25 C
Phnom Penh

លោក សម រង្ស៊ី៖ របប​រាជា​និយម​នឹង​ដួល​រលំ​ទៅ​ជាមួយ​អំណាច​ផ្ដាច់ការ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស រិះគន់​ថា មហាក្សត្រ​ណា​ដែល​ចេះ​តែ​ធ្វើ​តាម​បញ្ជា​ជន​ផ្ដាច់ការ គឺ​តែងតែ​ដួល​រលំ​ជាមួយ​គ្នា​ជាមិនខាន។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា អ្វី​ដែល​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​លើកឡើង​កាលពី​ជាង ១០​ឆ្នាំ​មុន​ពី​វាសនា​ព្រះមហាក្សត្រ​អ៊ីតាលី Victor Emmanuel ទី​៣ និង​វាសនា​មហាក្សត្រ​ខ្មែរ​សព្វថ្ងៃ គឺ​ព្រះបាទ​នរោត្តម សីហមុនី ប្រហែលជា​មិន​ខុស​គ្នា​នោះ​ទេ នៅ​ពេល​ដែល​ជន​ផ្ដាច់ការ គឺ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ធ្លាក់​ពី​តំណែង​នៅ​ថ្ងៃ​ណា​មួយ។

អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​លើកឡើង​ថា សម្តេច​ព្រះ​នរោត្តម សីហនុ តែងតែ​រំឭក​ថា ព្រះមហាក្សត្រ​ណា​ដែល​ចេះ​តែ​ធ្វើ​តាម​បញ្ជា​ជន​ផ្ដាច់ការ នៅ​ទី​បញ្ចប់​នឹង​ត្រូវ​ធ្លាក់​ពី​រាជបល្ល័ង្គ នៅ​ពេល​ដែល​ជន​ផ្ដាច់ការ​ក៏​ធ្លាក់​ពី​អំណាច។ ជា​ឧទាហរណ៍​ជាក់ស្តែង គឺ​មហាក្សត្រ​ចុងក្រោយ​របស់​ប្រទេស​អ៊ីតាលី ឈ្មោះ Victor Emmanuel ទី​៣ នោះ​តែម្តង។

ស្តេច​អង្គ​នេះ​ធ្វើ​តាម​បញ្ជា​ជន​ផ្ដាច់ការ​អ៊ីតាលី ឈ្មោះ Benito Mussolini រហូត​ធ្វើ​ឱ្យ​បាត់បង់​រាជបល្ល័ង្គ​ក្រោយពី​ពលរដ្ឋ​អ៊ីតាលី បាន​បោះឆ្នោត​រំលាយ​របប​រាជា​និយម​ក្នុង​ឆ្នាំ​១៩៤៦ និង​បាន​ថ្កោលទោស​ទ្រង់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ព្រះអង្គ​គ្មាន​ភាព​ក្លាហាន មិន​ចេះ​គិត​ពី​ទុក្ខវេទនា​របស់​រាស្ត្រ ហើយ​សម្ងំ​សុខ​តែ​ម្នាក់​ឯង​នៅ​ក្នុង​រាជវាំង នៅ​ពេល​ដែល​ជន​ផ្ដាច់ការ Benito Mussolini ធ្វើ​បាប​ប្រជារាស្ត្រ​អ៊ីតាលី អស់​រយៈពេល​រាប់​សិប​ឆ្នាំ​កន្លង​មក​នោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា តាម​អ្វី​ដែល​សម្តេច​ព្រះ​នរោត្តម សីហនុ ធ្លាប់​បាន​លើកឡើង គឺ​បញ្ជាក់​បាន​ថា វាសនា​មហាក្សត្រ​ខ្មែរ​សព្វថ្ងៃ គឺ​ព្រះបាទ នរោត្តម សីហមុនី ប្រហែលជា​មិន​ខុស​ពី​វាសនា​ស្តេច​អ៊ីតាលី Victor Emmanuel ទី​៣ នោះ​ទេ នៅ​ពេល​ដែល​បុរស​ខ្លាំង​លោក ហ៊ុន សែន ធ្លាក់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​ខាងមុខ​នោះ។

ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បែប​នេះ រង​នូវ​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​មជ្ឈដ្ឋាន​ទូទៅ ដែល​គេ​ចាត់ទុក​ថា​ជា​ការ​ប្រមាថ​មើលងាយ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​បែប​នេះ មិន​មាន​ផល​ចំណេញ​សម្រាប់​នយោបាយ​ជាតិ​ទៅ​រក​ការ​ផ្សះផ្សា​ផង និង​ធ្វើ​ឱ្យ​គាត់​កាន់តែ​អស់​ឥទ្ធិពល​នយោបាយ​ការទូត​ដែល​ជា​កត្តា​សម្រាប់​ជួយ​ឱ្យ​គាត់​អាច​វិល​ទៅ​រក​ឆាក​នយោបាយ​នៅ​កម្ពុជា ដែល​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​របស់​គាត់​ផង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា តំណាង​ប្រទេស​លោក​សេរី​នឹង​មិន​គាំទ្រ​របៀប​ធ្វើ​នយោបាយ​របស់​លោក សម រង្ស៊ី បែប​នេះ​ទេ ព្រោះ​ថា​ល្បែង​នយោបាយ​របស់​គាត់ គឺ​បាន​រំលោភ​ទៅ​លើ​ប្រមុខ​រដ្ឋ​របស់​ខ្លួន ដែល​បាន​ការពារ​ដោយ​ច្បាប់​កំពូល​របស់​ប្រទេស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​លេស​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​អំណាច និង​វិធានការ​ច្បាប់​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​គាត់​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​គ្រប់​ពេលវេលា។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា បើ​លោក សម រង្ស៊ី នៅ​មាន​គំនិត​ថា​ខ្លួនឯង​ជា​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​នយោបាយ​ដើម្បី​ជាតិ ដើម្បី​ទឹកដី​បន្ត​ទៀត​នោះ គាត់​មិន​គួរ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ការ​រំលោភ​បំពាន​ច្បាប់ និង​រំលោភ​ព្រះមហាក្សត្រ​ខ្មែរ​ដូច​លោក ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ទេ។ លោក​បន្ត​ថា លោក សម រង្ស៊ី គួរតែ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ពលរដ្ឋ និង​កែប្រែ​របៀប​ដឹកនាំ​នយោបាយ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​ខ្មែរ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា នៅ​សល់​ពេល​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នឹង​ឈាន​ចូល​មក​ដល់ ដូច្នេះ​ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុង​នាំគ្នា​ប្រើ​ល្បិច​នយោបាយ​ទុច្ចរិត​រៀងៗ​ខ្លួន ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ បើ​ទោះបីជា​ទង្វើ​របស់​ពួកគេ​បាន​រំលោភ​បំពាន​លើ​ច្បាប់ ឬ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ដោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស