29 C
Phnom Penh

កូដករ​ណាហ្គា​ប្ដេជ្ញា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ខណៈ​អាជ្ញាធរ​ព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) បង្ហាញ​ជំហរ​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន បើ​ទោះបីជា​រង​នូវ​ការ​គំរាម​កំហែង និង​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ក្រោម​ហេតុផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាង​ណា​ក៏ដោយ។

កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឱ្យ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ផ្អាក​ការ​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នេះ ដោយ​ថា​ការ​តវ៉ា​របស់​កូដករ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ ខណៈ​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នេះ។

ក្នុង​ករណី​នេះ សាលា​រាជធានី​ភ្នំពេញ​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ដល់​ក្រុម​អ្នក​តវ៉ា ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ប្រមូលផ្ដុំ​ជួបជុំ​តវ៉ា ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​ផ្អាក​តវ៉ា​ទេ ពួកគេ​នឹង​ប្រឈមមុខ​តាម​ផ្លូវច្បាប់។

កូដករ​ដែល​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកស្រី សៀក បញ្ញា ចាត់ទុក​ការ​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​របស់​សាលា​រាជធានី​ភ្នំពេញ ថា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ពួកគាត់​ទៀត​ឡើយ។

អ្នកស្រី​បន្ត​ថា បើ​អាជ្ញាធរ​មិន​ចង់​ឲ្យ​កូដករ​ធ្វើ​កូដកម្ម​បន្ត​ទៀត ពួកគេ​គួរ​ជំរុញ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ជិត ២​ឆ្នាំ​មក​ហើយ ដោយ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​តំណាង​សហជីព​ទាំងអស់ ព្រមទាំង​បណ្ដឹង​ដែល​ក្រុមហ៊ុន​ប្ដឹង​កូដករ​អំឡុង​ពេល​ធ្វើ​កូដកម្ម​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ ជាជាង​ការ​ចេញ​លិខិត​កោះហៅ និង​ឱ្យ​កូដករ​ផ្អាក​ធ្វើ​កូដកម្ម​ទាំង​មិន​ទាន់​មាន​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព​សម្រាប់​ពួកគេ​ផង​នោះ។

អ្នកស្រី​បន្ត​ថា ការ​ចេញ​លិខិត​ឱ្យ​កូដករ​ផ្អាក​ធ្វើ​កូដកម្ម និង​ព្រមាន​ចាត់​វិធានការ​ច្បាប់​នេះ មិនមែន​ជា​ដំណោះស្រាយ​ឡើយ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​ទៅវិញ​ទេ។

ក្រោយពី​មាន​ការ​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​រក​ដំណោះស្រាយ​រយៈពេល​ជិត ១១​ខែ​មក​នេះ កូដករ​ជិត ១០​នាក់​ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ តាម​បណ្ដឹង​របស់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ១១​នាក់​ដែល​ជា​តំណាង​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ក្រោម​ការ​ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង​បទ «រារាំង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ-១៩»។

យ៉ាងណាក៏ដោយ ការ​ចេញ​លិខិត​ព្រមាន​វិធានការ​ច្បាប់​លើ​កូដករ​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ដែល​មាន​ការ​ចូលរួម​ពី​បណ្ដា​មេដឹកនាំ​កំពូលៗ​ក្នុង​ពិភពលោក ជាពិសេស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស