26 C
Phnom Penh

លោក ស ខេង ជំរុញ​ឱ្យ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​មុន​ទទួល​មនុស្ស​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​និង​ស្ថាប័ន​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ឲ្យ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​លើ​មនុស្ស មុន​ទទួល​យក​ពួកគេ​ចូល​បម្រើ​ការងារ ខណៈ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ខ្លាំង។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​នៃ​វិទ្យាល័យ​មួយ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ក្រុមហ៊ុន​ឯកជន និង​អ្នក​គ្រប់គ្រង​តាម​ស្ថាប័ន​រដ្ឋ​ទាំងអស់​ចាំបាច់​ត្រូវតែ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​លើ​ពួកគេ​ជា​មុន​សិន មុន​នឹង​សម្រេច​ទទួល​យក​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន និង​ស្ថាប័ន​របស់​ខ្លួន។

លោក​បន្ត​ថា ប្រសិនបើ​ធ្វើ​តេស្ដ​ហើយ​រក​ឃើញ​ពួកគេ​មាន​សារជាតិ​គ្រឿងញៀន​នៅ​ក្នុង​ខ្លួន​នោះ លោក​ថា​ដាច់ខាត​មិន​ត្រូវ​ទទួល​យក​ពួកគេ​ឲ្យ​ចូល​បម្រើ​ការងារ​ឡើយ។

លោក ស ខេង បញ្ជាក់​ថា អ្នក​ត្រូវតែ​ឆ្លងកាត់​ការ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​អំឡុង​ពេល​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ ជា​អ្នក​បើក​រថយន្ត​តាម​ក្រុមហ៊ុន​ឯកជន ជា​អ្នក​បម្រើ​ការងារ​តាម​ភោជនីយដ្ឋាន ជា​អ្នក​បម្រើ​ការងារ​តាម​សណ្ឋាគារ ជា​នគរបាល ជា​មន្ត្រី​រាជការ និង​ជា​គ្រូបង្រៀន ជាដើម។ ចំណែក​អ្នក​បើក​រថយន្ត​ក្រុមហ៊ុន​ឯកជន​វិញ លោក​ថា​មិន​ត្រូវ​ធ្វើ​តេស្ដ​តែ​ពេល​ដាក់​ពាក្យ​សុំ​បម្រើ​ការងារ​នោះ​ទេ ដោយ​ថា​ពួកគេ​ត្រូវ​ធ្វើ​តេស្ដ​ជាប់​ជានិច្ច​តាម​កាលកំណត់​ក្រោយពី​ពួកគេ​បាន​ចូល​បម្រើ​ការងារ។

លោក​បន្ត​ថា ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ដើម្បី​បញ្ចូល​ចំណុច​អំពី​ការ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​លើ​មនុស្ស​ទាំងអស់​ដែល​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​រដ្ឋ ឬ​ការងារ​ក្រុមហ៊ុន​ឯកជន។

លោក ស ខេង ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ រៀបចំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយ​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ​ដើម្បី​ទប់ស្កាត់​គ្រឿងញៀន និង​អាច​ការពារ​កូន​ខ្មែរ​កុំ​ឲ្យ​ផុង​ខ្លួន​ក្នុង​គ្រឿងញៀន។

កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ លោក ស ខេង ថ្លែង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ដែល​ជន​ខិលខូច​លួច​ប្រព្រឹត្ត​អំពើ​ល្មើស​គ្រឿងញៀន។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​បទល្មើស​នេះ​ឱ្យ​បាន​ជោគជ័យ ខណៈ​វិបត្តិ​គ្រឿងញៀន​នេះ​ក៏​ឫសគល់​ដែល​នាំ​ឲ្យ​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​រហូត​ដល់​សព្វថ្ងៃ​ដែរ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ថា​កម្ពុជា​គឺជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស