លោក ហ៊ុន សែន សម្រេចចិត្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកប្រទេសវិញ ដោយខកខានមិនបានចូលរួមកិច្ចប្រជុំ G20 បន្ទាប់ពីគ្រូពេទ្យឥណ្ឌូនេស៊ីធ្វើតេស្ត និងរកឃើញថាលោកវិជ្ជមានជំងឺកូវីដ-១៩។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅដល់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១៥ វិច្ឆិកា នេះថា នៅពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី គ្រូពេទ្យបានយកសំណាករបស់លោកទៅធ្វើតេស្ដមុននឹងចូលរួមកិច្ចប្រជុំ G20 លុះព្រឹកឡើងគ្រូពេទ្យបានបញ្ជាក់ថាលោកវិជ្ជមានកូវីដ-១៩។
លោកបញ្ជាក់ថា រូបលោកមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនលោកចាប់ពីពេលណាមកនោះឡើយ ខណៈពេលចេញដំណើរពីកម្ពុជា លោកក៏បានធ្វើតេស្តរហ័សម្ដងហើយដែរ ប៉ុន្តែលទ្ធផលអវិជ្ជមាន។
លោក ហ៊ុន សែន បានអះអាងថា ដើម្បីសុវត្ថិភាពប្រតិភូដែលចូលរួមប្រជុំនោះ លោកក៏ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអមដំណើរជាមួយនោះ វិលត្រឡប់មកកម្ពុជាវិញដែរ។ ចំណែកតំណាងប្រទេសអាស៊ានវិញ លោកថាកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្ដង។
នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily ថា ប្រសិនបើលោក ហ៊ុន សែន ឆ្លងកូវីដ-១៩ នេះ បង្ហាញជាចម្ងល់ថាឆ្លងពីណា ពីប្រទេសទេសកម្ពុជាទៅ ឬនៅប្រទេសឥណ្ឌូនេស៊ី។
លោកថា បើលោក ហ៊ុន សែន ឆ្លងមេរោគនេះពីកម្ពុជាវិញ ចុះហេតុអ្វីមេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗទៀតដែលចូលរួមកិច្ចប្រជុំអាស៊ានជាមួយលោក ហ៊ុន សែន នាពេលថ្មីៗនេះ អាចចូលរួមកិច្ចប្រជុំ G20 ទាំងដែលពួកគេក៏បានចាប់ដៃ និងស្និទ្ធស្នាលជាមួយលោក ហ៊ុន សែន ដែរនោះ។
លោកយល់ថា ការប្រកាសរបស់លោក ហ៊ុន សែន អាចទំនងជាកិច្ចប្រជុំ G20 ជាកិច្ចប្រជុំបិទទ្វារ ដោយមិនអនុញ្ញាតឲ្យលោកចូលរួម ដូច្នេះដើម្បីកុំឱ្យខ្មាសគេ ទើបលោកប្រកាសថាឆ្លងកូវីដ-១៩តែម្តងទៅ។

កិច្ចប្រជុំ G20 ឬ Group of Twenty គឺជាវេទិកាអន្តរជាតិដ៏ធំមួយដែលប្រមូលផ្ដុំទៅដោយប្រទេសសេដ្ឋកិច្ចជឿនលឿនជាច្រើន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍសំខាន់ៗនៅលើពិភពលោក។ ការដែលមិនបានចូលរួមប្រជុំរបស់កម្ពុជានៅក្នុងវេទិកាដ៏សំខាន់នេះ ក៏ដូចជាកិច្ចសន្ទនា APEC ត្រូវអ្នកតាមដានសង្គម និងនយោបាយកម្ពុជាមើលឃើញថា ពិតជាគួរឲ្យសោកស្តាយយ៉ាងខ្លាំងដែលកម្ពុជាបាត់បង់ឱកាសដ៏កម្រដូច្នេះ។
បើតាមគម្រោង លោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី លោក ហ៊ុន សែន គ្រោងនឹងថ្លែងបទអន្តរាគមន៍អំពីសម័យប្រជុំស្ដីពីសន្តិសុខស្បៀង និងថាមពល និងអំពីសម័យប្រជុំស្ដីពីបញ្ហាសុខភាព។
ដោយឡែកសម្រាប់កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅប្រទេសថៃ វិញ លោក ហ៊ុន សែន ក៏មានសុន្ទរកថាទាក់ទងទៅនឹង «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម» ព្រមទាំងចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ»។
ការរំខានពីកូវីដ-១៩ ទៅលើលោក ហ៊ុន សែន ពេលនេះ ធ្វើឲ្យលោកខកខានគម្រោងជំនួបសំខាន់ៗមួយចំនួន ដូចជាជួបជាមួយប្រធានាធិបតីចិន និងជួបប្រធានាធិបតីបារាំង ព្រមទាំងខកខានចូលគាល់ព្រះមហាក្សត្រថៃ ផងដែរ៕