30.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ​ករណី​ចោទ​យក​លុយ​៥​លាន​ដុល្លារ​ទៅ​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវិត​នយោបាយ​ករណី​លោក សម រង្ស៊ី ចោទ​លោក​ថា​បាន​បន្លំ​យក​លុយ ៥​លាន​ដុល្លារ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង និង​នៅ​ទ្វីប​អឺរ៉ុប។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​ការ​ចោទ​នោះ​ជា​ការពិត​មែន លោក​សុខចិត្ត​ដើរ​ចេញពី​ឆាក​នយោបាយ ប៉ុន្តែ​បើ​មិន​ពិត​វិញ លោក សម រង្ស៊ី ត្រូវ​ឈប់​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។

ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​ចោទ​ថា លោក ហ៊ុន ម៉ាណែត បាន​បន្លំ​យក​លុយ ៥​លាន​ដុល្លារ​ទិញ​ទឹកចិត្ត​ខ្មែរ​ដែល​រស់នៅ​បារាំង និង​ទ្វីប​អឺរ៉ុប ដើម្បី​ឲ្យ​ចុះចូល​បក្ស​ប្រជាជន​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៦ ប៉ុន្តែ​សកម្មភាព​លោក ហ៊ុន ម៉ាណែត មិន​បាន​សម្រេច​ដោយសារ​នគរបាល​បារាំង​ទប់ស្កាត់ ហើយ​បាន​ដក​ទឹកប្រាក់ ៥​លាន​ដុល្លារ​ទុក​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ប្រឌិត​រឿង​ដើម្បី​វាយប្រហារ​លើ​រូបលោក​ពីក្រោយ​ខ្នង ដោយសារ​លោក សម រង្ស៊ី បរាជ័យ​ក្នុង​ការ​ព្យាយាម​បំផ្លាញ​ជីវិត​នយោបាយ​ឪពុក​របស់​លោក។ លោក​បន្ត​ថា បច្ចុប្បន្ន លោក សម រង្ស៊ី និង​បក្ខពួក​ក៏​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការ​ប្រឌិត​រឿង​យក​មក​ចោទប្រកាន់ ក្នុង​គោលបំណង​ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់​លោក​ដែរ។

លោក ហ៊ុន ម៉ាណែត បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី បង្ហាញ​ភស្តុតាង​ដែល​ចោទប្រកាន់​ដោយ​ថា បើ​រឿង​នេះ​ពិតមែន លោក សម រង្ស៊ី គួរតែ​ហ៊ាន​ភ្នាល់​ជាមួយ​លោក ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​តែ​ម្តង​ទៅ តែ​ប្រសិនបើ​រឿង​នេះ​មិន​មែន​ជា​ការពិត​នោះ លោក សម រង្សី ត្រូវ​ដក​ខ្លួន​ចេញពី​សកម្មភាព​នយោបាយ​មួយ​ជីវិត​ដែរ ដោយ​ឈប់​លួច​វាយប្រហារ​លើ​រូបលោក​ពីក្រោយ​ខ្នង​ដោយ​ឥត​អៀនខ្មាស​ទៀត។

លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ទៅ​លោក សម រង្ស៊ី រក្សា​ភាព​ថ្លៃថ្នូរ​ផ្ទាល់ខ្លួន​ដើម្បី​កុំ​ឲ្យ​មហាជន​រិះគន់​ថា ខ្លួន​ជា​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​ដែរ ប៉ុន្តែ​បែរ​ជា​អន់​ចរិត។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុក​ការ​យក​រឿង​បុគ្គល​មក​វាយប្រហារ​គ្នា​រវាង​អ្នក​នយោបាយ​ចាស់​វស្សា និង​យុវជន​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ ថា​ជា​គំរូ​អាក្រក់​ដែល​មិន​គួរ​កើតមាន​ឡើង​ឡើយ។ លោក​បន្ត​ថា ការ​វាយប្រហារ​គ្នា​បែប​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​អំពី​សុជីវធម៌​ល្អ និង​របៀប​ធ្វើ​នយោបាយ​ក្នុង​នាម​ជា​បុគ្គល​ដែល​ជា​មេដឹកនាំ​ជាតិ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ។

លោក សេក សុជាតិ កត់សម្គាល់​ឃើញ​ថា ទាំង​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត ហាក់​មិន​គិត​អំពី​ផលប្រយោជន៍​ប្រទេស​ជាតិ ទើប​បាន​នាំគ្នា​យក​រឿង​ផ្ទាល់ខ្លួន និង​រឿង​គ្រួសារ​មក​វាយប្រហារ​គ្នា​ដោយ​លាយឡំ​ជាមួយ​នឹង​រឿង​ប្រទេស​ជាតិ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​នយោបាយ​បែប​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ភាព​ជា​មេដឹកនាំ​នយោបាយ​ដែល​មាន​ការ​គោរព និង​ផ្ដល់​តម្លៃ​ពី​ពលរដ្ឋ និង​សកម្មជន​ឡើយ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត​រូប​នេះ​យល់​ថា បើ​អ្នក​នយោបាយ​យក​រឿង​ផ្ទាល់ខ្លួន និង​គ្រួសារ​មក​វាយប្រហារ​គ្នា​បន្ត​ទៀត​ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា នោះ​វា​ជា​ការ​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ​តែប៉ុណ្ណោះ ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​កាន់តែ​បែកបាក់​បន្ថែម​ទៀត។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ហាក់​មិន​មាន​តម្លាភាព​ក្នុង​ការ​បង្ហាញ​ភស្តុតាង និង​សម្អាង​ត្រឹមត្រូវ​ឡើយ។ លោក​ថា វោហារ​សព្ទ​ឆ្លើយឆ្លង​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ឡើយ ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ទៅវិញ​ទេ។

លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវភាព​នយោបាយ​ម្ដង​រួច​មក​ហើយ​នៅ​ពេល​ដែល​លោក សម រង្ស៊ី រិះគន់​លោក​ថា​បាន​ទទួល​សញ្ញាបត្រ​យោធា​កម្រិត​២ ឬ​សញ្ញាបត្រ​កិត្តិយស​ពី​សាលា​បណ្ឌិតសភា​យោធា West Point ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស