33 C
Phnom Penh

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​និង​អាមេរិក​ជួប​គ្នា​ក្នុង​ស្ថានភាព​ទុកចិត្ត​គ្នា តែ​ចិន​ខក​ចិត្ត​ជា​ខ្លាំង​នឹង​អ្នកស្រី កាម៉ាឡា ហារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក និង​ចិន​ផង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បិទ​បញ្ចប់​ដោយ​បន្សល់​ទុក​នូវ​ការ​ទុកចិត្ត​គ្នា និង​ដោយ​ន័យ​ស្ថាបនា។

កិច្ចប្រជុំ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​ធ្វើ​ជា​អ្នក​រៀបចំ​ទទួល ឬ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នា​ឆ្នាំ​នេះ រួម​មាន​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-បូក​លើក​ទី​៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ប្រទេស​ដែល​ត្រូវ​មក​ចូលរួម​ប្រជុំ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ចំនួន ៨​ប្រទេស រួម​មាន​ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់ និង​សហរដ្ឋ​អាមេរិក។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា កិច្ចប្រជុំ​អសាធារណៈ​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នឹង​ផ្ដោត​ជា​សំខាន់​លើ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​ភាព​សុខដុម។

ចំណែកឯ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក និង​ចិន ក៏​មក​ចូលរួម​កិច្ចប្រជុំ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក​ឧត្តមសេនីយ៍ Lloyd Austin បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​គ្នា​ក្នុង​អំឡុង​មាន​វិបត្តិ​កើតឡើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

នៅ​ក្នុង​ការ​ជួប​ទល់​មុខ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក​ឧត្ដមសេនីយ៍ Wei Fenghe ក៏​បាន​លើកឡើង​ផង​ដែរ​ពី​ការ​បារម្ភ​អំពី​ការ​ទង្គិច​គ្នា​ណា​មួយ​អាច​កើតឡើង ទាំង​នៅ​លើ​លំហ​អាកាស និង​ដែន​សមុទ្រ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ដែនសមុទ្រ​ចិន​ខាងត្បូង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្នុង​ជំនួប​ដែល​មាន​រយៈពេល ៩០​នាទី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​មន្ត្រី​អាមេរិកាំង​មួយ​រូប​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ទាំង​ពីរ​មក​ចុះផ្សាយ​ថា ជំនួប​ទ្វេភាគី​នេះ​គឺ​ប្រកប​ដោយ​ភាព​ស្ថាបនា។

នេះ​ជា​កិច្ចប្រជុំ​លើក​ទី​១ នៃ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោកស្រី Nancy Pelosi ទៅ​កោះ​តៃវ៉ាន់ កាលពី​ដើម​ខែ​សីហា កន្លងទៅ ដែល​បាន​ធ្វើ​ឱ្យ​ចិន​ផ្ទុះ​ប្រតិកម្ម​ជា​ខ្លាំង ព្រោះ​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ខេត្ត​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​ប្រឆាំង​រាល់​ទស្សនកិច្ច​ណា​មួយ​នៃ​មន្ត្រី​កំពូលៗ​អាមេរិកាំង និង​ប្រទេស​ដទៃ​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក​ឧត្តមសេនីយ៍ត្រី Pat Ryder បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ក្រោយ​ជំនួប​ប្រជុំ​នោះ​ថា លោក Austin បាន​ពិភាក្សា​អំពី​សារសំខាន់​នៃ​ការ​សន្ទនា​ប្រកប​ដោយ​ខ្លឹមសារ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ខាង​យុទ្ធសាស្ត្រ​ដែល​មាន​គ្រោះថ្នាក់ និង​លើក​កម្ពស់​ប្រតិបត្តិការ​ដែល​មាន​សុវត្ថិភាព តែ​សម​ភាគី​ចិន​នៅតែ​រំឭក​កុំ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដោយ​កម្លាំង​ទ័ព​ដាក់​គ្នា ទោះ​ជា​នៅ​តំបន់​ណា​ក៏ដោយ ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន Wei Fenghe ស្នើ​កាត់បន្ថយ​ឲ្យ​បាន​ជា​អតិបរិមា។

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ថា សហគមន៍​អន្តរជាតិ​បាន​លើក​មតិយោបល់​ដ៏​ត្រឹមត្រូវ​អំពី​ទំនាក់ទំនង​ចិន-សហរដ្ឋ​អាមេរិក។ លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ ចំណែកឯ​ការ​ប្រឈមមុខ​ដាក់​គ្នា នឹង​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​ខាតបង់​នៃ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ចិន-សហរដ្ឋ​អាមេរិក។

ជំនួប​ប្រជុំ​រវាង​ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​ចិន ធ្វើឡើង​នៅ​ក្រៅ​ជំនួប​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។

តែ​នៅ​ថ្ងៃ​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​សមភាគី​ខាង​សហរដ្ឋ​អាមេរិក​ជួប​គ្នា​ដែល​អ្នក​សង្កេតការណ៍​ថា​ជួប​គ្នា​ដោយ​ន័យ​ស្ថាបនា គឺ​នៅ​ថ្ងៃទី​២២ វិច្ឆិកា នោះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី កាម៉ាឡា ហារីស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ខាងលិច​បង្អស់​នៃ​កោះ Palawan នៃ​ដែន​ទឹក​ហ្វីលីពីន ដែល​ស្ថិត​នៅ​កៀក​បំផុត​នឹង​ប្រជុំ​កោះ Spratleys ជា​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​ទាមទារ​ច្បាម​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

ដំណើរ​ទៅ​ដល់​របស់​អ្នកស្រី កាម៉ាឡា ហារីស នេះ បាន​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន ហ្វឺឌីណាន់ បុងបុង រ៉ូមូអាលដែស ម៉ាកូស ជូនីញ័ (Ferdinand Bongbong Romualdez Marcos Jr.) នៅ​ថ្ងៃ​ចន្ទ នា​ទីក្រុង​ម៉ានីល ដោយ​ប្ដេជ្ញា​ថា ប្រទេស​ទាំង​ពីរ​ឈរ​ជាមួយ​គ្នា​ដើម្បី​ការពារ​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ដែល​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ថា​នឹង​ការពារ​ហ្វីលីពីន ប្រសិនបើ​នាវា ឬ​យន្តហោះ​ហ្វីលីពីន រង​ការ​វាយប្រហារ​ពី​សំណាក់​ប្រទេស​ចិន។

អ្នកស្រី កាម៉ាឡា ហារីស គឺជា​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​ដំបូង​គេ​ហើយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ Palawan ប្រទេស​ហ្វីលីពីន ដែល​ស្ថិត​ក្នុង​តំបន់​ជម្លោះ​ជាមួយ​នឹង​ចិន។ តំបន់​នោះ គឺជា​ប្រជុំ​កោះ​ថ្ម​ប៉ប្រះ​ទឹក ស្ថិត​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​បាន​អះអាង​ថា​ជា​កម្មសិទ្ធិ​ខ្លួន ហើយ​ក្រុង​ប៉េកាំង កំពុងតែ​ចាក់​ដី​ស្ថាបនា​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ទីនោះ។

នៅ​លើ​កោះ​នោះ អ្នកស្រី​បាន​ថ្លែង​សុន្ទរកថា​អំពី​សារសំខាន់​នៃ​វិធាន​ច្បាប់​អន្តរជាតិ ការ​ធ្វើ​ជំនួញ​ដោយ​ស្រប​ច្បាប់ ព្រមទាំង​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ​ផ្លូវ​សមុទ្រ។

តែ​វត្តមាន​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​នាំ​ឲ្យ​ចិន​សម្ដែង​ប្រតិកម្ម។ កាសែត​ចិន Global Times បាន​ចុះផ្សាយ​ដោយ​បាន​ហៅ​អ្នកស្រី កាម៉ាឡា ហារីស ថា​កំពុងតែ​ដុត​ភ្លើង​បង្ក​រឿង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស