30.4 C
Phnom Penh

នាយករដ្ឋមន្ត្រី​វៀតណាម​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ដល់​រាជធានី​ភ្នំពេញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ​ជា​លើកដំបូង​នៅ​កម្ពុជា មុន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្រប​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​លោក ផាម មិញជីញ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នៅ​កម្ពុជា បើ​គិត​ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​វៀតណាម នៅ​ខែ​មេសា ឆ្នាំ​២០២១។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម​ភាគី​កម្ពុជា-វៀតណាម នឹង​ពិភាក្សា​គ្នា​ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តាម​តំបន់​សម្រាប់​ការ​ដោះស្រាយ​ជា​រួម។ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​រូប​នេះ ក៏​ស្រប​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​កំណត់​ជា «ឆ្នាំ​មិត្តភាព​កម្ពុជា-វៀតណាម» ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ក្នុង​កម្រិត​ចង្អៀត​ជា​កិច្ចប្រជុំ​ដែល​មាន​តែ​នាយករដ្ឋមន្ត្រី និង​អ្នក​បកប្រែ​ប៉ុណ្ណោះ។ បន្ទាប់​មក កិច្ចប្រជុំ​ទ្វេភាគី​កម្រិត​ទូលាយ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ។

ក្រោយ​ពេល​បញ្ចប់​កិច្ចពិភាក្សា​ការងារ​ហើយ​នោះ លោក ហ៊ុន សែន និង​លោក ផាម មិញជីញ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន ១១ មាន​ដូចជា៖

  1. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ប្រភេទ និង​បរិមាណ​យានយន្ត​ពាណិជ្ជកម្ម ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង និង​ពិធីសារ​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម សម្រាប់​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក។
  2. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​កសិកម្ម។
  3. កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។
  4. កិច្ច​អនុវត្ត​រួម​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ស្ដីពី​កិច្ចប្រតិបត្តិការ​រដ្ឋបាល​រួម​គ្នា។
  5. និង​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លងមក​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ ទៅ​ជួប​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​នៅ​មុន​កិច្ចប្រជុំ​អាស៊ាន​នៅ​ពេលនេះ គឺ​ដើម្បី​រំឭក និង​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បន្ត​ទៀត​ជុំវិញ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ជា​លក្ខណៈ​ទ្វេភាគី​នានា មុន​កម្ពុជា​ត្រូវ​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២២ នេះ។

លោក​បន្ត​ទៀត​ថា មាន​រឿង​សំខាន់​៣ ដែល​មេដឹកនាំ​វៀតណាម ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​ក្នុង​ជំនួប​ទ្វេភាគី​ខាងមុខ​នេះ គឺ៖

  1. រឿង​បោះ​បង្គោល​ព្រំដែន
  2. រឿង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់
  3. រឿង​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នៅ​ពេល​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស