34.1 C
Phnom Penh

ចលនា KMD ប្រកាស​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត​ចលនា​នេះ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​ទីក្រុង​ឡងប៊ិច (Long Beach) ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ​ដែល​ខ្លួន​សម្រេច​បាន។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ហៅ​កាត់​ថា KMD ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ពិធី​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត KMD នៅ​ទីក្រុង​ឡងប៊ិច (Long Beach) ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ​ដែល​ខ្លួន​បាន​ធ្វើ​សកម្មភាព និង​សមិទ្ធផល​ដែល​ខ្លួន​សម្រេច​បាន រួម​ទាំង​លើក​ឡើង​នូវ​គម្រោង​បន្ត​សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ។

KMD បញ្ជាក់​ថា ពិធី​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ១២.៣០​នាទី​ថ្ងៃ​ត្រង់​ដល់​ម៉ោង ៤.០០​នាទី​រសៀល ដែល​ស្ថិត​អាសយដ្ឋាន 5155 E. Pacific Cast HWY, Long Beach, CA 90804។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី ចូលរួម​ពិធី​នេះ​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ចូល​ស្តាប់​ពី​សមិទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ​ដែល​ខ្លួន​បាន​ធ្វើ និង​ចូលរួម​តាមដាន​នូវ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​ថ្មី​បន្ត​ទៀត។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ដោយ​ពលរដ្ឋ​ខ្មែរ និង​តំណាង​អង្គការ​ស្ថាប័ន​បរទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ដែល​ស្នេហា​ប្រជាធិបតេយ្យ និង​ស្នេហា​យុត្តិធម៌ នៅ​ទីក្រុង​ឡងប៊ិច លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​មាន​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ជា​អ្នក​ដឹកនាំ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មាន​គោលដៅ​បង្រួម​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុង​បំណង​បង្កើន​ចលនា​អ្នក​ស្នេហា​ជាតិ​ឆ្ពោះ​ទៅ​បង្កើត​គុណធម៌​ប្រជាធិបតេយ្យ​មួយ​ដែល​អ្នក​ចូលរួម​ទាំងអស់​ធ្វើការ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​លុប​បំបាត់​នូវ​ការ​រើសអើង​នយោបាយ ឬ​ជម្លោះ​ក្នុង​ទីលាន​នយោបាយ​ខ្មែរ​ដែល​នាំ​ទៅ​រក​ការ​បែកបាក់​ជាតិ។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​ធ្វើ​សកម្មភាព​កៀរគរ​ប្រមូល​អ្នក​ចូលរួម​តាមរយៈ​នៃ​ការ​ធ្វើ​សមាជ​មហាជន​តាម​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ប្រមាណ​ជា​ជិត ១០​លើក​រួច​មក​ហើយ ដូចជា​នៅ​សហរដ្ឋ​អាមេរិក កាណាដា បារាំង អូស្ត្រាលី និង​ប្រទេស​កូរ៉េខាងត្បូង ជាដើម។

ចលនា​នេះ​បាន​ជោគជ័យ​ខ្លាំង​នូវ​ការ​ដឹកនាំ​ពលរដ្ឋ​បាតុកម្ម​តវ៉ា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខេត្ត​ខ្មែរ​ទាំង ៤ ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ហើយ​ពេលនេះ​ក៏​កំពុង​ដឹកនាំ​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ជុំវិញ​បញ្ហា​កោះ​គុត​បន្ត​ទៀត​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស