41.3 C
Phnom Penh

ចិន​និង​រុស្ស៊ី​នៅតែ​រាំង​ខ្ទប់​មិន​ឱ្យ​មាន​ដំណោះស្រាយ​ប្រឆាំង​កូរ៉េខាងជើង​ដែល​បង្ក​សង្គ្រាម​លើ​ឧបទ្វីប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ចន្ទ ទី​២១ វិច្ឆិកា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បើក​ប្រជុំ​នៃ​ថ្នាក់​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ដើម្បី​ពិនិត្យ​ដំណោះស្រាយ​មួយ​ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​កម្រិត​ថ្មី​មួយ​ទៀត​ទៅ​លើ​របប​ទីក្រុង​ព្យុងយ៉ាង នៃ​ប្រទេស​កូរ៉េខាងជើង។

យោង​តាម​សារព័ត៌មាន The New York Times បាន​ចុះផ្សាយ​ថា កិច្ចប្រជុំ​នោះ​ពុំ​បាន​ឈាន​ដល់​ការ​សម្រេច​អ្វី​មួយ​នោះ​ទេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង។ បើ​តាម​ប្រភព​ដដែល​នេះ ប្រទេស​មហាអំណាច​រុស្ស៊ី និង​ចិន បាន​បោះឆ្នោត​ជំទាស់​មិន​ឱ្យ​មាន​វិធានការ​ណា​មួយ​ប្រឆាំង​នឹង​របប​ទីក្រុង​ព្យុងយ៉ាង នោះ​ទេ។

ចិន និង​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​សិទ្ធិ​វេតូ​របស់​ពួកគេ​គឺ​មាន​អានុភាព​រាំង​ខ្ទប់​មិន​ឱ្យ​មាន​វិធានការ​ណា​មួយ​អាច​ចេញ​រួច​នោះ​ទេ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គឺ​អ្នកស្រី Linda Thomas-Greenfield បាន​ថ្កោលទោស​ភ្លាមៗ​ចំពោះ​ប្រទេស​កូរ៉េខាងជើង ដែល​គំរាម​បង្ក​ភ្នក់ភ្លើង​សង្គ្រាម​នៅ​លើ​ឧបទ្វីប ដោយ​បាញ់​គ្រាប់​មីស៊ីល​អន្តរទ្វីប​ឱ្យ​ហោះ​រំលង​ប្រទេស​ជប៉ុន ហើយ​មីស៊ីល​នោះ​វា​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សន្តិសុខ​លើ​ឧបទ្វីប។

អ្នកស្រី​បាន​ថ្លែង​ទៀត​ថា នៅ​ដំណាក់កាល​ចុងក្រោយ​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ប៉ាឡេស្ទិក ICBM ដោយ​បាញ់​បង្ក​សង្គ្រាម​តែម្ដង ហើយ​ព្រមាន​ថា​មីស៊ីល​នេះ​វា​អាច​បាញ់​ធ្លាក់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​ទៀត​ផង។

បើ​តាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​រូប​នេះ គឺ​កូរ៉េខាងជើង បាញ់​មីស៊ីល​ប៉ាឡេស្ទិក​គិត​មក​ដល់​ត្រឹម​ថ្ងៃទី​២០ ខែ​វិច្ឆិកា នេះ គឺ​ចំនួន ៦៣​គ្រាប់​ហើយ​នៅ​ឆ្នាំ​២០២២ នេះ។ អ្នកស្រី​ព្រមាន​ថា តើ​បណ្ដោយ​ឱ្យ​ប្រទេស​គឃ្លើន​មួយ​នេះ​រំលង​ច្បាប់​អង្គការ​សហប្រជាជាតិ​ដល់​ណា​ទៀត។

នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ គេ​កត់សម្គាល់​ឃើញ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ១០​លើក​មក​ហើយ ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ​ប្រឆាំង​នឹង​អនុត្តរភាព​យោធា​និយម​របស់​ប្រទេស​កូរ៉េខាងជើង តែ​ពុំ​អាច​មាន​មតិ​រួម​គ្នា​បាន​នោះ​ទេ។

បើ​តាម​ប្រភព​ព័ត៌មាន​របស់ The New York Times ប្រទេស​ធំ​ពីរ គឺ​ចិន និង​រុស្ស៊ី បាន​ធ្វើ​សេចក្ដី​សម្រេច​រាំង​ខ្ទប់​ដំណោះស្រាយ​នេះ គឺ​ញឹកញាប់​បំផុត​ដោយ​មាន​គោលដៅ​មិន​ឱ្យ​មាន​វិធានការ​ទៅ​លើ​របប​នៅ​ទីក្រុង​ព្យុងយ៉ាង នោះ​ទេ។ បើ​និយាយ​ទៅ មួយ​ឆ្នាំ​នេះ​កិច្ចប្រជុំ​ចំនួន ១០​លើក​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង គឺ​ប្រទេស​ធំ​ពីរ​នេះ​បោះឆ្នោត​ជំទាស់​ទាំង​ចំនួន ១០​លើក។

អ្នកស្រី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា រុស្ស៊ី និង​ចិន លើកឡើង​ថា​វា​ជា​ល្បែង​សង្គ្រាម​ដែល​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ជា​អ្នក​ផ្ដើម ដែល​ធ្វើ​ឱ្យ​កូរ៉េខាងជើង​បាញ់​គ្រាប់​មីស៊ីល​ដូចនេះ។ អ្នកស្រី​បាន​ថ្លែង​ថា បន្តិច​ទៀត​នៅ​ពេល​ខាងមុខ​នេះ កូរ៉េខាងជើង​នឹង​បាញ់​គ្រាប់​នុយក្លេអ៊ែរ ព្រោះ​ពេលនេះ​ទីក្រុង​ព្យុងយ៉ាង​ទទួល​បាន​ការ​គាំទ្រ​ពី​ពួក​មហាអំណាច​ទៅ​ហើយ។

ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Zhang Jun បាន​ថ្លែង​ថា ក្រុមប្រឹក្សា​សន្តិសុខ​ពុំ​អាច​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល​បាន​នោះ​ទេ ព្រោះ​ពេលនេះ​ប្រទេស​ទាំងអស់​សុទ្ធតែ​មាន​ការ​បែងចែក​បក្ស​សម្ព័ន្ធ​រួច​ទៅ​ហើយ។

គេ​កត់សម្គាល់​ឃើញ​ថា ចិន និង​រុស្ស៊ី មិន​ថា​ឡើយ​រាំង​ខ្ទប់​ចំពោះ​ដំណោះស្រាយ​ប្រឆាំង​នឹង​កូរ៉េខាងជើង​នោះ​ទេ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថ្កោលទោស​ពួក​យោធា​ភូមា ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏​ប្រទេស​ពីរ​នេះ​បោះឆ្នោត​ជំទាស់​ផង​ដែរ។

គេ​កត់សម្គាល់​ឃើញ​ទៀត​ថា នៅ​ពេល​ពិភពលោក​ភាគច្រើន​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រទេស​ចិន តែងតែ​ជំទាស់ គឺ​ជំទាស់​ទាំង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ និង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ តែ​យ៉ាងណា កូរ៉េខាងជើង​ដែល​ស្ថិត​នៅ​ក្រោម​របប​ផ្ដាច់ការ​សន្តតិវង្ស គឺជា​កូនអុក​របស់​របប​កុម្មុយនីស្ត​ចិន។

រយៈពេល​មួយ​ខែ​មក​នេះ វិថី​ទៅ​រក​សង្គ្រាម​មាន​ភាព​ផុយ​ស្រួយ​បំផុត។ ប្រទេស​កូរ៉េ​បងប្អូន​ទាំង​ពីរ​នេះ បាន​បាញ់​គ្រាប់កាំភ្លើង​ធំ​ជាច្រើន​សិប​គ្រាប់​គំរាម​គ្នា ដោយ​ពួកគេ​បាញ់​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​លឿង​ដែល​ស្ថិត​ដែនទឹក​នៃ​ប្រទេស​ទាំង​ពីរ។

ចំណែក​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ពន្ធមិត្ត​របស់​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ធ្វើ​សមយុទ្ធ​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​រួម​គ្នា​ជា​ញឹកញាប់ ឆ្លើយតប​នឹង​កូរ៉េខាងជើង​ដែល​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ធ្លាក់​ទៅ​សមុទ្រ​ជប៉ុន ដែល​ក្រុង​វ៉ាស៊ីនតោន គំរាម​បញ្ចប់​របប​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង បើ​ស្ថានការណ៍​តានតឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស