35 C
Phnom Penh

GDP ព្រមាន​ថា​ការ​បង្ក​ជម្លោះ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ការ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រហូត​យក​ព្រះមហាក្សត្រ​មក​ដាក់​ក្នុង​ជម្លោះ​របស់​ពួកគេ គឺ​ជា​ទង្វើ​ដែល​នាំ​ឱ្យ​ខូច​ដល់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​កំពុង​ជាប់​គាំង​ដោយ​វិបត្តិ​ស្អេកស្កះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ថា ស្ថានភាព​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ មិន​ស័ក្តិសម​ឱ្យ​មេដឹកនាំ​នយោបាយ​កំពូលៗ​យក​រឿង​បុគ្គល​ផ្ទាល់ខ្លួន​មក​វាយប្រហារ​គ្នា​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​នយោបាយ​ជាតិ​ឡើយ។ ជាង​នេះ​ទៀត ជម្លោះ​របស់​ពួកគេ​នៅ​ពេលនេះ​បាន​ប្រមាថ និង​រំលោភ​ទៅ​លើ​បាវចនា​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ការ​ធ្វើ​នយោបាយ​ដោយ​ប្រើ​ជម្លោះ​បុគ្គល​ផ្ទាល់ខ្លួន​មក​លាយឡំ​ជាមួយ​ការ​ដឹកនាំ​នយោបាយ​ជាតិ​សព្វថ្ងៃ​នេះ បាន​បង្ក​នូវ​ចំណុច​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា គឺ​ការ​បង្ក​ឱ្យ​មាន​ការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ​ដែល​ជា​កត្តា​ចាំបាច់​បំផុត​សម្រាប់​អ្នក​នយោបាយ​ដែល​ត្រូវតែ​ចៀសវាង​ដាច់ខាត ព្រោះ​ថា​នៅ​ពេល​ដែល​ប្រជាជាតិ​មួយ​ឈាន​ដល់​ដំណាក់កាល​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ហើយ​នោះ ប្រទេស​ជាតិ​នោះ​នឹង​ប្រឈម​ទៅ​នឹង​ការ​វិនាស​អន្តរាយ​នៅ​ពេល​អនាគត​ជាមិនខាន ដោយសារតែ​ជម្លោះ​បុគ្គល​ផ្ទាល់ខ្លួន​នេះ​តែម្តង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​គណបក្ស​របស់​លោក​មើល​ឃើញ​នូវ​ចំណុច​គ្រោះថ្នាក់​បែប​នេះ​ហើយ ទើប​លោក​អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​កម្លាំង​នយោបាយ​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត ដើម្បី​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ អ្នក​ជាតិ​និយម និង​អ្នក​ស្នេហា​ជាតិ​ផ្តុំ​គ្នា​ជា​កម្លាំង​តែ​មួយ ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កំដៅ​នយោបាយ​បង្ក​ឡើង​ដោយ​គំនុំ​បុគ្គល​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុងតែ​ផ្ទុះឡើង​យ៉ាង​ធ្ងន់ធ្ងរ ដែល​គូភាគី​ទាំង​សងខាង​មិន​អាច​អត់ឱន​ឱ្យ​គ្នា​បាន​នៅ​ពេលនេះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​ដុត​បញ្ឆេះ​កំហឹង​នយោបាយ​របស់​លោក សម រង្ស៊ី នៅ​ពេលនេះ​មាន​បំណង​តែ​មួយ​គត់ គឺ​រុញ​ឱ្យ​លោក ហ៊ុន សែន ខឹង​នឹង​គាត់​កាន់តែ​ខ្លាំង ដែល​ទំនង​ជា​មាន​បំណង​ចង់​ឱ្យ​លោក ហ៊ុន សែន រំលាយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​បង្ហាញ​អន្តរជាតិ​ឱ្យ​ឃើញ​ពី​ទង្វើ​អាក្រក់​នៃ​រដ្ឋាភិបាល​របស់​កម្ពុជា​កាន់តែ​ខ្លាំង​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​ដុត​បញ្ឆេះ​កំហឹង​គំនុំ​ផ្ទាល់ខ្លួន​ដោយ​យក​ព្រះមហាក្សត្រ​មក​ធ្វើ​ជា​ឧបករណ៍​ក្រោម​ល្បិច​ញុះញង់ ដោយ​ទាញ​ការ​ប្រៀបធៀប​ព្រះអង្គ​ថា​នឹង​មាន​វាសនា​បាត់បង់​រាជបល្ល័ង្ក​ដូច​គ្នា​ទៅ​នឹង​ស្តេច​អ៊ីតាលី Victor Emmanuel ទី​៣ ក្រោម​អំណាច​មេដឹកនាំ​ផ្ដាច់ការ​របស់​លោក Benito Mussolini នោះ គឺជា​រឿង​មិន​គួរ​ប្រព្រឹត្ត​នោះ​ឡើយ ព្រោះ​ថា​ទង្វើ​របស់​លោក សម រង្ស៊ី ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ពេលនេះ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​លោក ហ៊ុន សែន និង​មេដឹកនាំ​ផ្ដាច់ការ​អ៊ីតាលី Benito Mussolini ដែល​ពួកគេ​បាន​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​ខ្លួនឯង​រហូត​មក​នោះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​រិះគន់​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ​មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ តែ​ផ្ទុយទៅវិញ បែរ​ជា​បង្ហាញ​ពី​ទង្វើ​របស់​អ្នក​ដែល​ប្រមាថ​ព្រះអង្គ​ថា បុគ្គល​នោះ​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​ខ្មែរ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ជម្លោះ​បុគ្គល​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាន់តែ​ឆេះ​សន្ធោសន្ធៅ​ឡើងៗ​បន្ទាប់ពី​ពួកគេ​បាន​បកស្រាយ​ដណ្តើម​យក​ឈ្នះ​រៀង​ខ្លួន​ពី​ការ​សម្រេច​ក្តី​របស់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​១០ ខែ​តុលា កន្លងទៅ រហូត​ទាញ​ព្រះមហាក្សត្រ​ខ្មែរ​ឲ្យ​ចូល​ទៅ​ក្នុង​ជម្លោះ​របស់​ពួកគេ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាប់អួរ​ទៅៗ​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស