពេល​ខាងមុខ​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ ខែ​តុលា នេះ​ថា ប្រសិន​គ្មាន​ការ​ប្រែប្រួល និង​ការ​សម្របសម្រួល​ពេលវេលា​តាម​ផ្លូវ​ការទូត​ដែល​កំពុង​ធ្វើ​នោះ​ទេ លោក​នឹង​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។

ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​បាន​បញ្ចប់​បេសកកម្ម​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​វគ្គ​ទី​មួយ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប។

លោក​បាន​លើកឡើង​ពី​ការងារ​ដ៏​មមាញឹក​របស់​លោក ដូចជា​ការ​ពិនិត្យ សម្រេច និង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ផ្សេងៗ ការងារ​ទាក់ទង​នឹង​ការ​ប្រជុំ​អាស៊ាន​ក្នុង​ឋានៈ​លោក​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ​២០២២ រួម​ជាមួយ​នឹង​ការ​ត្រៀម​ចូលរួម​ប្រជុំ G20 និង​ការ​ចូលរួម​កិច្ចប្រជុំ APEC ជាដើម។ លោក​បន្ត​ថា គម្រោង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​អ៊ុយក្រែន ក៏​ស្ថិត​ក្នុង​កាលវិភាគ​ដ៏​មមាញឹក​ផង​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អំពី​របៀបវារៈ​ដែល​ត្រូវ​លើក​យក​មក​ជជែក​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន លោក ហ្សេឡេនស្គី នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ថា​ជំនួប​របស់​លោក ហ៊ុន សែន និង​លោក ហ្សេឡេនស្គី ជា​ចំណុច​វិជ្ជមាន​ក្នុង​នាម​កម្ពុជា​ប្រធាន​អាស៊ាន​ផង និង​ក្នុង​នាម​កម្ពុជា​ដែល​ចូល​ខ្លួន​សម្ដែង​ក្តី​ព្រួយបារម្ភ​អំពី​វិបត្តិ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​យ៉ាង​ណាស់​ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ៊ុយក្រែន​ក្នុង​ការ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

លោក​បន្ត​ថា ការ​ពិចារណា​របស់​លោក ហ៊ុន សែន អាច​គិតគូរ​ដល់​ប្រទេស​ដែល​មាន​ឥទ្ធិពល​ជាង​ខ្លួន​ឈ្លានពាន​ប្រទេស​ជិតខាង ដូច​ករណី​ប្រទេស​វៀតណាម ដែល​ប្រើ​នយោបាយ​ឈ្លានពាន​កម្ពុជា​ជាប់​មិន​ដាច់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស