34 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​មេដឹកនាំ​ទាំងឡាយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កែទម្រង់​កម្ពុជា ស្នើ​ដល់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំងឡាយ​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជំរុញ​ឲ្យ​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ធានា​នូវ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ទៅកាន់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ចាប់តាំងពី​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ដក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​នៃ​ការ​បោះឆ្នោត ត្រូវ​បាន​រឹតត្បិត និង​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

លោក អ៊ូ ចន្ទរ័ត្ន អះអាង​ថា ការ​បោះឆ្នោត​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា មាន​តែ​ម្តង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ការ​គ្រប់គ្រង និង​រៀបចំ​ដោយ UNTAC កាលពី​ឆ្នាំ​១៩៩៣ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​នោះ​បាន​ដក​ចេញពី​កម្ពុជា​ត្រឡប់​ទៅវិញ ការ​បោះឆ្នោត​នៅ​កម្ពុជា​បន្តបន្ទាប់​មក​ទៀត​មិន​ដែល​ត្រូវ​បាន​ធ្វើឡើង​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ម្តង​ណា​ឡើយ គឺ​មាន​តែ​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ពលរដ្ឋ​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​រូប​នេះ​លើកឡើង​ថា ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស ១៨ ផ្សេង​ទៀត​ទទួលស្គាល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវតែ​ធានា​នូវ​ការ​គោរព​សិទ្ធិមនុស្ស ការ​អនុវត្ត​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ធានា​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតប្រាកដ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​រដ្ឋ​មួយ​ដែល​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​មួយ​ថ្ងៃ សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួយ​លេខ 427 ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅតែ​ជា​ធរមាន ឬ​មាន​សុពលភាព​នៅឡើយ​សម្រាប់​ប្រទេស​ហត្ថលេខី​ទាំងអស់ ជាពិសេស​កម្ពុជា​តែម្តង មិនមែន​អស់​សុពលភាព​ដូច​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​កន្លងមក​នោះ​ទេ។

ក្នុង​សេចក្តី​សម្រេច​នោះ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ជាដើម ព្រមទាំង​បាន​កំណត់​ឱ្យ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ វិច្ឆិកា នេះ​ថា គោលបំណង​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន មក​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៅ​ពេលនេះ គឺ​កំណត់​យក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក។

លោក មុត ចន្ថា បញ្ជាក់​ថា សូម្បីតែ​ការ​ឃោសនា​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ ក៏​បាន​កំណត់​យក​សារ​នយោបាយ​ផ្ដោត​លើ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម និង​ទ្រឹស្ដី​លាប​ពណ៌​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ទល់​បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​មិន​ទាន់​មាន​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ធានា​បាន​នូវ​ការ​រៀបចំ​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស