35 C
Phnom Penh

បទវិភាគ៖ អាស៊ាន-អាមេរិក​ក្លាយ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ខណៈ​កម្ពុជា​បាត់បង់​GSP​និង​EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្លាមៗ​ក្រោយពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ​នឹង​ដៃគូ​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ដទៃ​ទៀត គឺ​នៅ​យប់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ផ្ដល់​ចម្លើយ និង​បង្ហាញ​ភាព​ជោគជ័យ​របស់​កម្ពុជា និង​ខ្លួន​លោក​ផ្ទាល់​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។

ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ហ៊ុន សែន បង្ហាញ​អារម្មណ៍​ថា លោក​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ផង និង​សម្រាប់​អាស៊ាន​ផង។ អ្វី​ដែល​លោក​អួត​ពី​ជោគជ័យ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ទទួល​ភ្ញៀវ​អន្តរជាតិ​នោះ គឺ​លោក ហ៊ុន សែន បាន​អួត​អំពី​ឆ្នាំ​នេះ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន បាន​នាំ​ឲ្យ​ប្រទេស​យ៉ាងតិច​ចំនួន ៧ បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​នឹង​អាស៊ាន ហើយ​ក្នុង​នោះ​ប្រទេស​ទីម័រឡេស្តេ បាន​ក្លាយ​ជា​ប្រទេស​ត្រៀម​ចូល​ជា​សមាជិក​ទី​១១ នៃ​សមាគម​អាស៊ាន។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន កាន់តែ​មាន​មោទកភាព​ទៅ​ទៀត​នោះ គឺ​នៅ​ឆ្នាំ​២០២២ នេះ យ៉ាងតិច​ប្រទេស​ធំ​ពីរ​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​នឹង​សមាគម​អាស៊ាន គឺ​អាមេរិក និង​ឥណ្ឌា។

លោក ហ៊ុន សែន ថ្លែង​ថា ជា​មោទកភាព​ណាស់​ដែល​សមាគម​អាស៊ាន​សម្រេច​យល់ព្រម​ឲ្យ​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា​ក្លាយ​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ហើយ​នេះ​ជា​ជោគជ័យ​សម្បើម​ណាស់​សម្រាប់​កម្ពុជា និង​រូបលោក​ជា​អ្នក​សម្របសម្រួល​ឲ្យ​មាន​សមិទ្ធផល​នេះ​កើតឡើង។ លោក​ថា ពាក្យ​ថា​គ្រប់​ជ្រុងជ្រោយ គឺ​អ្វីៗ​វា​មាន​ទំនាក់ទំនង​នឹង​គ្នា​គ្រប់​យ៉ាង​រវាង​អាមេរិក និង​អាស៊ាន រវាង​ឥណ្ឌា និង​អាស៊ាន លើ​គ្រប់​វិស័យ​ទាំងអស់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង​ទី​៤១ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប៉ុន្តែ​ចំណោទ​មួយ​បាន​ចោទ​សួរ​ថា តើ​កម្ពុជា​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​នៅ​ពេល​ដែល​អាមេរិក និង​អាស៊ាន​ក្លាយ​ជា​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នេះ?

បណ្ដា​ប្រទេស​នៃ​សមាគម​អាស៊ាន ប្រទេស​ខ្លះ​មាន​កម្លាំង​សេដ្ឋកិច្ច​ដ៏​ធំ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា ជាពិសេស​គឺ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ប្រទេស​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ទទួល​បាន​អត្ថប្រយោជន៍​ពី​អាមេរិក​ដ៏​ច្រើន​លើសលប់​នោះ គឺ​ប្រទេស​ដែល​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ។ ចំណែកឯ​ប្រទេស​វៀតណាម បើ​ទោះបី​ប្រកាន់​នូវ​របប​សង្គម​និយម​ក៏ដោយ ក៏​ប្រទេស​នេះ​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​យ៉ាង​សម្បើម​ពី​សហរដ្ឋ​អាមេរិក និង​ពី​សហភាព​អឺរ៉ុប​ថែម​ទៀត។

នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ដើរ​ថយ​ក្រោយ​វិញ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​បើក​លំហ​សេរីភាព​នយោបាយ គឺ​អត្ថប្រយោជន៍​កម្ពុជា​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រួម​ទាំង​ទំនាក់ទំនង​លើ​វិស័យ​ផ្សេងៗ​ទៀត រាប់​ទាំង​វិស័យ​សន្តិសុខ​ជាតិ និង​ការទូត​ក៏​ធ្លាក់​ចុះ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ដែរ។

ជាក់ស្ដែង ប្រទេស​ដែល​ទទួល​បាន​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាមេរិក និង​សហភាព​អឺរ៉ុប គឺ​វៀតណាម​ឯណោះ​ទេ​ដែល​ជា​អ្នក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម GSP ពី​អាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

ចុះ​ឯណា​ទៅ​កម្ពុជា​ដែល​លោក ហ៊ុន សែន អួត​ថា​អាស៊ាន​ក្លាយ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក? តើ​បាន​ប្រយោជន៍​អ្វី បើ​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​ក៏ដោយ វិស័យ​ធនធាន​មនុស្ស​ក៏ដោយ និង​សន្តិសុខ​ជាតិ សន្តិសុខ​តំបន់​ស្រុត​ចុះ​ទៅ​ហើយ​នោះ?

ការ​ដែល​កម្ពុជា​បាត់​ប្រព័ន្ធ GSP ដែល​ជា​ប្រព័ន្ធ​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ទីផ្សារ​កម្ពុជា​ទៅ​កាន់​អាមេរិក បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​នាំចូល​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អាមេរិក គឺ​ជាប់​ពន្ធ​ទាំងអស់។ ក្នុង​ន័យ​នេះ​ហើយ​ដែល​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មើល​ឃើញ​ថា កម្ពុជា​ខាតបង់​ប្រាក់​ចំណូល​មួយ​ឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​និយាយ​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កម្ពុជា-អាមេរិក។

តើ​កម្ពុជា និង​អាមេរិក បាន​ឈាន​ដល់​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ?

បើ​និយាយ​អំពី​ជាមួយ​សហភាព​អឺរ៉ុប​វិញ​ដែល​ជា​កម្លាំង​សេដ្ឋកិច្ច​ដ៏​ធំ​ទី​មួយ​របស់​ទីផ្សារ​កម្ពុជា​លើ​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ ក៏​កម្ពុជា​ខាតបង់​ប្រាក់​ចំណូល និង​ប្រាក់​សន្សំ​របស់​ខ្លួន​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដែរ ខណៈ​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​ពី​កម្ពុជា​ក្នុង​ប្រព័ន្ធ EBA នេះ ២០% ហើយ​បន្ថែម​លើ​នេះ ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប ក៏​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ផង​ដែរ។

ដូច​នេះ អ្វី​ដែល​លោក ហ៊ុន សែន អួតអាង​ថា​អាស៊ាន-អាមេរិក​ឈាន​ដល់​កម្រិត​នៃ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ គឺ​វា​គ្រប់​ជ្រុងជ្រោយ​តែ​ទៅ​លើ​ប្រទេស​ដែល​អាមេរិក​នៅ​រក្សា​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម និង​សហប្រតិបត្តិការ​ទូលំទូលាយ​ទ្វេភាគី​តែប៉ុណ្ណោះ។

ចំពោះ​សហភាព​អឺរ៉ុប​វិញ មក​ដល់​ពេលនេះ កម្ពុជា​កំពុងតែ​ប្រឈមមុខ​នឹង​ការ​បាត់​ពន្ធ EBA បន្ថែម​ទៀត បើ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ មិន​ឆ្លើយតប​នឹង​ការ​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាជន​កម្ពុជា និង​បក្ស​នយោបាយ​នៃ​ក្រុម​ប្រឆាំង​ទេ​នោះ។

ចំណុច​នេះ​ហើយ​ដែល​កម្ពុជា​ត្រូវ​ក្រុម​ប្រឆាំង​រិះគន់​ថា ធ្វើ​បាន​សម្រេច​នូវ​ការ​រុញ​អាស៊ាន​ទៅ​រក​ភាព​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ដៃគូ​សេដ្ឋកិច្ច​ធំៗ តែ​ខ្លួនឯង​បែរ​ជា​បាត់បង់​ឱកាស​ស្រូប​យក​កម្លាំង​សេដ្ឋកិច្ច​ពី​ប្រទេស​ធំៗ​ទាំងនោះ​ទៅវិញ។

តើ​ឯណា​ទៅ​ដែល​គេ​ថា កម្ពុជា​កំពុងតែ​ជោគជ័យ​លើ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ានសហរដ្ឋ​អាមេរិក និង​អាស៊ានសហភាព​អឺរ៉ុប?

បើ​ដូច្នេះ​មែន កម្ពុជា​មើល​ទៅ​ដូចជា​គ្រាន់តែ​ធ្វើជា​អ្នក​ដើរ​តួ​ជួយ​បង្កើន​កម្លាំង​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​មួយ​ចំនួន​នៃ​សមាគម​អាស៊ាន​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស