ប្រធានរដ្ឋសភាជាតិកម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងបីឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងការចូលរួមគាំទ្រដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ក្នុងតំបន់ព្រំដែនប្រទេសទាំងបី។
ប្រធានរដ្ឋសភាជាតិកម្ពុជា លោក ហេង សំរិន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយប្រធានរដ្ឋសភាឡាវ លោក សាយ សំភូន ភូមវិហាន និងប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ កាលពីថ្ងៃអាទិត្យ ទី២០ វិច្ឆិកា ក្នុងពិធីសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅទីក្រុងភ្នំពេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ឲ្យកាន់តែទូលំទូលាយក្នុងក្របខ័ណ្ឌសភានៃប្រទេសទាំងបីទៅថ្ងៃមុខ។
លោក ហេង សំរិន អះអាងថា ក្រៅពីចុះហត្ថលេខាលើតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កម្ពុជាក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម សំដៅពង្រឹងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបនឹងបរិបទជាក់ស្តែងផងដែរ។
តំបន់អភិវឌ្ឍន៍ត្រីកោណ ឬហៅថា CLV ត្រូវបានព្រមព្រៀងបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ក្នុងនោះមានខេត្តចំនួន១២ ដែលភាគីនីមួយៗបានដាក់ខេត្តចំនួន ៤ ដូចគ្នាបញ្ចូលក្នុងងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ក្នុងនោះខាងភាគីកម្ពុជា បានដាក់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ វិច្ឆិកា នេះថា ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍បានក្លាយជាខេត្តដែលវៀតណាម គ្រប់គ្រងទាំងស្រុងទៅហើយ ព្រោះឈ្មួញវៀតណាមដែលនៅពីក្រោយដោយរដ្ឋការក្រុងហាណូយ បានទទួលដីសម្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីរដ្ឋាភិបាលខ្មែរ។
លោកបន្តថា ក្រោយពេលដែលទទួលបានសិទ្ធិកាន់កាប់ដីសម្បទាន ពួកគេបានកាប់បំផ្លាញព្រៃឈើខ្មែរយ៉ាងអនាធិបតេយ្យ ដោយដឹកជញ្ជូនទៅវៀតណាម តាមច្រកមួយចំនួននៃខេត្តទាំងនោះ។
លោក ម៉ែន ណាត អះអាងថា ចម្ការកៅស៊ូរបស់ខ្មែរដែលមានទំហំដីរាប់ម៉ឺនហិកតារ ត្រូវបានឈ្មួញវៀតណាមគ្រប់គ្រងក្នុងខេត្តទាំងនោះ ក្រោយពីពួកគេទទួលបានសិទ្ធិកាន់កាប់រាប់សិបឆ្នាំដែលជាឱកាសសម្រាប់វៀតណាម រៀបចំឱ្យពលរដ្ឋរបស់ពួកគេទៅរស់នៅលើទឹកដីខ្មែរដោយស្របច្បាប់។ ដូច្នេះ បើកម្ពុជានៅតែបន្តកិច្ចព្រមព្រៀងលើតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ទាំងដែលខ្លួនមិនទាន់មានឯករាជ្យរឹងមាំដូចសព្វថ្ងៃនេះ កម្ពុជាប្រាកដជាប្រឈមនឹងការបាត់បង់ទឹកដីធ្ងន់ធ្ងរទៅថ្ងៃមុខ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះអំពាវនាវឱ្យមេដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាល ទម្លាក់ចោលជម្លោះបុគ្គលផ្ទាល់ខ្លួន ដោយងាកមកគិតគូរពីបញ្ហាប្រទេសជាតិវិញ ដើម្បីជួយជំរុញពលរដ្ឋ សកម្មជនសង្គមព្រៃឈើ សកម្មជនបរិស្ថាន ឱ្យពួកគេមានឱកាសសម្ដែងមតិជុំវិញហានិភ័យរបស់កម្ពុជាដែលវៀតណាមកំពុងរៀបផែនការកាន់កាប់ក្នុងពេលបច្ចុប្បន្ននេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាមចំនួនពីរ គឺក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ដែលមានមូលដ្ឋាននៅខេត្តក្រចេះ សាងសង់សាលារៀន និងបង្កើតមណ្ឌលសុខភាពសម្រាប់បុគ្គលិកកម្មករដែលបម្រើការឲ្យក្រុមហ៊ុននោះ និងជាគ្រឹះស្ថានអប់រំសម្រាប់កូនៗរបស់កម្មករទាំងនោះផងដែរ។
ទាក់ទិននឹងករណីនេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា សព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាកំពុងបើកដៃឱ្យក្រុមហ៊ុនវៀតណាមអាចកាន់កាប់ចម្ការកៅស៊ូធំៗលើទឹកដីកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីជួយសម្រួលដល់ពលរដ្ឋវៀតណាម ឱ្យអាចរស់នៅដោយខុសច្បាប់តាមតំបន់ព្រំដែន និងជួយឱ្យនិគមវៀតណាមខុសច្បាប់កាន់តែច្រើន អាចតាំងទីលំនៅលើទឹកដីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕