41.3 C
Phnom Penh

អតីត​តំណាងរាស្ត្រ CNRP មណ្ឌល​ភ្នំពេញ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ដាំ សិទ្ធិ ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​ទទួល​យល់ព្រម​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច។

អតីត​អ្នក​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ដាំ សិទ្ធិ បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​ដៃ​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្នើ​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដើម្បី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ពេលនេះ​តទៅ ដោយសារតែ​លោក​មើល​ឃើញ​នូវ​គោល​នយោបាយ​ដ៏​ល្អ​ត្រឹមត្រូវ​ដែល​លោក ហ៊ុន សែន កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​របស់​លោក​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ មិនមែន​ដោយសារ​ការ​បង្ខិតបង្ខំ ឬ​ការ​គំរាមកំហែង​ណា​មួយ​នោះ​ទេ គឺ​ដោយសារតែ​លោក​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើកឡើង​តាម​បណ្ដាញ​តេឡេក្រាម​កាលពី​ថ្ងៃ​ចន្ទ ទី​២៨ វិច្ឆិកា ជុំវិញ​ការ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ដាំ សិទ្ធិ ថា​ទីណា​មាន​ទឹក​ត្រជាក់ ទីនោះ​គឺ​មាន​ត្រី​កុំ។ លោក​បន្ថែម​ថា មាន​តែ​រួម​រស់​ជាមួយ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ ទើប​ពួកគេ​មាន​អនាគត​ភ្លឺស្វាង​ទៅ​ថ្ងៃ​អនាគត។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា នេះ​ថា អ្នក​នយោបាយ​អាច​បង្កើត​បក្ស​ថ្មី ឬ​ចុះ​ចូល​បក្ស​ណា​មួយ​ជា​សិទ្ធិ និង​ឆន្ទៈ​របស់​ពួកគេ ប៉ុន្តែ​មិនមែន​ទាល់​តែ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គ្នា​ទើប​អាច​ធ្វើការ​ក្នុង​លក្ខខណ្ឌ​រួម​បាន​នោះ​ទេ ជាពិសេស​រដ្ឋាភិបាល​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ គួរ​បើក​ចំហ​ទទួល​យក​គ្រប់​មតិ​ដើម្បី​ដោះស្រាយ និង​បម្រើ​ផល​ប្រយោជន៍​ជាតិ មិន​ចាំបាច់​ទាល់តែ​គេ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ខ្លួន​នោះ​ឡើយ។

អ្នកស្រី ចក់ សុភាព ថា​ជាក់ស្តែង បញ្ហា​វិវាទ​ការងារ​តូច​មួយ​បាន​កើតឡើង​ក្នុង​កណ្តាល​ទីក្រុង​ជាប់​សភា​ជាតិ​ផង ដែល​អ្នកស្រី​សំដៅ​ដល់​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​ត្រូវ​អូស​បន្លាយ​គ្មាន​ដំណោះស្រាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ស្ត្រី​ជាច្រើន រួម​ទាំង​តំណាង​សហជីព​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ ចាប់​ខ្លួន​ទាំង​កំរោល​ម្តង​ហើយ​ម្តង​ទៀត។

អ្នកស្រី ចក់ សុភាព លើក​ជា​សំណួរ​ថា តើ​ទាល់តែ​ពួកគាត់​ត្រូវ​ចេញ​លិខិត​សុំ​ចូលរួម​ជីវភាព​នយោបាយ ឬ​បង្ហាញ​ថា​ខ្លួន​គាំទ្រ​គណបក្ស​កាន់​អំណាច​ដែរ​ឬ ទើប​ពួកគេ​លែង​ត្រូវ​បាន​ចាប់​ខ្លួន ឬ​យ៉ាង​ណា?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស