ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) នាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទ ដើម្បីជួយធ្វើជាសាក្សីដល់កូដករពីរនាក់ដែលចូលបំភ្លឺនៅចំពោះមុខតុលាការ ក្រោយពីថៅកែណាហ្គាវើលដ៍បានប្តឹងពួកគេពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» អំឡុងធ្វើកូដកម្មដោយសន្តិវិធីនៅខាងមុខក្រុមហ៊ុន។
កូដករពីរនាក់ដែលចូលបំភ្លឺនៅតុលាការនៅថ្ងៃចន្ទនេះរួមមាន កញ្ញា សុខ ថាវុធ ចូលបំភ្លឺនៅម៉ោង ៩កន្លះព្រឹក និងអ្នកស្រី នេត ចរិយា ចូលបំភ្លឺនៅម៉ោង ២កន្លះរសៀល ក្រោមបទចោទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» ដែលប្ដឹងដោយក្រុមហ៊ុនណាហ្គាវើលដ៍។

អ្នកស្រី ម៉ម សុវឌ្ឍិន ជាកូដករណាហ្គាវើលដ៍ម្នាក់ក្នុងចំណោមកូដករផ្សេងទៀតដែលទៅប្រមូលផ្ដុំខាងមុខសាលាដំបូងរាជធានីភ្នំពេញ អះអាងថា ពួកគាត់មកនេះដើម្បីធ្វើជាសាក្សី និងជួយលើកទឹកចិត្ត ក៏ដូចជាគាំទ្រដល់កូដករដែលចូលបំភ្លឺនៅចំពោះមុខតុលាការ។ អ្នកស្រីបន្តថា ពួកគេរងគ្រោះដោយសារក្រុមហ៊ុនរំលោភសិទ្ធិ និងបញ្ឈប់ការងារ ហើយបែរជាថៅកែមកប្ដឹងពួកគាត់បន្ថែមទៀត។ ករណីនេះ អ្នកស្រីចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។
កូដករដែលបានចូលបំភ្លឺនៅថ្ងៃនេះ គឺកញ្ញា សុខ ថាវុធ ប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសួរកញ្ញាដោយបង្ហាញរូបភាពអំឡុងពេលធ្វើកូដកម្មដោយសន្តិវិធីខាងមុខក្រុមហ៊ុនណាហ្គា១។ កញ្ញាបន្តថា ពួកគាត់មិនបាន «រំលោភលំនៅឋាន ហើយបទបង្ខាំង និងឃុំឃាំងមនុស្សដោយខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស» ដូចការចោទប្រកាន់របស់ក្រុមហ៊ុនឡើយ។
មួយវិញទៀត កញ្ញាថាក្រុមហ៊ុនណាហ្គាវើលដ៍ជាបនល្បែង និងជាកន្លែងរកស៊ីដែលមិនមែនជាលំនៅឋាននោះទេ ហើយការចោទថាការធ្វើកូដកម្មរបស់ពួកគាត់កន្លងមកបានបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុននោះ គឺផ្ទុយពីការពិត ដោយសារការធ្វើកូដកម្មរបស់ពួកគាត់ដោយសន្តិវិធី ហើយស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

កញ្ញា សុខ ថាវុធ បង្ហាញការខកចិត្តដែលក្រុមហ៊ុនយកប្រព័ន្ធតុលាការមកធ្វើទុក្ខបុកម្នេញពួកគេ ប៉ុន្តែកញ្ញាថាពួកគេនឹងមិនបញ្ឈប់ការធ្វើកូដកម្មឡើយ ទោះបីក្រុមហ៊ុនប្ដឹងក្ដី ដោយសារការធ្វើកូដកម្មរបស់ពួកគេ គឺដោយសន្តិវិធី ធានាដោយច្បាប់។
គិតចាប់តាំងពីចេញធ្វើកូដកម្មជាង ១០ខែមកនេះ កូដករណាហ្គាវើលដ៍ជិត ១០នាក់ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលបំភ្លឺតាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។
កូដករដែលត្រូវក្រុមហ៊ុនប្ដឹងអំឡុងពេលធ្វើកូដកម្មដោយសន្តិវិធីនៅខាងមុខក្រុមហ៊ុន ក្នុងនោះមានឈ្មោះ សៀក បញ្ញា ជួប សោភ័ណ្ឌ សុខ ថាវុធ នេត ចរិយា ឆាន បូរ៉ា សាំង សុផល និង ម៉ម សុវឌ្ឍិន ជាដើម។
មិនមែនតែកូដករដែលកំពុងរងបណ្ដឹងនៅតុលាការពាក់ព័ន្ធនឹងវិវាទការងារនេះទេ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ១១នាក់ដែលជាតំណាងរបស់ក្រុមកូដករណាហ្គាវើលដ៍ ក៏ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារជិត ៣ខែដែរ ក្រោមការចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩»។
ក្រោយមក ថ្នាក់ដឹកនាំ និងសកម្មជនសហជីពជាង ១០នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈកូដករនៅតែបន្តចេញធ្វើកូដកម្មទាមទារដោះស្រាយវិវាទការងារដែលបានអូសបន្លាយជាង ១ឆ្នាំ ព្រមទាំងទទួលយកសហជីព និងទម្លាក់ចោលបទប្រកាន់ទាំងអស់ផងដែរ៕