30 C
Phnom Penh

លោក ហ៊ុន សែន៖ ខួប​១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​ជា​ការ​រំឭក​ដល់​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​តែង​រំលោភ​បំពាន​លើ​ព្រះមហាក្សត្រ លោក ហ៊ុន សែន អះអាង​ថា ការ​រៀបចំ​ព្រះរាជ​ពិធី ១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​រំឭក​ដល់​ព្រះ​គុណូបការៈ និង​សម្ដែង​នូវ​មនោសញ្ចេតនា​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​នូវ​វីរភាព​របស់​ព្រះអង្គ ដែល​បាន​បូជា​ចំពោះ​មាតុភូមិ​កម្ពុជា​រហូត​មក។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ​គំរាម​ព្រះមហាក្សត្រ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​រៀបចំ​ពិធី​នេះ គឺ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ព្រះមហាករុណាទិគុណ​ដ៏​ធំធេង​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​ខ្មែរ សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ​កម្ពុជា ការ​កសាង​ជាតិ និង​ការ​បង្រួបបង្រួម​ជាតិ ការ​ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ​កម្ពុជា និង​ការ​រួបរួម​ដើម្បី​សន្តិភាព ឯករាជ្យ និង​កសាង​ជាតិ​ឥត​ឈប់​ឈរ​របស់​ព្រះអង្គ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចូលរួម​អបអរ​សាទរ​ព្រះរាជ​ពិធី ១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ មូលនិធិ​មុទិតា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ព្រះបរមរាជវាំង និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជាដើម បាន​នាំគ្នា​បង្កើត​នូវ​កម្មវិធី ១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​ក្នុង​ថ្ងៃ​ខួប​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ នរោត្តម សីហនុ គម្រប់​ព្រះជន្ម ១០០​ព្រះវស្សា បើ​ទោះបីជា​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​អស់​រយៈពេល ១០​ឆ្នាំ​ទៅ​ហើយ​ក្តី។

ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រសូត​នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ ដែល​ជា​ព្រះរាជបុត្រ​របស់​សម្តេច​ព្រះបាទ នរោត្តម សុរាម្រិត និង​ព្រះ​ម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សេរីវឌ្ឍនា។ ព្រះអង្គ​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ហើយ​ក្រោម​ព្រះរាជកិច្ច​ដ៏​ស្វិតស្វាញ ព្រះអង្គ​បាន​ដឹកនាំ​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៣ រហូត​ដល់​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ទើប​ព្រះអង្គ​យាង​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា បើ​ទោះបីជា​មេដឹកនាំ​បក្ស​កាន់​អំណាច​ខំ​សម្ដែង​នូវ​ការ​គោរព​ចំពោះ​ព្រះមហាក្សត្រ​ជា​សាធារណៈ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ ប៉ុន្តែ​លោក​មើល​មិនទាន់​ឃើញ​ថា លោក ហ៊ុន សែន បាន​គោរព​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ឲ្យ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នៅឡើយ​ទេ។

លោក ហ៊ុន កុសល រិះគន់​ថា មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​ធ្វើ​នយោបាយ​ឲ្យ​ជាតិ​រងគ្រោះ និង​ធ្វើ​ឱ្យ​ជាតិ​បែកបាក់​យ៉ាង​ធ្ងន់ធ្ងរ​តាមរយៈ​នយោបាយ​កម្ចាត់​ខ្មែរ​ដូច​គ្នា​ទាំង​បំពាន​ច្បាប់ និង​បំពាន​គោលការណ៍​បង្រួបបង្រួម​ជាតិ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ដឹកនាំ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ និង​ព្រះរាជ​បំណង​របស់​ព្រះអង្គ​ដែល​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ពិត​ជា​គោរព​នូវ​ការ​លះបង់​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​ប្រាកដ​មែន គាត់​គួរតែ​ប្រតិបត្តិ​តាម​គំរូ​ស្នាព្រះហស្ត​របស់​សម្ដេចព្រះ​នរោត្តម សីហនុ ដោយ​ការ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ ទម្លាក់​បទ​ចោទ​លើ​អ្នកទោស​មនសិការ​គ្រប់​រូប ជាពិសេស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អាច​ចូលរួម​សកម្មភាព​នយោបាយ​បាន​ដោយ​សេរី​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ស្នាព្រះហស្ត​របស់​សម្ដេចព្រះ នរោត្តម សីហនុ មាន​ច្រើន​រាប់​មិន​អស់ ដែល​ប្រមុខ​រដ្ឋាភិបាល​គួរ​អនុវត្ត​តាម ដូចជា​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​បារាំង​ក្នុង​ឆ្នាំ​១៩៥៣ ការ​ដឹកនាំ​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ការ​រៀបចំ​របប​ដឹកនាំ​ប្រទេស​សាជាថ្មី​ដោយ​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​បណ្តាំ​របស់​ព្រះអង្គ​នៅ​មុន​ពេល​សោយ​ទិវង្គត​ថា «ប្រជាជាតិ​ខ្មែរ​ត្រូវតែ​សាមគ្គី និង​បញ្ចប់​នូវ​វប្បធម៌​យក​ជាតិ​ឯង​ធ្វើជា​សត្រូវ» ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស