31.8 C
Phnom Penh

លោក មុត ចន្ថា៖ លោក ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​លោក សម រង្ស៉ី ពី​ការ​ដឹកនាំ​បញ្ជា និង​អនុវត្ត​នយោបាយ​ជ្រុល​និយម ព្រោះ​គណបក្ស​ភ្លើង​ទៀន នៅតែ​ស្ថិត​ក្រោម​ការ​កាច់​ចង្កូត​ពី​លោក សម រង្ស៉ី ដដែល។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា នេះ​ថា ខួប​ទី​២៧​ឆ្នាំ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស សម រង្ស៉ី និង​មាន​ឈ្មោះ​ដើម​ជា​គណបក្ស​ជាតិ​ខ្មែរ ដែល​មាន​លោក សម រង្ស៉ី ជា​ស្ថាបនិក និង​ជា​ប្រធាន ហើយ​ក៏​ជា​គណបក្ស​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ថា​ជា​គណបក្ស​ដែល​អនុវត្ត​មនោគមវិជ្ជា​ជ្រុលនិយម​រហូត​មក​ដែរ។

លោក មុត ចន្ថា លើកឡើង​ថា ទោះបី​នៅ​ពេលនេះ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អាច​ទប់ស្កាត់​លោក សម រង្ស៉ី និង​អ្នក​នយោបាយ​ជំនិត​របស់​គាត់​ពី​ការ​ដឹកនាំ បញ្ជា និង​អនុវត្ត​នយោបាយ​ជ្រុលនិយម​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​នៅតែ​ស្ថិត​ក្រោម​ការ​កាច់​ចង្កូត​យ៉ាង​ណែន​ពី​លោក សម រង្ស៉ី និង​លោក អេង ឆៃអ៊ាង ដដែល និង​បាន​បន្ត​នយោបាយ​ជ្រុលនិយម​របស់​ពួកគេ​រហូត​អាច​ចាក់ឫស​យ៉ាង​ជ្រៅ​ដោយ​គ្មាន​ការ​ទប់ស្កាត់​អ្វី​ទាំងអស់។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​តាម​កម្ទេច​ក្រុម​ជ្រុលនិយម និង​សកម្មភាព​ជាក់ស្តែង​ដែល​បញ្ច្រាស​គ្នា​របស់​រដ្ឋាភិបាល​ដូច​សព្វថ្ងៃ​នេះ តើ​អាច​ដូច​ពាក្យ​ដំណាល​ថា តម​មេមាន់ ទទួលទាន​ពងមាន់​ដែរ​ឬ​ទេ ព្រោះ​ថា​ខ្លួន​តែង​អះអាង​ថា មាន​ភស្តុតាង​រឹងមាំ​អស់​ហើយ​ជុំវិញ​ទង្វើ​រំលោភ​បំពាន​ច្បាប់​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ ប៉ុន្តែ​បែរ​ជា​មិន​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ល្មើស​ទាំងនោះ​ទៅវិញ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន ប្រារព្ធ​ខួប ២៧​ឆ្នាំ​របស់​ខ្លួន​ស្រប​ពេល​បក្ស​នេះ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ក្រុម​ជ្រុលនិយម​រហូត​មក។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន បាន​រៀបចំ​ពិធី «អបអរ​សាទរ​ខួប ២៧​ឆ្នាំ​ថ្ងៃ​បង្កើត​គណបក្ស​ភ្លើង​ទៀន» នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បន្ទាប់ពី​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ជាតិ​ខ្មែរ និង​ក្រោយ​មក​បាន​ប្តូរ​ទៅ​ជា​គណបក្ស សម រង្ស៊ី ហើយ​នៅ​ចុងក្រោយ​នេះ ក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន ប៉ុន្តែ​គណបក្ស​នេះ​ត្រូវ​គេ​សង្ស័យ​ថា​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា លោក សម រង្ស៊ី គឺជា​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដ៏​ក្តៅ​គគុក ប៉ុន្តែ​ក៏​គេ​មើល​ឃើញ​ដែរ​ថា លោក សម រង្ស៊ី ក៏​ជា​អ្នក​នយោបាយ​ដ៏​ផ្អែម​ត្រជាក់ និង​ស្អិតល្មួត​ជាមួយ​លោក ហ៊ុន សែន ផង​ដែរ​ក្នុង​ការ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក បើ​ទោះបីជា​លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា «មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី» ក៏ដោយ។

ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៦ លោក សម រង្ស៊ី ធ្លាប់​បាន​សហការ​ជាមួយ​លោក ហ៊ុន សែន កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក​ជា ៥០​ភាគរយ​បូក​១ ដែល​ពួកគេ​អាច​ទទួល​បាន​ផល​ប្រយោជន៍​រៀង​ខ្លួន ក្នុង​នោះ​លោក ហ៊ុន សែន អាច​បង្កើត​រដ្ឋាភិបាល​ដោយ​មិន​ត្រូវការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូលរួម​ជាមួយ​ដើម្បី​បង្គ្រប់​សំឡេង ២​ភាគ​៣ ចំណែក​លោក សម រង្ស៊ី ក៏​មាន​ឱកាស​កម្ចាត់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញពី​ឆាក​នយោបាយ​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន​ដែល​គេ​អះអាង​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ នឹង​ជួយ​ឲ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ដោយ​ស្រប​ច្បាប់​ម្តង​ទៀត​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត ក្នុង​នោះ​គណបក្ស​ភ្លើង​ទៀន​នឹង​ទទួល​បាន​កៅអី​ខ្លះ​ក្នុង​រដ្ឋសភា ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​គណបក្ស​ចម្រុះ​ក្នុង​សភា​ជាតិ មិនមែន​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស