31 C
Phnom Penh

នាយករដ្ឋមន្ត្រី​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​០៤ ខែ​វិច្ឆិកា នេះ ប្រកាស​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន​នៅ​ថ្ងៃទី​៨ និង​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម ដែល​ធ្លាប់​មាន​គុណ​លើ​លោក ហ៊ុន សែន នៅ​ពេលនេះ ធ្វើឡើង​ចំ​ពេល​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​កំណត់​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-វៀតណាម ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ទំនាក់ទំនង​កម្ពុជា-វៀតណាម ចាប់តាំងពី​ឆ្នាំ​១៩៨៥ ដែល​កងទ័ព​វៀតណាម បាន​លើក​បន្តុប​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន មក រាល់​ជំនួប​ទាំងអស់​គ្មាន​អ្វី​ក្រៅ​ការ​ចរចា និង​រក​ល្បិច​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ឈ្លានពាន​កម្ពុជា​នោះ​ទេ ខណៈ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ក៏​មិន​ដែល​បដិសេធ​រាល់​សំណើ​ក្នុង​ចេតនា​ឈ្លានពាន​របស់​មេដឹកនាំ​វៀតណាម នោះ​ដែរ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ទាំងស្រុង។

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូនដំណឹង​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ។

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន នឹង​ឆ្លៀត​ឱកាស​ជំរុញ​ឱ្យ​បុរស​ខ្លាំង លោក ហ៊ុន សែន ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ទៅ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ហើយ​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា មាន​រឿង​សំខាន់​៣ ដែល​មេដឹកនាំ​វៀតណាម​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​ក្នុង​ជំនួប​ទ្វេភាគី​ខាងមុខ​នេះ គឺ៖

  1. រឿង​បោះ​បង្គោល​ព្រំដែន
  2. រឿង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់
  3. និង​រឿង​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នៅ​ពេលនេះ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ជា​លក្ខណៈ​ទ្វេភាគី ក៏​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ដែរ ដូច្នេះ​វៀតណាម​ត្រូវតែ​បង្ខំ​ឱ្យ​កម្ពុជា​អនុវត្ត​ឱ្យ​បាន​ឆាប់​ចប់​សព្វគ្រប់ ចំណែក​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម គឺជា​ជំហាន​ដំបូង។

លោក​បន្ត​ថា ដំណាក់កាល​ចុងក្រោយ វៀតណាម​ទាមទារ​ឱ្យ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​កម្ពុជា ទទួល​បាន​សញ្ជាតិ​ខ្មែរ​រស់នៅ​ដោយ​ស្រប​ច្បាប់​ទាំងអស់​ទៅ​ថ្ងៃ​មុខ ខណៈ​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ឱ្យ​បាន ដើម្បី​បន្សាំ​សតិអារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ផង និង​ដើម្បី​ពង្រីក​ភាសា​វៀតណាម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ពលរដ្ឋ​វៀតណាម​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ផង។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ ទៅ​ជួប​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​នៅ​មុន​កិច្ចប្រជុំ​អាស៊ាន​នៅ​ពេលនេះ គឺ​ដើម្បី​រំឭក និង​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បន្ត​ទៀត​ជុំវិញ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ជា​លក្ខណៈ​ទ្វេភាគី​នានា មុន​កម្ពុជា​ត្រូវ​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស