ក្រុមអ្នកឃ្លាំមើលរស់នៅក្រៅស្រុកថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តតាមគម្រោងលើកឡើងចំនួន «១២ខ» របស់បណ្ឌិត យ៉ង សាំងកុមារ ទទួលបានជោគជ័យ គឺបង្ហាញថាការដឹកនាំប្រទេសជាង ៤០ឆ្នាំរបស់លោក ហ៊ុន សែន គឺមិនដឹងអ្វីទាំងអស់ក្នុងការលើកស្ទួយវិស័យកសិកម្មរបស់ខ្លួន។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ វិច្ឆិកា នេះថា បើលោក ហ៊ុន សែន អនុវត្តតាមគម្រោងរបស់បណ្ឌិត យ៉ង សាំងកុមារ ទទួលបានជោគជ័យ នោះគឺមានន័យថាការដឹកនាំប្រទេសជាង ៤០ឆ្នាំរបស់គាត់ គឺមិនដឹងអ្វីទាំងអស់ក្នុងការលើកស្ទួយវិស័យកសិកម្មរបស់ខ្លួន។ លើសពីនេះ តើលោក ហ៊ុន សែន នឹងអនុវត្តនូវគម្រោងនេះទេ ប្រសិនបើវាប៉ះពាល់ដល់ផលប្រយោជន៍របស់បក្សកាន់អំណាច ឬផលប្រយោជន៍សែស្រឡាយបក្ខពួករបស់គាត់ ដែលកំពុងកេងចំណេញលើវិស័យនេះ។
ប្រធានវេទិកាពលរដ្ឋរូបនេះសម្ដែងនូវការព្រួយបារម្ភថា នៅពេលដែលបណ្ឌិត យ៉ង សាំងកុមារ ក្លាយទៅជាសមាជិកបក្សកាន់អំណាចហើយ ជួយអ្វីដល់ពលរដ្ឋមិនបាន ដោយសារគំនាបណាមួយនោះ ប៉ុន្តែបែរជំនួសមកវិញនូវសកម្មភាពការពារទង្វើអយុត្តិធម៌ដែលបានបង្កើតឡើងដោយបក្សកាន់អំណាច នោះវានឹងក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរសម្រាប់ពលរដ្ឋផង និងសម្រាប់អ្នកនយោបាយជំនាន់ក្រោយផង ដោយសារការបន្សល់នូវគំរូមិនល្អរបស់គាត់បែបនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសម្រេចចិត្តចុះចូលជាមួយបក្សកាន់អំណាចដើម្បីជួយលើកស្ទួយវិស័យកសិកម្មដល់រដ្ឋាភិបាលនៅពេលនេះ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ដែលខ្លឹមសារក្នុងលិខិតនោះបញ្ជាក់ថា ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនេះ គឺក្នុងគោលបំណងដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មឱ្យមានភាពប្រសើរឡើង។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ វិច្ឆិកា នេះថា ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តនូវលក្ខខណ្ឌទាំង ១២ខ របស់លោកឱ្យបានត្រឹមត្រូវ គឺអាចជួយកសិករបានជាង ១លានគ្រួសារឱ្យមានជីវភាពល្អប្រសើរក្នុងដំណាក់កាលដំបូង ហើយផែនការកសាងសង្វាក់ផលិតកម្មនេះ គឺត្រូវប្រើពេលរៀបចំយ៉ាងតិច ៥ឆ្នាំ ដើម្បីធានានូវការអនុវត្តឱ្យបានទូទាំងប្រទេស។
លោកបន្ថែមថា លក្ខខណ្ឌទាំង១២ ដែលលោកបានស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគឺការរៀបចំឱ្យមានសង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្កររបស់កម្ពុជា ការជួយកសិករឱ្យចំណាយថ្លៃដើមទាប ប៉ុន្តែទទួលបានផលចំណេញសមរម្យ ការជួយឱ្យរោងម៉ាស៊ីនផលិតអង្ករដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ជាដើម។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ក្រសួងត្រូវតែរៀបចំឱ្យមានសហគមន៍អ្នកផលិតនៅមូលដ្ឋានដោយមានកន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ កំណត់ស្តង់ដារគុណភាពស្រូវ និងស្តង់ដារនៃការកំណត់តម្លៃស្រូវតាមប្រភេទពូជស្រូវនីមួយៗ រៀបចំឱ្យធនាគារកសិកម្ម និងស្ថាប័នហិរញ្ញវត្ថុនានាបង្កើនទុនដល់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ ឱ្យមានលទ្ធភាពក្នុងការផលិតឱ្យកាន់តែខ្ពស់ជាងពេលបច្ចុប្បន្ន ជាដើម។
អ្នកជំនាញខាងកសិកម្មរូបនេះបញ្ជាក់ថា ក្រសួងកសិកម្មត្រូវតែដាក់ផែនការបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសកសិកម្ម រៀបចំឱ្យមានការស្រាវជ្រាវដើម្បីផលិតពូជស្រូវសុទ្ធល្អសម្រាប់កសិករ សម្របសម្រួលឱ្យមានការសហការរវាងសហគមន៍កសិករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនឈ្មួញស្រូវអង្ករ ព្រមទាំងលក្ខខណ្ឌមួយចំនួនផ្សេងទៀតដែលអាចជួយឱ្យវិស័យកសិកម្មនៅកម្ពុជាបោះជំហានទៅកាន់តែល្អប្រសើរទៅពេលអនាគត។
ជុំវិញបញ្ហានេះ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ វិច្ឆិកា នេះដែរថា គោលការណ៍ទាំង ១២ខ របស់គាត់នឹងអាចជួយកសិករខ្មែរឱ្យមានជីវភាពធូរធារ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា តើរដ្ឋាភិបាលអាចអនុវត្តបានដែរឬក៏អត់ប៉ុណ្ណោះ ជាពិសេសក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធដទៃទៀត តើពួកគេនឹងចូលរួមសហការក្នុងការអនុវត្តគម្រោងដែលគាត់បានលើកឡើងនេះដែរឬទេទៅថ្ងៃមុខ ប្រសិនបើគម្រោងនេះនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់បក្សកាន់អំណាចក្នុងលក្ខខណ្ឌណាមួយនោះ៕