27 C
Phnom Penh

លោក ហ៊ុន សែន ហៅ​លោក គឹម សុខ ថា​ជា​ក្មេង​ពាល​ដែល​ហ៊ាន​រិះគន់​ភរិយា​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​សោកស្តាយ​ដែល​ភរិយា​របស់​លោក​មិន​អាច​ចូលរួម​ទទួល​ភរិយា​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​ប្រទេស​នានា​បាន ដោយសារ​មាន​បញ្ហា​សុខភាព និង​បាន​ឌឺដង​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ដែល​បាន​រិះគន់​អំពី​បញ្ហា​នេះ​ថា​ជា​ក្មេង​ពាល​ពី​កំណើត។

បុរស​ខ្លាំង លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​ភរិយា​របស់​លោក​មិន​អាច​ចូលរួម​ទទួល​ភរិយា​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នានា​បាន ដោយសារ​បញ្ហា​សុខភាព​ទាក់ទង​នឹង​ចង្កេះ​ដែល​មិន​អាច​អង្គុយ​យូរ ចំ​ពេល​កិច្ចប្រជុំ​អាស៊ាន​នៅ​ពេលនេះ។

លោក ហ៊ុន សែន អះអាង​ថា តាំងពី​ចូលរួម​អាស៊ាន​ក្នុង​ឆ្នាំ​១៩៩៩ មក ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី មិន​ដែល​ខកខាន​ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​ម្តង​ណា​ឡើយ។ ជាង​នេះ​ទៀត រាល់​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២ ភរិយា​របស់​លោក​ក៏​បាន​បំពេញ​កិច្ចការ​យ៉ាង​ល្អ​ផង​ដែរ​ក្នុង​នាម​ជា​ភរិយា​នៃ​មេដឹកនាំ​ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនោះ។

លោក​បញ្ជាក់​ថា មិន​ត្រឹមតែ​អាស៊ាន​ទេ​ដែល​ភរិយា​របស់​លោក​ចូលរួម​អម​ដំណើរ​លោក សូម្បី​ការ​ចរចា​រក​សន្តិភាព​រវាង​ភាគី​កម្ពុជា ក៏​មាន​វត្តមាន​ភរិយា​របស់​លោក​ទៅ​ចូលរួម​ជាប់​ជានិច្ច ដែល​គេ​អាច​មើល​ឃើញ​ក្នុង​ខ្សែ​វីដេអូ​ដែល​ភរិយា​របស់​លោក​ឈរ​ពីក្រោយ​លោក​ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តាំងពី​លោក គឹម សុខ នៅ​ជា​កូនក្មេង​ម្ល៉េះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ រិះគន់​ថា ការ​ខកខាន​ចូលរួម​ទទួល​ភរិយា​មេដឹកនាំ​អាស៊ាន​នេះ គ្រាន់តែ​ជា​ការ​គេចវេះ​ដោយសារតែ​អ្នកស្រី ប៊ុន រ៉ានី អសមត្ថភាព​ក្នុង​ការ​ចូលរួម​ពិធី​នេះ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ថា ភរិយា​របស់​លោក​មាន​បញ្ហា​សុខភាព​ជុំវិញ​ជំងឺ​ឆ្អឹងខ្នង ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​អង្គុយ​យូរ​បាន ដូច្នេះ​អ្នកស្រី ប៊ុន រ៉ានី មិន​អាច​ចូលរួម​ទទួល​ភរិយា​នៃ​មេដឹកនាំ​អាស៊ាន​បាន​ទេ ដោយសារ​ស្ថិត​ក្នុង​រយៈពេល​នៃ​ការ​ព្យាបាល​នៅឡើយ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គ្រូពេទ្យ​បាន​ហាមប្រាម​មិន​ឱ្យ​ភរិយា​របស់​លោក ហ៊ុន សែន ឈរ ឬ​អង្គុយ​បាន​យូរ​នោះ​ឡើយ។

លោក​ថា ដូច្នេះ​ហើយ​ទើប​បាន​ជា​អ្នកស្រី ប៊ុន រ៉ានី មិន​អាច​ទទួល​ភ្ញៀវ​ក្នុង​ឱកាស​សំខាន់​នេះ​បាន។ លោក​បន្ថែម​ថា នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ត្បិត​មនុស្ស​លោក​តែង​មាន​ឈឺ មាន​ជា គឺជា​រឿង​ធម្មតា។ លោក​ថា អវត្តមាន​ភរិយា​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ពេល​ប្រជុំ​ធំ​បែប​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រភព​ច្បាស់ការ​នៅ​ក្នុង​ស្រុក​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខណៈ​មិន​បញ្ចេញ​ឈ្មោះ​ថា ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ពិត​ជា​មាន​បញ្ហា​ឆ្អឹងខ្នង​មែន ដោយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​គាត់​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់​ថែម​ទៀត ដូច្នេះ​ទំនង​ជា​គាត់​មិន​អាច​ចូលរួម​ពិធី​ទទួល​ភរិយា​មេដឹកនាំ​នានា​ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​បាន​ទេ។

កិច្ចប្រជុំ​កំពូល​អាស៊ាន នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ធំៗ​ជាច្រើន រួម​ទាំង​ភរិយា​នៃ​មេដឹកនាំ​ទាំងនោះ​ផង​ដែរ ដូចជា​ភរិយា​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ភរិយា​មេដឹកនាំ​អាស៊ាន​ជាច្រើន​នាក់​ផ្សេង​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស