34 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដាក់​សាកល្បង​ប្រអប់​ទទួល​បណ្តឹង​ពី​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាប់ផ្តើម​រៀបចំ​ឱ្យ​មាន​ប្រអប់​បណ្តឹង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម១ មណ្ឌល​អប់រំ​កែប្រែ​ម២ ដែល​គេ​ស្គាល់​ថា​ជា​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដើម្បី​លើក​កម្ពស់​ការ​គោរព និង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់​ឃុំ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​អះអាង​ក្នុង​ពិធី​ដាក់​ប្រអប់​បណ្តឹង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​តាម​ពន្ធនាគារ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ជន​ជាប់​ឃុំ​គ្រប់​រូប​អាច​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​របស់​ខ្លួន​ដោយ​សម្ងាត់​តាមរយៈ​ប្រអប់​បណ្តឹង​នេះ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ពន្ធនាគារ ក៏ដូចជា​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដាក់​ជូន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដើម្បី​ពិនិត្យ អង្កេត និង​ដោះស្រាយ។

លោក កែវ រ៉េមី បញ្ជាក់​ថា ការ​ដាក់​ប្រអប់​បណ្ដឹង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម១ មណ្ឌល​អប់រំ​កែប្រែ​ម២ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) គឺជា​ចំណុច​ចាប់ផ្ដើម និង​ជា​គម្រោង​សាកល្បង​មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ដាក់​ប្រអប់​បណ្តឹង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​គ្រប់​បណ្តា​ពន្ធនាគារ​ទូទាំង​រាជធានី-ខេត្ត​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​មុខ។

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ដាក់​ប្រអប់​ទទួល​ពាក្យ​បណ្តឹង​នេះ​មាន​ការ​ឯកភាព​ពី​ក្រសួង​មហាផ្ទៃ ដោយ​ផ្អែក​លើ​វិធានការ​អន្តរជាតិ​ក្នុង​ការ​ការពារ​សិទ្ធិ​ជន​ជាប់​ឃុំ។

លោក​អះអាង​ថា អ្នក​ដែល​កាន់​សោ​ប្រអប់​សំបុត្រ​នេះ គឺជា​មន្ត្រី​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បើ​ទោះជា​ប្រអប់​សំបុត្រ​នេះ​ស្ថិត​ក្នុង​ទីតាំង​ពន្ធនាគារ​ក៏ដោយ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ខាង​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​ការ​ដាក់​ប្រអប់​បណ្តឹង ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ ទោះ​ពួកគេ​ត្រូវ​ជាប់​ពន្ធនាគារ​ក៏ដោយ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា ការ​អនុវត្ត​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​មាន​ប្រសិទ្ធភាព ឬ​ក៏​អត់​នោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ដើម្បី​ឱ្យ​អ្នក​ជាប់​ពន្ធនាគារ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី ឬ​ការ​រំលោភ​បំពាន​ណា​មួយ​ក្នុង​ពន្ធនាគារ លុះត្រាតែ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អាច​ធានា​នូវ​សុវត្ថិភាព​របស់​ពួកគេ គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​បន្ទាប់ពី​ការ​រាយការណ៍​របស់​ខ្លួន ប៉ុន្តែ​បើ​គ្រាន់​តែ​មាន​ប្រអប់​បណ្តឹង ហើយ​គ្មាន​នីតិវិធី​ណា​មួយ​ដើម្បី​ជួយ​ធានា​សុវត្ថិភាព​ជនរងគ្រោះ នោះ​ការ​ដាក់​ប្រអប់​បណ្តឹង​នេះ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក៏​ត្រូវ​តែ​បង្រៀន និង​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ជាប់​ឃុំ​ឱ្យ​មាន​ការ​យល់ដឹង​អំពី​នីតិវិធី​ក្នុង​ការ​រាយការណ៍​របស់​ពួកគេ​ដែរ ចៀសវាង​ការ​ច្រានចោល​នៅ​ពេល​ដែល​ជនរងគ្រោះ​រាយការណ៍ ក្រោម​ហេតុផល​ថា​គ្មាន​ភស្តុតាង និង​គ្មាន​ភាព​ជាក់លាក់​នៃ​សេចក្តី​រាយការណ៍​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់​ទឹកចិត្ត​ដល់​ជនរងគ្រោះ​ទៅវិញ។

កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ធ្លាប់​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ ក្រោយ​រក​ឃើញ​ថា​តុលាការ​កម្ពុជា​បាន​ខកខាន​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ។ ជាង​នេះ​ទៀត ចំនួន​អ្នក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​មាន​ច្រើន​ជាង ៣​ដង​នៃ​សមត្ថភាព​ដែល​ពន្ធនាគារ​ដាក់​អ្នក​ជាប់​ឃុំ​ទាំងនោះ​បាន។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ បាន​ត្អូញត្អែរ​ថា ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ជា​ហានិភ័យ​ដែល​អាច​ឈាន​ទៅ​រក​ករណី​បង្ក​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ អមនុស្សធម៌​ធ្ងន់ធ្ងរ ដោយសារតែ​កម្រិត​នៃ​ការ​ឈឺចាប់​ផ្នែក​ស្មារតី ផ្លូវចិត្ត និង​រាងកាយ​ដែល​អ្នក​ជាប់​ឃុំ​ជួប​ប្រទះ ដូចជា​កន្លែង​គេង​មាន​សភាព​ចង្អៀត​ណែន ខ្វះ​ទឹក​ស្អាត និង​អនាម័យ ខ្វះ​ខ្យល់​អាកាស​បរិសុទ្ធ និង​ការ​ថែទាំ​សុខភាព ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ធ្លាប់​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​កន្លងទៅ ឱ្យ​មាន​គណៈកម្មាធិការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ករណី​ធ្វើ​ទារុណកម្ម​នានា​នៅ​ក្នុង​ពន្ធនាគារ ដែល​ករណី​ខ្លះ​មាន​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់។ ក្រៅ​ពី​នេះ លោក​ទាមទារ​ឱ្យ​មាន​ការ​បើក​ទូលាយ ដោយ​អនុញ្ញាត​ឱ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​មាន​ភារកិច្ច​ពាក់ព័ន្ធ អាច​ចូល​ពិនិត្យ​នៅ​តាម​មន្ទីរ​ឃុំឃាំង​នានា​ផង​ដែរ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស